ភ្នំពេញ៖ ក្នុងរយៈពេល១ឆ្នាំ (ខែកញ្ញា ឆ្នាំ២០២៣ ដល់ខែសីហា ឆ្នាំ២០២៤) ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងថ្មី និងគម្រោងពង្រីកផលិតកម្មចំនួន ៣៩១គម្រោង មានទុនវិនិយោគសរុបជាង ៧,៥ពាន់លានដុល្លារ និងអាចបង្កើតការងារបានប្រមាណ ៣៤១ពាន់កន្លែង។
ក្នុងចំណោម គម្រោងវិនិយោគសរុប គម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ២៦១គម្រោង និងគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ១៣០គម្រោង។
ជារួមក្នុងរយៈពេល១ឆ្នាំនេះ ការអនុម័តគម្រោងវិនិយោគមានការកើន ឡើងចំនួន ១៦៨គម្រោង ខណៈទុនវិនិយោគមានការកើនឡើងគួរឱ្យកត់សម្គាល់ដល់ទៅប្រមាណ ៤.៦៧២លានដុល្លារ ស្មើនឹង ប្រមាណ១៦១% ធៀបនឹងរយៈពេលដូចគ្នា ១ឆ្នាំចុងក្រោយនៃរាជរដ្ឋាភិបាលនីតិកាលទី៦។
ការកើនឡើងយ៉ាងគំហុកនេះ គឺដោយសារវត្តមាននៃគម្រោងថ្មី នៅក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ, វិស័យឧស្សាហកម្ម, វិស័យទេសចរណ៍ និងគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេស។
ជាការកត់សម្គាល់ គម្រោងវិនិយោគដែលមានភាពលេចធ្លោជាងគេរួមមាន៖
ក.ក្រៅតំបន់សេដ្ឋកិច្ចពិសេស
១-គម្រោងវិនិយោគបង្កើត និងធ្វើអាជីវកម្មសណ្ឋាគារផ្កាយ៥ ចំនួន ២.៨៧០បន្ទប់ និងមជ្ឈមណ្ឌល ពាណិជ្ជកម្ម ទីតាំងស្ថិតនៅភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគប្រមាណ ៥៧៤លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៣.៨៦០កន្លែង
២-គម្រោងវិនិយោគសាងសង់វារីអគ្គិសនីស្ទឹងមេទឹក អានុភាព ១៥០MW តាមរូបភាព Build Operate Transfer (BOT) ទីតាំងស្ថិតនៅស្ទឹងមេទឹក ស្រុកមណ្ឌលសីមា ខេត្តកោះកុង ក្នុងទុន វិនិយោគជាង ៤៤០លានដុល្លារ និងអាចបង្កើតការងារបានចំនួន ២២០កន្លែង
៣-គម្រោងវិនិយោគបង្កើត និងធ្វើអាជីវកម្មមជ្ឈមណ្ឌលទិន្នន័យចំនួន២ ទីតាំងស្ថិតនៅរាជធានីភ្នំពេញ ក្នុងទុនវិនិយោគ ជាង ១៣៧លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៩៧កន្លែង។
ខ.ក្នុងតំបន់សេដ្ឋកិច្ចពិសេស
១-គម្រោងវិនិយោគបង្កើតរោងចក្រផលិតសំបកកង់រថយន្ត ទីតាំងស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេស យូ ប៊ី អ៊ុ ស្នូល ក្នុងទុនវិនិយោគជា ង៤៣០លានដុល្លារ និងអាចបង្កើតការងារបានប្រមាណ ២.០០០កន្លែង
២-គម្រោងវិនិយោគបង្កើតរោងចក្រផលិតសំបកកង់រថយន្ត ទីតាំងស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសស៊ីនបាវិត ក្នុងទុនវិនិយោគ ២៥៦លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១.៥០០កន្លែង
៣-គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មីចំនួន ៥កន្លែង ទីតាំងស្ថិតនៅខេត្តកំពង់ឆ្នាំង ស្វាយរៀង កណ្តាល ព្រះសីហនុ និងខេត្តកោះកុង ក្នុងទុនវិនិយោគប្រមាណ ៣៧៤លានដុល្លារ និងអាចបង្កើតការងារបានចំនួន ២.២៥០កន្លែង។
គួរបញ្ជាក់ផងដែរថា ក្នុងរយៈពេលពេញ១ឆ្នាំនេះ ប្រភពទុនវិនិយោគមកពីប្រទេសចិនឈរនៅ លំដាប់លេខរៀងទី១ ដោយបានរួមចំណែក ៦០,៤៤% នៃទុនវិនិយោគសរុប ខណៈ ពេលដែលការវិនិយោគក្នុងស្រុកគ្របដណ្តប់ ៣២,៣១% នៃទុនវិនិយោគសរុប៕
ដោយ៖ មឿន ឌីណា (Moeun Dyna)