ភ្នំពេញ៖ ក្រុមហ៊ុនមកពីប្រទេសចិន ដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា ស្វែងរកឱកាសវិនិយោគលើការបង្កើតក្រុមហ៊ុនផលិតក្រណាត់ និងជ្រលក់ពណ៌ក្រណាត់។
លោក ឡោ ទិត្យច័ន្ទសុភក្តិ ទីប្រឹក្សាអមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសហការី បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុន CID logistics Co., Ltd និងក្រុមហ៊ុន Shanghai Shunkai International Freight & Forwarding Co., Ltd ប្រទេសចិន មកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា។
បើតាមជំនួបនេះ កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ នៅទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក ឡោ ទិត្យច័ន្ទសុភក្តិ សម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុតជូនចំពោះ គណៈប្រតិភូក្រុមហ៊ុនទាំងពីរ ដែលបានចំណាយពេលវេលាដ៏មានតម្លៃក្នុងការបំពេញទស្សនកិច្ចដោយផ្ទាល់មកកាន់កម្ពុជា។
នាឱកាសនោះ លោក ក៏បានគូសបញ្ជាក់ជូនគណៈប្រតិភូក្រុមហ៊ុនទាំងពីរ អំពីរបបនៃការលើកទឹកចិត្តប្រកបដោយភាពអំណោយផល និងអនុគ្រោះបំផុតរបស់រដ្ឋាភិបាលកម្ពុជា ដែលបានផ្ដល់ចំពោះសកម្មភាពវិនិយោគ និងវិស័យដែលមានសក្តានុពលសំខាន់ៗ ដូចបានកំណត់ក្នុងច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។
ជាការឆ្លើយតប គណៈប្រតិភូក្រុមហ៊ុនទាំងពីរ បានជំរាបជូន ទីប្រឹក្សា អំពីគោលបំណងដ៏សំខាន់នៃដំណើរទស្សនៈកិច្ចនេះ គឺដើម្បីស្វែងរកឱកាសវិនិយោគលើការបង្កើតក្រុមហ៊ុនផលិតក្រណាត់ និងជ្រលក់ពណ៌ក្រណាត់។
គណៈប្រតិភូ បានគូសបញ្ជាក់ថា គម្រោងនេះ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច ការទាក់ទាញវិនិយោគក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ដែលមានសក្តានុពលសំខាន់។ ហើយបញ្ជាក់យ៉ាងច្បាស់ថា នឹងមកបន្ដាក់ទុនវិនិយោគនៅកម្ពុជា ក៏ដូចជាការធ្វើឱ្យកាន់តែប្រសើរឡើងបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា-ចិន នាពេលអនាគត។
លោក ទីប្រឹក្សា បានថ្លែងនូវអំណរអរគុណ គណៈប្រតិភូក្រុមហ៊ុនទាំងពីរ ចំពោះការជ្រើសរើសកម្ពុជាជាទិសដៅក្នុងការបំពេញទស្សនកិច្ចស្វែងរកឱកាសវិនិយោគ និងបានបង្ហាញនូវស្មារតីស្វាគមន៍ជានិច្ចសម្រាប់រាល់កិច្ចសហប្រតិបត្តិការនានា នាពេលខាងមុខ ព្រមទាំងបានជូនពរគណៈប្រតិភូឱ្យទទួលបានជោគជ័យជាផ្លែផ្កាក្នុងដំណើរទស្សនកិច្ចការងារនៅកម្ពុជា នាពេលនេះ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)