ក្រចេះ៖ គិតត្រឹមដំណាច់ខែមីនា ឆ្នាំ២០២៤ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ខេត្តក្រចេះ សម្រេចវឌ្ឍនភាពការងារសាងសង់តួស្ពានបាន ៤៥,៥% ខណៈ ដែលការងារសាងសង់ផ្លូវតភ្ជាប់សម្រេចបាន ២៣%ហើយ ជារួមគម្រោងជារូបវ័ន្តទាំងមូលសម្រេចបាន ៣២%។
លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំគណៈប្រតិភូអមដំណើរ មន្ត្រីជំនាញបច្ចេកទេស នៃក្រុមការងារអនុវត្តគម្រោង ចុះទៅពិនិត្យវឌ្ឍនភាពគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ខេត្តក្រចេះ កាលពីល្ងាចថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤។
ចុះទៅពិនិត្យវឌ្ឍនភាពគម្រោងនេះ មានការចូលរួមផងដែរពី តំណាងរដ្ឋបាលខេត្តក្រចេះ តំណាងក្រុមហ៊ុនសំណង់សៀងហៃ និងតំណាងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន។
គួរបញ្ជាក់ថា តួលេខខាងលើដែលសម្រេចបាន គឺបានបង្ហាញឱ្យឃើញពីការវិវត្តក្នុងទិសដៅវិជ្ជមាន ចំពោះការអនុវត្តគម្រោងការងារខាងលើ។ គម្រោងនេះគ្រោងនឹងបញ្ចប់ នៅខែកញ្ញា ឆ្នាំ២០២៦ ប៉ុន្តែយោងតាមការបញ្ជាក់របស់ក្រុមហ៊ុននាល្ងាចនេះ ការសាងសង់នឹងបញ្ចប់មុនផែនការ។
បើទោះជាយ៉ាងនេះក៏ដោយ លោក ប៉េង ពោធិ៍នា នៅតែសំណូមពរឱ្យក្រុមហ៊ុនសាងសង់ ជំរុញការអនុវត្តការងារទៅតាមប្រតិទិនការងារដែលបានកំណត់ ឱ្យបានច្បាស់លាស់ ពីព្រោះខណៈនេះជារដូវប្រាំងដែលជាពេលវេលាអំណោយផលដល់ការងារសាងសង់ មុននឹងរដូវវស្សាចូលមកដល់នាពេលខាងមុខ។
ក្នុងដំណើរចុះពិនិត្យវឌ្ឍនភាពនេះ លោក រដ្ឋមន្ត្រី បានស្នើដល់គ្រប់ភាគីពាក់ព័ន្ធ ត្រូវពង្រឹងសុវត្ថិភាពការងារសាងសង់គ្រប់ជំហាន ពិសេសយកចិត្តទុកដាក់ខ្ពស់លើបទដ្ឋានបច្ចេកទេសគ្រប់ប្រភេទការងារ ដើម្បីធានាឱ្យបាននូវសមិទ្ធផលសំណង់ ដែលប្រកបដោយគុណភាព និងអាយុកាលប្រើប្រាស់បានយូរអង្វែង៕
ដោយ៖ មឿន ឌីណា (Moeun Dyna)