កំពត៖ នៅក្នុងពិធីចែកបណ្ណកម្មសិទ្ធជូនដល់ពលរដ្ឋ ក្នុងស្រុកឈូក និងស្រុកជុំគិរី លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានថ្លែងបញ្ជាក់ថា ក្រោយពីបានពិគ្រោះដោយយកចិត្តទុកដាក់ជាមួយមន្ទីរជំនាញ ក៏ដូចជាអាជ្ញាធរក្រុង-ស្រុកទាំង ៩ក្នុងខេត្ត និងអ្នកដែលពាក់ព័ន្ធគឺត្រូធ្វើយ៉ាងណាពន្លឿនក្នុងការចេញបណ្ណកម្មសិទ្ធដីធ្លីជូនពលរដ្ឋក្នុងខេត្តកំពតឱ្យបានគ្រប់នៅក្នុងឆ្នាំ២០២៥។
ពិធីខាងលើ នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ នៅសាលាស្រុកឈូក លោក ម៉ៅ ធនិន បានថ្លែងបន្តថា ដើម្បីឱ្យស្របទៅតាមបទបញ្ជាយ៉ាម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល ក្រោមកិច្ចចង្អុលការដោយផ្ទាល់ពីសំណាក់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
គោលនយោបាយលើវិស័យដីធ្លីគឺជាកិច្ចចង្អុលការរបស់ប្រមុខរាជរដ្ឋាភិបាល ចាប់តាំងពីអាណត្តិចាស់ ដែលមានសម្តេចតេជោ រហូតបន្តមកដល់អាណត្តិថ្មី គឺសម្តេចធិបតី គឺសម្តេចនៅតែមានកិច្ចចង្អុលការយ៉ាងម៉ឺងម៉ាត់មកគណៈកម្មការសូរិយោដីខេត្ត គណៈកម្មការដីរដ្ឋ មន្ទីរជំនាញ ដើម្បីធ្វើយ៉ាងណាពន្លឿនក្នុងការចេញបណ្ណកម្មសិទ្ធដីធ្លីជូនប្រជាពលរដ្ឋ។ ជាការថ្លែងបន្ថែម អភិបាលខេត្តកំពត។
លោក បានថ្លែងបន្ថែមទៀថា ដោយអនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងការចង្អុលបង្ហាញរបស់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជារដ្ឋមន្ត្រីក្រសួងដែនដី អាជ្ញាធរខេត្តកំពត និងសហការជាមួយមន្ទីរជំនាញ អាជ្ញាធរក្រុង-ស្រុកទាំង៩ក្នុងខេត្ត ដើម្បីពន្លឿនការចេញបណ្ណកម្មសិទ្ធដីធ្លីជូនពលរដ្ឋក្នុងខេត្តឱ្យបានអស់ក្នុងឆ្នាំ២០២៥ ខាងមុខ។
ពិធីនេះដែរ លោក ព្រាប សុផាត ប្រធានមន្ទីរស្តីទីនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពត បានលើកឡើងថា សម្រាប់ការចែកបណ្ណជូនពលរដ្ឋក្នុងស្រុកឈូក និងស្រុកជុំគិរី នាពេលនេះ មានបណ្ណសរុបចំនួន៥,១៨៨បណ្ណ។
លោក បានបន្តថា ក្នុងនោះ ស្រុកឈូក មានបណ្ណនៅសេសសល់តិចតួចតាមភូមិចំនួន ៤៥ភូមិ មានអំណោយអំពីរដ្ឋ ទិញ និងបណ្ណពន្ធសូន្យរបស់សម្តេចផ្តល់ជូនប្រជាពលរដ្ឋ សរុបចំនួន ៣,៦៨២បណ្ណ។
ស្រុកជុំគិរី មានបណ្ណនៅសេសសល់តិចតួចតាមភូមិចំនួន ៣០ភូមិ មានអំណោយពីរដ្ឋ និងបណ្ណពន្ធសូន្យរបស់សម្តេចផ្តល់ជូនប្រជាពលរដ្ឋ សរុបចំនួន ១,៥០៦បណ្ណ។ ជាការន្ថែម លោក ព្រាប សុផាត៕
ដោយ៖ មឿន ឌីណា (Moeun Dyna)