Register Already an agent ? Login

គម្រោងស្ថាបនាលើកកម្រិតខ្នងភ្លឺប្រឡាយសន្លុងចាក់បេតុងផ្ដល់ទឹកប្រាំង-វស្សាជាង១,៥ពាន់ហិកតា ខេត្តកណ្តាល វឌ្ឍនភា៦៥%

កណ្តាល៖ គម្រោងស្ថាបនាលើកកម្រិតខ្នងភ្លឺប្រឡាយសន្លុងដោយចាក់បេតុងពីលើ បង្កើនសមត្ថភាពស្រោចស្រពបន្ថែមដល់ផ្ទៃដីបង្កបង្កើនផលរដូវវស្សា-រដូវប្រាំង និងដំណាំរួមផ្សំ មានប្រជាពលរដ្ឋទទួលផលប្រមាណ ២៥២០គ្រួសារ ក្នុងភូមិចំនួន៦ នៃឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល សម្រេចបានប្រមាណ ៦៥% គ្រោងបញ្ចប់នៅចុងខែកញ្ញា ឆ្នាំ២០២៤។

លោក ថាំង វីយុទ្ធដា ប្រធាននាយកដ្ឋានវិស្វកម្មនៃក្រសួងធនធានទឹក និងឧតុនិយម ដឹកនាំមន្ត្រីបច្ចេកទេសនាយកដ្ឋាន ចុះពិនិត្យវឌ្ឍនភាពគម្រោងខាងលើ ស្ថិតនៅឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល នាថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤។

លោកប្រធាននាយកដ្ឋានវិស្វកម្មបានឱ្យដឹងថា ការងារគម្រោងស្ថាបនាលើកកម្រិតខ្នងភ្លឺប្រឡាយសន្លុងដោយចាក់បេតុងពីលើ រួមមាន៖

 ទី១-ស្ថាបនាលើកកម្រិតខ្នងភ្លឺប្រឡាយសន្លុងចាស់ ប្រវែង ២ ៤០៣ម៉ែត្រ (ពង្រីកខ្នងប្រឡាយពី ៧ម៉ែត្រ-១០ម៉ែត្រ) សម្រេចបាន ៩០%

ទី២-សាងសង់សំណង់បេតុងពីលើខ្នងភ្លឺប្រឡាយសន្លុង ប្រវែង ២ ៤០៣ម៉ែត្រ សម្រេចបាន ៦០%។

លោក បានគូសបញ្ជាក់ថា ជារួមគិតរហូតមកដល់ពេលនេះ វឌ្ឍនភាពការងារគម្រោងសម្រេចបានប្រមាណ ៦៥% ហើយគ្រោងបញ្ចប់នៅចុងខែកញ្ញា ឆ្នាំ២០២៤ ខាងមុននេះ។

បើតាម ប្រធាននាយកដ្ឋានវិស្វកម្ម បានឱ្យដឹងថា បន្ទាប់ពីបញ្ចប់គម្រោងនេះនឹងអាចបង្កើនសមត្ថភាពស្រោចស្រពបន្ថែមដល់ផ្ទៃដីបង្កបង្កើនផលរដូវវស្សាចំនួន ១១០០ហិកតា រដូវប្រាំងចំនួន ៥៥០ហិកតា និងដំណាំរួមផ្សំចំនួន ៣០ហិកតា ដោយមានប្រជាពលរដ្ឋទទួលផលប្រមាណ ២៥២០គ្រួសារ ក្នុងភូមិចំនួន៦ នៃឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល៕

ដោយ៖ មឿន ឌីណា (Moeun Dna)