Register Already an agent ? Login

មន្ត្រីជំនាញ ពន្ធដារពន្យល់ពីវិធានទូទៅចំណាយត្រូវបានចែកជាពីរគឺ អនុញ្ញាតឱ្យកាត់កងនិងមិនអាចកាត់កង

ភ្នំពេញ៖ មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានពន្ធដារពន្យល់ពីវិធានទូទៅស្តីពីចំណាយ ក្នុងនោះចំណាយ ត្រូវបានចែកជាពីរគឺ ចំណាយដែលអនុញ្ញាតឱ្យកាត់កង និងចំណាយមិនអាចកាត់កង។

បន្ទាប់ពីបានឈ្វេងយល់ពីវិធានទូទៅស្ដីពីចំណូលកាលពីថ្ងៃ១ ខែកុម្ភៈកន្លងទៅ នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ កម្មវិធី "ពន្ធដារកម្ពុជា ដែលបានផ្សាយផ្ទាល់នៅលើទំព័រហ្វេសប៊ុក ផ្លូវការរបស់អគ្គនាយកដ្ឋានពន្ធដារ បានលើកយកចំណុចដ៏សំខាន់មួយផ្សេងទៀត នៃពន្ធលើប្រាក់ចំណូលមកធ្វើបទបង្ហាញនិងពិភាក្សានោះគឺ វិធានទូទៅស្តីពីចំណាយ ដោយមានការចូលរួមពីវាគ្មិនជាមន្ត្រីជំនាញ អគ្គនាយកដ្ឋានពន្ធដារ លោក ត្រាំង ឡៃ អនុប្រធាននាយកដ្ឋានសវនកម្មសហគ្រាស និងលោកស្រី អ៊ុក ប៉ូលីតា អនុប្រធានការិយាល័យ នៃនាយកដ្ឋានសវនកម្មសហគ្រាស។

បើតាម លោក ត្រាំង ឡៃ បានលើកឡើងថា ចំណាយ គឺជាការ ទូទាត់ទៅឱ្យអ្នកផ្គត់ផ្គង់ក្នុងការប្រកបអាជីវកម្ម ដើម្បីទទួលបានមកវិញនូវប្រាក់ចំណូល។ អនុលោមតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្ត ស្តីពីពន្ធដារជាធរមានក្នុងគោលដៅពន្ធលើប្រាក់ចំណូល ចំណាយត្រូវបានបែងចែកជាពីរគឺ ចំណាយដែលអនុញ្ញាតឱ្យកាត់កងបាន និងចំណាយមិនអាចកាត់កងបាន។

លោក បានគូសបញ្ជាក់ថា ចំណាយដែលអនុញ្ញាតឱ្យកាត់កងបាន គឺជាចំណាយសម្រាប់អាជីវកម្មដែលអ្នកជាប់ពន្ធបានទូទាត់ ឬត្រូវសងនៅក្នុងឆ្នាំជាប់ពន្ធ និងចំណាយដែលមិនបញ្ចូលមកវិញនូវទ្រព្យសកម្ម ឬដែលគ្មានការលុបបំណុលណាមួយ។ បន្ថែមពីនេះ ចំណាយ ដែលអនុញ្ញាតឱ្យកាត់កងបានត្រូវតែជាចំណាយដែលបានកើតឡើងពិតប្រាកដនិងបានកត់ត្រាក្នុងបញ្ជីគណនេយ្យ ព្រមទាំងមានភស្តុតាងដែលអាចត្រួតពិនិត្យបាន មានជាអាទិ៍ វិក្កយបត្រ ប្រតិវេទន៍គយ លិខិតឆ្លើយឆ្លងពាណិជ្ជកម្ម កិច្ចសន្យាខ្ចីប្រាក់ ឬបណ្ណចំណាយជាដើម។

ប្រាក់ពន្ធអាករមួយចំនួនដែលសហគ្រាសបានបង់ក៏ជាចំណាយដែលអនុញ្ញាតឱ្យកាត់កងបានផងដែររួមមាន៖ ពន្ធប៉ាតង់ ពន្ធលើការនាំចូល និងការនាំចេញ (ពន្ធគយ) អាករពិសេស អាករសម្រាប់បំភ្លឺសាធារណៈ អាករលើការស្នាក់នៅ អាករលើតម្លៃបន្ថែមដែលជាអាករលើធាតុចូលមិនអនុញ្ញាតជាឥណទាន ពន្ធប្រថាប់ត្រា ពន្ធលើផ្ទាំងផ្សព្វផ្សាយ ពន្ធលើអចលនទ្រព្យ និងពន្ធលើមធ្យោបាយដឹកជញ្ជូនដែលជាកម្មសិទ្ធិរបស់សហគ្រាស។ ជាការបន្ថែម លោក ត្រាំង ឡៃ។

លោកស្រី អ៊ុក ប៉ូលីតា ក៏បានបញ្ជាក់ផងដែរ ចំណាយដែលមិនបានបំពេញតាមលក្ខខណ្ឌដូចបានរៀបរាប់ខាងលើ គឺជាចំណាយមិន អាចកាត់កងបាន និងត្រូវបញ្ចូលមកវិញជាចំណូលជាប់ពន្ធ ក្នុងនោះមាន៖

-ចំណាយរំលស់គណនេយ្យ

-ចំណាយលើការកម្សាន្តសប្បាយ ការលំហែកម្សាន្ត និងការទទួលភ្ញៀវ

-ការកើនឡើងនូវសំវិធានធន

-អំណោយ និងឧបត្ថម្ភកធនផ្សេងៗ

-ខាតពីការលក់ទ្រព្យសកម្មរយៈពេលវែងតាមបញ្ជីគណនេយ្យ

-ចំណាយមានលក្ខណៈស្ដុកស្ដម្ភហួសហេតុមិនអនុញ្ញាត

-ចំណាយមិនបម្រើឱ្យសកម្មភាពអាជីវកម្ម

-ខាតលើប្រតិបត្តិការជាមួយបុគ្គលជាប់ទាក់ទិន

-ចំណាយលើការផាកពិន័យ និងទោសទណ្ឌផ្សេងៗ

-ចំណាយនៃការិយបរិច្ឆេទមុន និងបន្ទាប់

-ចំណាយពន្ធអាករផ្សេងៗទៀតដែលមិនអាចកាត់កងបាន

-ចំណាយដែលមិនទាន់បានបើកឱ្យបុគ្គលទាក់ទិនអនិវាសនជនរយៈពេល ១៨០ថ្ងៃ នៃឆ្នាំបន្ទាប់

-ចំណាយបៀវត្សដែលមិនទាន់បានបើករយៈពេល ១៨០ថ្ងៃ នៃឆ្នាំបន្ទាប់៕

ដោយ៖ មឿន ឌីណា (Moeun Dyna)