ភ្នំពេញ៖ អបអរសាទរ ការរត់សាកល្បង EH Trial Run នូវរថយន្តដឹកទំនិញ ក្នុងកិច្ចព្រមព្រៀងសម្រួលការដឹកជញ្ជូនឆ្លងកាត់ព្រំដែននៃមហាអនុតំបន់មេគង្គ (ហៅកាត់ថា GMS CBTA) ពីទីក្រុងគុនមីន (ប្រទេសចិន) ឆ្លងកាត់ប្រទេសឡាវ ប្រទេសថៃ បានមកដល់ រាជធានីភ្នំពេញ ដោយជោគជ័យហើយ។
លោក តូច ចាន់កុសល រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការជាតិសម្របសម្រួលការដឹកជញ្ជូនឆ្លងកាត់ តំណាងលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធីទទួលស្វាគមន៍ក្បួនរថយន្តពីទីក្រុងគុនមីន (ប្រទេសចិន) កាត់តាមប្រទេសឡាវ ប្រទេសថៃ និងមកបញ្ចប់គោលដៅចុងក្រោយ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤។
ពិធីនេះ មានការចូលរួមពីលោក Phanthaphap Phounsavath អគ្គនាយករង និងជាតំណាង អនុរដ្ឋមន្ត្រីដឹកជញ្ជូន ឡាវ លោកស្រី Wang Xiuchun អគ្គនាយិការង និងជាប្រធានប្រតិភូនៃក្រសួងដឹកជញ្ជូនចិន លោក Anthony Gill តំណាងធនាគារអភិវឌ្ឍន៍អាស៊ី ប្រតិភូតំណាងប្រទេសចិន កម្ពុជា ឡាវ ថៃ និងទីប្រឹក្សានៃគម្រោងផងដែរ។
ក្បួនរថយន្តចំនួន ៧គ្រឿង នេះបានធ្វើដំណើរចំណាយជាង ២ ០០០គីឡូម៉ែត្រ ក្នុងនោះ យានយន្តដឹកទំនិញ ៥គ្រឿង បានដឹកបន្លែស្រស់ សម្ភារការិយាល័យ គ្រឿងសង្ហារិម និងទំនិញផ្សេងៗទៀត និងយានយន្តដឹកអ្នកដំណើរចំនួន ២គ្រឿងទៀត បានដឹកប្រតិភូមហាអនុតំបន់មេគង្គ ប្រតិបត្តិករដឹកជញ្ជូន អ្នកជំនាញការ និងអ្នកកាសែតផងដែរ។
គួរបញ្ជាក់ថា ការប្រើប្រាស់កិច្ចព្រមព្រៀងសម្រួលការដឹកជញ្ជូនឆ្លងកាត់ព្រំដែននៃមហាអនុតំបន់មេគង្គ (GMS CBTA) អាចជួយឱ្យប្រតិបត្តិករដឹកជញ្ជូន កាត់បន្ថយពេលវេលាដែលត្រូវការសម្រាប់ការជម្រះបែបបទពាក់ព័ន្ធ ឬនីតិវិធីឆ្លងកាត់ព្រំដែនជាអន្តរជាតិ ដោយមិនតម្រូវឱ្យមានការលើកដាក់ទំនិញឡើងវិញ ចំពោះអ្នកដំណើរនៅតែអាចអង្គុយលើយានយន្តដឹកអ្នកដំណើរនោះដដែល។ លិខិតអនុញ្ញាតដឹកជញ្ជូនតាមផ្លូវគោករបស់ GMS CBTA គឺមានសុពលភាពក្នុងប្រទេសសមាជិក GMS ទាំង៦ ដូចៗគ្នា។
តាមកិច្ចព្រមព្រាង សម្រាប់ប្រទេសសមាជិក GMS នីមួយៗ មានកូតាយានយន្តចំនួន ៥០០គ្រឿង (យានយន្តដឹកទំនិញ និងយានយន្តដឹកអ្នកដំណើរ) អនុញ្ញាតឱ្យប្រតិបត្តិករដឹកជញ្ជូនអាចដឹកជញ្ជូនទំនិញ និងអ្នកដំណើរតាមបណ្តាញផ្លូវតភ្ជាប់ប្រទេស GMS ទាំង៦ (កម្ពុជា ចិន ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម)។
មហាអនុតំបន់មេគង្គ គឺជាក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការមួយដែលមានសមាជិកចំនួន ៦ប្រទេស រួមមាន៖ កម្ពុជា ចិន (ខេត្តយូណាន និងតំបន់ស្វយ័តក្វាងស៊ី ជុង) ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម។
ចំពោះ GMS CBTA គឺជាគំនិតផ្តួចផ្តើមដ៏សំខាន់មួយរបស់មហាអនុតំបន់មេគង្គ (GMS) ដែលត្រូវបានបង្កើតឡើងក្នុងគោលបំណង ដើម្បីកាត់បន្ថយថ្លៃដឹកជញ្ជូនផ្លូវគោកជាអន្តរជាតិ និងជំរុញកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសជាសមាជិក GMS ជាធ្លុងមួយឱ្យអស់ពីលទ្ធភាព ក្នុងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនផ្លូវថ្នល់៕
ដោយ៖ មឿន ឌីណា (Moeun Dyna)