Register Already an agent ? Login

ក្រសួងអភិវឌ្ឍន៍ជនបទ គ្រោងសាងសង់ទ្បើងវិញផ្លូវជនបទខេត្តកំពង់ធំជិត ២៧គីឡូម៉ែត្រ ជាDBST ឬបេតុង

កំពង់ធំ៖ ក្រសួងអភិវឌ្ឍន៍ជនបទ គ្រោងសាងសង់ផ្លូវជនបទ ២ខ្សែទ្បើងវិញ ប្រវែងសរុប ២៦,៩គីឡូម៉ែត្រ ជាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ឬបេតុង ទៅតាមស្ថានភាពជាក់ស្ដែងដែលរងផលប៉ះពាល់។ បើតាមកិច្ចប្រជុំដំណើរការអនុវត្តគម្រោងនេះ។

លោក ផូ ផារិទ្ធ រដ្ឋលេខាធិការ និងជានាយកគម្រោង តំណាងរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ លោក លឹម អ៊ីវ អនុរដ្ឋលេខាធិការ និងជាប្រធានគ្រប់គ្រងគម្រោង ព្រមទាំងមានតំណាងក្រុមការងារ នៃធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី(AIIB) បានដឹកនាំកិច្ចប្រជុំស្តីពីកិច្ចដំណើរការអនុវត្តគម្រោង និងបទបង្ហាញអាទិភាពខ្សែផ្លូវ សម្រាប់ដាក់បញ្ចូលក្នុងគម្រោងសាងសង់ទ្បើងវិញបន្ទាន់ផ្លូវជនបទ(ERRRP/AIIB)។

បើតាមកិច្ចប្រជុំនេះ មានការចូលរួមពី លោក តាន់ វាសនា ប្រធានមន្ទីរស្តីទី និងលោក គួង គា មន្រ្តីបច្ចេកទេសគម្រោង នៅថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០២៤ នៅសាលប្រជុំមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ។

បន្ទាប់ពីបញ្ចប់កិច្ចប្រជុំ រដ្ឋលេខាធិការ បានបន្តដឹកនាំក្រុមការងារចុះពិនិត្យខ្សែផ្លូវជាអាទិភាពផ្ទាល់ទាំង ២ខ្សែ។

គួរបញ្ចាក់ផងដែរថា ការស្តារទ្បើងវិញចំពោះខ្សែផ្លូវទាំង ២ខ្សែ គម្រោងគ្រោងនឹងស្ថាបនាទៅជាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ឬបេតុង ទៅតាមស្ថានភាពជាក់ស្ដែងដែលរងផលប៉ះពាល់។

ផ្លូវទាំង ២ខ្សែ មានប្រវែងសរុប ២៦,៩គីឡូម៉ែត្រ រួមមាន៖

-ខ្សែទី១ ផ្លូវព្រែកស្បូវ-កោះគ្របបាយ ប្រវែង ១១,៧គីឡូម៉ែត្រ ស្ថិតក្នុងសង្កាត់អូរកន្ធរក្រុងស្ទឹងសែន និងឃុំក្តីដូង ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

-ខ្សែទី២ ផ្លូវបាក់ស្រី-ទំនប់ ប្រវែង ១៥,២គីឡូម៉ែត្រ ស្ថិតក្នុងឃុំគោល និងឃុំស្រើង ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)