តាកែវ៖ សមាគមពាណិជ្ជកម្មចិនឆាវសាន មានគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសលើផ្ទៃដី ៣២ហិកតា ក្នុងស្រុកបាទី ខេត្តតាកែវ កាត់បន្ថយការធ្វើចំណាកស្រុក ខណៈ អភិបាលខេត្ត ត្រៀមខ្លួនក្នុងការជួយសម្របសម្រួល និងបានស្នើសុំឱ្យ ប្រធានសមាគមនេះ បន្តជួយគៀងគរអ្នកវិនិយោគទុនឱ្យចូលមកបណ្ដាក់ទុនកាន់តែច្រើនឡើង នៅលើទឹកដីខេត្តតាកែវ។
លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានទទួលជួបពិភាក្សាការងារជាមួយ លោកឧកញ៉ា តាំង លាក់ហាវ ប្រធានសមាគមពាណិជ្ជកម្មចិនឆាវសាន នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤។
បើតាមជំនួប លោក តាំង លាក់ហាវ បានស្នើសុំឱ្យ អភិបាលខេត្ត ជួយសម្របសម្របសម្រួលដល់សមាគម គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេស នៅក្នុងស្រុកបាទីលើផ្ទៃដី ៣២ហិតា។
លោកប្រធាន បានសន្យាថា នឹងប្រឹងប្រែងធ្វើការគៀងគរអ្នកវិនិយោគឱ្យមកបើករោងចក្រកាន់តែច្រើនថែមទៀត នៅលើទឹកដីខេត្តតាកែវ ដើម្បីបង្កើតការងារជូនជាពលរដ្ឋកាន់តែច្រើនឡើង។
នាបរិយាកាសនោះ លោក វ៉ី សំណាង បានប្រកាសគាំទ្រយ៉ាងពេញទំហឹង ដោយបានគូសញ្ជាក់ថា អាជ្ញាធខេត្តនឹងជួយសម្របសម្រួលនិតិវិធីគ្រប់បែបយ៉ាងដល់អ្នកវិនិយោគទុន ដែលចូលមកវិនិយោគដោយស្របច្បាប់នៅក្នុងខេត្តតាកែវ។
គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេស នៅលើទឹកដីខេត្តតាកែវ និងជួយបង្កើតការងារកាន់តែច្រើនថែមទៀត ប្រជាពលរដ្ឋនៅក្នុងខេត្ត កាត់បន្ថយការធ្វើចំណាកស្រុក ជាពិសេសនឹងលើកស្ទួយសេដ្ឋកិច្ចគ្រួសារប្រជាពលរដ្ឋកាន់តែល្អប្រសើរឡើង។ ជាការបន្ថែម លោក វ៉ី សំណាង។
លោក អភិបាលខេត្ត ក៏បានស្នើសុំឱ្យ ប្រធានសមាគមពាណិជ្ជកម្មចិនឆោសាន បន្តជួយគៀងគរអ្នកវិនិយោគទុនឱ្យចូលមកបណ្ដាក់ទុនកាន់តែច្រើនឡើង នៅលើទឹកដីខេត្តតាកែវ ខណៈ អាជ្ញាធខេត្តត្រៀមខ្លួនជានិច្ច ក្នុងការជួយសម្របសម្រួល និងសហការជាមួយអ្នកវិនិយោគ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)