Register Already an agent ? Login

គម្រោងអភិវឌ្ឍន៍អាងទឹកដងកាំបិត ខេត្តកំពង់ធំ សក្តានុពលស្រោចស្រពលើផ្ទៃដីជាង ១សែនហិកតា វឌ្ឍនភាព ៤១,៨១%

កំពង់ធំ៖ គម្រោងអភិវឌ្ឍន៍អាងទឹកដងកាំបិត ក្នុងភូមិស្រែខ្សាច់ ឃុំដងកាំបិត ស្រុកសណ្តាន់ ខេត្តកំពង់ធំ ក្រោមហិរញ្ញប្បទានសម្បទានពីធនាគារ អាហរ័ណ នីហរ័ណចិន(EXIMBANK) តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គិតរហូតមកដល់ពេលនេះ វឌ្ឍនភាពសម្រេចបានប្រមាណ ៤១,៨១%។ ក្រោយការសាងសង់រួចគម្រោងនេះមានសក្តានុពលស្រោចស្រពលើផ្ទៃដីបង្កបង្កើនផលនៅផ្នែកខាងក្រោមបានប្រមាណ ១៣១ ៣២៣ហិកតា។

លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយ មន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ បានចុះពិនិត្យវឌ្ឍនភាពគម្រោងអភិវឌ្ឍន៍អាងទឹកដងកាំបិត កាលពីទី២៤ ខែសីហា ឆ្នាំ ២០២៤នេះ។

បើតាម លោក រដ្ឋមន្រ្តីបានឱ្យដឹងថា គម្រោងអភិវឌ្ឍន៍អាងទឹកដងកាំបិតត្រូវប្រើរយៈពេលសាងសង់ចំនួន ៤៨ខែ ហើយគ្រោងបញ្ចប់ក្នុងខែតុលា ឆ្នាំ២០២៧។ ការងារសំខាន់ៗរបស់គម្រោងរួមមាន៖

-សាងសង់ទំនប់សរុបប្រវែង ២៦៨០ម៉ែត្រ ក្នុងនោះ ទំនប់ដីខាងឆ្វេងប្រវែង ១១៣៦ម៉ែត្រ ទំនប់បង្ហៀរទឹកប្រវែង ៣០៦ម៉ែត្រ ទំនប់បេតុងប្រវែង ៥០ម៉ែត្រ និងទំនប់ដីខាងស្តាំប្រវែង ១១៨៨ម៉ែត្រ

-សាងសង់ផ្លូវចូលទីតាំងទំនប់សរុបប្រវែង ១៦,៦គីឡូម៉ែត្រ ទទឹង ៧ម៉ែត្រ ក្នុងនោះ សង់ផ្លូវថ្មីចូលទីតាំងទំនប់ខាងឆ្វេងប្រវែង ៣,១គីឡូម៉ែត្រ ពង្រីកផ្លូវចូលទំនប់ប្រវែង ១០,៥គីឡូម៉ែត្រ និងសង់ផ្លូវថ្មីចូលទីតាំងទំនប់ខាងស្តាំប្រវែង ៣គីឡូម៉ែត្រ។

ការអភិវឌ្ឍអាងទឹកដងកាំបិត ក្នុងភូមិសាស្ត្រខេត្តកំពង់ធំនាពេលនេះ បានបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការគ្រប់គ្រងទឹកនិងបញ្ជាទឹក ដើម្បីធានានូវសន្ដិសុខសុវត្ថិភាពទឹក និងធានាការផ្គត់ផ្គង់ទឹកសម្រាប់ស្រោចស្រពលើផ្ទៃដីកសិកម្មនៅផ្នែកខាងក្រោម ព្រមទាំងជួយបង្កើនផលិតភាពកសិកម្ម។ ជាការគូសបញ្ជាក់ លោក ថោ ជេដ្ឋា។

 លោក បានបន្តថា គម្រោងនេះក៏នឹងធានាដល់ការប្រើប្រាស់សម្រាប់ពហុវិស័យ ជាពិសស ការប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃនិងផ្នែកឧស្សាហកម្ម កសិកម្ម ទេសចរណ៍ ដែលជាផ្នែកមួយជួយលើកស្ទួយកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ ក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ។

បើតាម លោករដ្ឋមន្រ្តី បានឱ្យដឹងថា គិតរហូតមកដល់ពេលនេះ វឌ្ឍនភាពគម្រោងសម្រេចបានប្រមាណ ៤១,៨១%។ ក្រោយការសាងសង់រួចគម្រោងនេះមានសក្តានុពលស្រោចស្រពលើផ្ទៃដីបង្កបង្កើនផលនៅផ្នែកខាងក្រោមបានប្រមាណ ១៣១ ៣២៣ហិកតា និងបង្កើនទិន្នផលស្រូវពី ៤តោន ទៅ៥,៤តោន ក្នុងមួយហិកតា ដល់ប្រជាកសិករចំនួន ២៥ ០០០គ្រួសារ ក្នុងស្រុកបារាយណ៍ ស្រុកសណ្តាន់ ស្រុកសន្ទុក ស្រុកស្ទោង ស្រុកកំពង់ស្វាយ និងស្រុកប្រាសាទសំបូរ នៃខេត្តកំពង់ធំ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)