Register Already an agent ? Login

កម្ពុជា-ឥណ្ឌា នឹងចាប់ផ្តើមបើកដំណើរការហោះហើរត្រង់ទៅមក នៅពាក់កណ្ដាលខែមិថុនានេះ

ភ្នំពេញ៖ កម្ពុជានិងឥណ្ឌា នឹងចាប់ផ្ដើមបើកដំណើរការហោះហើរត្រង់ ដោយក្រុមហ៊ុនអាកាសចរណ៍ Cambodia Angkor Air បើកត្រង់ទៅប្រទេសឥណ្ឌា នៅថ្ងៃទី ១៦ ខែមិថុនានេះ។ បើតាម លោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល បានបន្តថា ក្រុមហ៊ុនអាកាសចរណ៍ IndiGo របស់ឥណ្ឌា នឹងត្រៀមបើកហោះហើរត្រង់ពីទីក្រុងញូវដេលី មកសៀមរាប នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤។

បើតាម លោក ស៊ីន ចាន់សិរីវុត្ថា នៅរសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មានពិធីសម្ពោធដំណើរការជើងហោះហើរត្រង់កម្ពុជា-ឥណ្ឌា។ លោក ថា ក្រុមហ៊ុនអាកាសចរណ៍ Cambodia Angkor Air ហោះ ៤ជើង ក្នុង១សប្តាហ៍។

ជាមួយគ្នានេះដែរ បើគ្មានអ្វីប្រែប្រួលទេ កម្មវិធីហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ IndiGo របស់ឥណ្ឌា នឹងត្រៀមបើកការហោះហើរត្រង់ពីទីក្រុងញូវដេលី មកសៀមរាប នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ ហោះ ៧ជើង ក្នុង១សប្តាហ៍។ ជាការបន្តទៀត លោក ស៊ីន ចាន់សិរីវុត្ថា។

លោក បានបន្ថែមថា ការបើកតភ្ជាប់ផ្លូវថ្មីនេះ នឹងផ្ដល់ផលចំណេញដល់ប្រទេសទាំងពីរ ពាក់ព័ន្ធនឹងការធ្វើដំណើររយៈពេលខ្លី ហើយការចំណាយតិចជាងមុន ជាពិសេសភាគីទាំងពីរចង់ផ្សព្វផ្សាយ ពីផ្នែកទេសចរណ៍ វប្បធម៌ សាសនា និងសុខភាព។

គួសបញ្ជាក់ថា កម្ពុជា មានក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក និងបរទេសចំនួន ៣១ កំពុងតភ្ជាប់ជើងហោះហើរឡើងវិញ ពីប្រទេសអាស៊ានទាំង៨ ចិន កូរ៉េខាងត្បូង ហុងកុង កោះតៃវ៉ាន់ រដ្ឋកាតា និងអារ៉ាប់រួមអេមីរ៉េត។

គួររម្លឹកថា នៅឆ្នាំ២០២៣ កម្ពុជាទទួលអ្នកដំណើរតាមផ្លូវអាកាសទាំងក្នុងស្រុក និងអន្តរជាតិចំនួនជាង ៥លាន ១សែននាក់ កើនឡើង ១១៥% ធៀបនឹង១២ខែឆ្នាំ២០២២ ក្រោយវិបត្តិជំងឺកូវីដ-១៩៕

ដោយ៖ មឿន ឌីណា (Moeun Dyna)