ភ្នំពេញ៖ គម្រោងសាងសង់ប្រព័ន្ធធារាសាស្ត្រចំនួន ២កន្លែង ប្រព័ន្ធធារាសាស្ត្ររលាំងជ្រៃ ស្ថិតខេត្តកំពង់ស្ពឺ និងប្រព័ន្ធធារាស្ត្រកណ្តាលស្ទឹង-បាទី ស្ថិតខេត្តកណ្តាល និងខេត្តតាកែវ គិតមកទល់ពេលបច្ចុប្បន្ន វឌ្ឍនភាពការងារសម្រេចបានប្រមាណ ២៥% នៃទំហំការងារសរុប។ ជាការបញ្ជាក់ លោក ពេជ្រ វាសនា អនុរដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម និងជានាយកគម្រោងកែលម្អ និងស្តារឡើងវិញប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹកភាគនិរតីរាជធានីភ្នំពេញ។
លោក ពេជ្រ វាសនា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ JICA ចុះពិនិត្យវឌ្ឍនភាពគម្រោងកែលម្អ និងស្ដារឡើងវិញប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹកភាគនិរតីរាជធានីភ្នំពេញ ការដ្ឋានសាងសង់ប្រព័ន្ធធារាសាស្ត្ររលាំងជ្រៃ ស្ថិតក្នុងក្រុងច្បារមន និងស្រុកសំរោងទ ខេត្តកំពង់ស្ពឺ និងប្រព័ន្ធធារាស្ត្រកណ្តាលស្ទឹង-បាទី ស្ថិតក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងស្រុកបាទី ខេត្តតាកែវ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤។
គណៈប្រតិភូ ដែលបានចុះពិនិត្យវឌ្ឍនភាពការងារនាពេលនេះ រួមមានលោកស្រី Akiko MIYASHITA មន្រ្តីជាន់ខ្ពស់របស់ JICA ប្រចាំកម្ពុជា និងសហការី តំណាងទីប្រឹក្សាបច្ចេកទេសគម្រោង តំណាងក្រុមហ៊ុនសាងសង់អន្តរជាតិ មន្ត្រីអង្គភាពគ្រប់គ្រងគម្រោង លោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ និងតំណាងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកណ្តាល។
គូសបញ្ជាក់ផងដែរថា គម្រោងនេះបានទទួលហិរញ្ញប្បទានសម្បទានពីរាជរដ្ឋាភិបាលជប៉ុនសម្រាប់ការជួសជុល និងការសាងសង់ប្រព័ន្ធធារាសាស្ត្រចំនួន ពីរកន្លែង ក្រោយការសាងសង់រួចប្រព័ន្ធធារាសាស្ត្ររលាំងជ្រៃនឹងផ្តល់ទឹកធ្វើស្រែបាន ២ដងក្នុង១ឆ្នាំ ក្នុងនោះ ស្រូវវស្សាប្រមាណ ១៦៩១០ហិកតា និងស្រូវប្រាំងប្រមាណ ១៥០០ហិកតា។
ដោយឡែក ប្រព័ន្ធធារាសាស្ត្រកណ្តាលស្ទឹង-បាទីនឹងផ្តល់ទឹកធ្វើស្រែបាន ៣ដងក្នុង ១ឆ្នាំ ក្នុងនោះ ស្រូវបង្កើនរដូវវស្សាបានប្រមាណ ១២០០ហិកតា ស្រូវរដូវវស្សាបានប្រមាណ ២២០១ហិកតា និងស្រូវប្រាំងបានប្រមាណ ៤០០ ហិកតា៕
ដោយ៖ មឿន ឌីណា (Moeun Dyna)