Register Already an agent ? Login

រដ្ឋបាលខេត្តកំពត ប្រគល់បណ្ណកម្មសិទ្ធដីធ្លីជាង ១ពាន់ក្បាលដី ដល់ពលរដ្ឋនៅក្រុងកំពត និងស្រុកទឹកឈូ

កំពត៖ រដ្ឋបាលខេត្តកំពត ចែកបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋនៅក្នុងក្រុងកំពត និងស្រុកទឹកឈូ មានបណ្ណសរុប ១,០៨៧បណ្ណ នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤។

នៅក្នុងពិធីចែកបណ្ណកម្មសិទ្ធិដីធ្លី លោក ព្រាប សុផាត ប្រធានមន្ទីរស្តីទី នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពត បានលើកឡើងថា ការចែកបណ្ណកម្មសិទ្ធក្នុងថ្ងៃនេះមានចំនួន ២ក្រុង-ស្រុក ដែលស្មើនឹង ១,០៨៧បណ្ណ។

លោក បានបន្តថា ក្នុងនោះ ក្រុងកំពតមានបណ្ណនៅសេសសល់តិចតួចតាមភូមិចំនួន ១០ភូមិ មានអំណោយពីរដ្ឋ ទិញ និងបណ្ណពន្ធសូន្យរបស់សម្តេចផ្តល់ជូនប្រជាពលរដ្ឋ សរុបមានចំនួន ៦០៥បណ្ណ។

ស្រុកទឹកឈូ មានបណ្ណនៅសេសសល់តិចតួចតាមភូមិចំនួន ១២ភូមិ មានអំណោយពីរដ្ឋ ទិញ និងបណ្ណពន្ធសូន្យរបស់សម្តេចផ្តល់ជូនប្រជាពលរដ្ឋ សរុបមានចំនួន ៤៨២បណ្ណ។ ជាការបន្ថែម លោក ព្រាប សុផាត។

ក្នុងពិធីខាងលើ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានលើកឡើងថា ដោយអនុវត្តតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល បានធ្វើឱ្យប្រទេសជាតិទាំងមូលមានសន្តិភាពពេញលេញ។

លោក បានបន្តថា ក្នុងបរិបទនៃការអភិវឌ្ឍន៍ និងការរីកចម្រើនឥតឈប់ឈរលើវិស័យសេដ្ឋកិច្ច និងសង្គម រួមទាំងការពង្រឹងការអនុវត្តច្បាប់ និងការគោរពសិទ្ធិមនុស្ស ជាពិសេសបញ្ហាវិវាទដីធ្លីត្រូវបានដោះស្រាយបញ្ចប់មួយចំនួនធំនៅទូទាំងប្រទេស ហើយបានពន្លឿនការចេញបណ្ណកម្មសិទ្ធិដីធ្លី ជូនពលរដ្ឋដើម្បីប្រើប្រាស់ និងទាញយកផលប្រយោជន៍ពីវិស័យដីធ្លី៕

ដោយ៖ មឿន ឌីណា (Moeun Dyna)