ភ្នំពេញ៖ ក្រុមហ៊ុន Jiangxi Provincial Building Material Group., Ltd. ទស្សនកិច្ចនៅកម្ពុជា ដើម្បីសិក្សាស្វែងយល់បន្ថែមអំពីបរិស្ថានវិនិយោគនៅកម្ពុជា ពិសេស ការគិតគូរពីគម្រោងបង្កើតរោងចក្រផលិតស៊ីម៉ងត៍នៅកម្ពុជា។ បើតាមជំនួប មន្រ្តីជាន់ខ្ពស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងគណៈប្រតិភូវិនិយោគចិន។
លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា រួមជាមួយសហការីបានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូវិនិយោគ ដឹកនាំដោយលោក Wensheng Chen ប្រធានក្រុមហ៊ុន Jiangxi Provincial Building Material Group., Ltd. កាលពីរសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
អគ្គលេខាធិការ បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់គណៈប្រតិភូក្នុងដំណើរទស្សនកិច្ចសិក្សាស្វែងយល់ពីបរិស្ថាន និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា។ លោក បានអធិប្បាយដោយសង្ខេបអំពីរចនាសម្ព័ន្ធ និងតួនាទីភារកិច្ចរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៩៤ ពិសេស ផ្តោតលើការជំរុញទាក់ទាញការវិនិយោគឯកជន។
បច្ចុប្បន្ន កម្ពុជាមានច្បាប់ស្តីពីវិនិយោគប្រកបដោយភាពបើកចំហ មានតម្លាភាព និងអាចប៉ាន់ប្រមាណទុកជាមុនបាន។ ជាការលើកឡើងបន្ត លោក ជា វុទ្ធី បានគូសបញ្ជាក់ថា កត្តាសុខសន្តិភាព ស្ថិរភាព នយោបាយ និងភាពអំណោយផលនៃច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងការវិនិយោគរបស់កម្ពុជា កំណើនខ្ពស់នៃរំហូរវិនិយោគចិនមកកម្ពុជា។
លោក Wensheng Chen បានថ្លែងអំណរគុណ អគ្គលេខាធិការ និងសហការី ដែលបានចំណាយពេលវេលាដ៏មមារញឹកទទួលជួបគណៈប្រតិភូក្រុមហ៊ុន ព្រមទាំងបានផ្តល់ជូននូវព័ត៌មានសំខាន់ៗ ដើម្បីជាមូលដ្ឋានសម្រាប់ក្រុមហ៊ុនពិនិត្យ និងសម្រេចបណ្តាក់ទុនវិនិយោគ។
លោក Wensheng Chen បានជម្រាបជូនអង្គប្រជុំថា ក្រុមហ៊ុន Jiangxi គឺជាក្រុមហ៊ុនវិនិយោគក្នុងវិស័យផលិតស៊ីម៉ងត៍នៅចិន ហើយគោលបំណងនៃដំណើរទស្សនកិច្ចនៅកម្ពុជានាពេលនេះគឺដើម្បីសិក្សាស្វែងយល់បន្ថែមអំពីបរិស្ថានវិនិយោគនៅកម្ពុជា។
លោក បានគូសបញ្ជាក់ថា ពិសេស ការគិតគូរពីគម្រោងបង្កើតរោងចក្រផលិតស៊ីម៉ងត៍នៅកម្ពុជា។ លោក បានបន្ថែមថា លោកនិងគណៈប្រតិភូ មានការរំភើបចំពោះការរីកចម្រើនដ៏ឆាប់រហ័សរបស់កម្ពុជាបច្ចុប្បន្ន និងបានបង្ហាញពីការជឿជាក់លើដំណើរអភិវឌ្ឍដ៏ត្រឹមត្រូវរបស់កម្ពុជា។
អគ្គលេខាធិការ បានសម្តែងនូវការអបអរសាទរចំពោះគម្រោងវិនិយោគបង្កើត រោងចក្រផលិតស៊ីម៉ងត៍នៅកម្ពុជា ដែលនឹងចូលរួមចំណែកជំរុញការអភិវឌ្ឍឧស្សាហកម្មកម្ពុជា ពិសេស វិស័យសំណង់និងបានស្នើឱ្យក្រុមហ៊ុនត្រូវមានការគិតគូរពីការចូលរួមកាត់បន្ថយការបំពុលបរិស្ថានជាអតិបរមា តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាទំនើប ក៏ដូចជាការប្រើប្រាស់ថាមពលស្អាត៕
ដោយ៖ មឿន ឌីណា (Moeun Dyna)