Register Already an agent ? Login

រាជរដ្ឋាភិបាល លើកលែងពន្ធប្រថាប់ត្រាដល់ដំណាច់ឆ្នាំ២០២៥ ទិញលំនៅឋានគ្រប់ប្រភេទក្រោម ៧ម៉ឺនដុល្លារ និងក្រោម២១ម៉ឺនដុល្លារ

ភ្នំពេញ៖ រាជរដ្ឋាភិបាល បានសម្រេចផ្តល់គោលការណ៍ចំនួន២ ដើម្បីជួយលើវិស័យអចលនទ្រព្យ គឺត្រូវលើកលែងពន្ធប្រថាប់ត្រារហូតដល់ដំណាច់ឆ្នាំ២០២៥ លក្ខណៈជាបុរី ១-សម្រាប់អ្នកដែលទិញលំនៅឋានគ្រប់ប្រភេទ មានតម្លៃក្រោម៧ម៉ឺនដុល្លារ និង២-សម្រាប់អ្នកទិញលំនៅឋានលើកទី១ មានតម្លៃក្រោម២១ម៉ឺនដុល្លារ។

តាមការសម្រេចផ្តល់គោលការណ៍ខាងលើ ជាការប្រកាស សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីភាពក្នុងពិធី “បិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំបន្ត របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់” នារសៀលថ្ងៃទី២៦ វិច្ឆិកា ឆ្នាំ២០២៤។

សម្តេច នាយករដ្ឋមន្ត្រី បាននបញ្ជាក់ថា ក្នុងការសង្គ្រោះ និងលើកកម្ពស់វិស័យសំនៅឋានគ្រប់ប្រភេទ ដែលមានលក្ខណៈជាបុរី ក៏ដូចជាជួយដល់ប្រជាជនដែលជាម្ចាស់អចលនទ្រព្យក្នុងបុរី និងត្រៀមជាម្ចាស់អចលនទ្រព្យថ្មីក្នុងបុរី ផ្តល់ការលើកលែងពន្ធប្រថាប់ត្រាសលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់លំនៅឋានគ្រប់ប្រភេទ ដែលមានលក្ខណៈជាបុរីនិងមានតម្លៃក្រោម ៧ម៉ឺនដុល្លារ។

ផ្តល់ការលើកលែងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់លំនៅឋានគ្រប់ប្រភេទ ដែលមានលក្ខណៈជាបុរី សម្រាប់ម្ចាស់អចលនទ្រព្យក្នុងបុរីដែលជាអ្នកទិញលើកដំបូង និងមានតម្លៃក្រោម២១ម៉ឺនដុល្លារ។ ជាការថ្លែងបន្ត សម្តេច នាយករដ្ឋមន្ត្រី។

ជាមួយគ្នា ប្រមុខរាជរដ្ឋាភិបាល ក៏បានប្រកាសថានឹងមិនមានការកែសម្រួល ព្រំដីនៃបឹងទន្លេសាបទៀតនោះទេ ដោយមិនមានការកែប្រែតំបន់៣ មកតំបន់២ ព្រោះការបោះបង្គោលព្រំដីបឹងទន្លេសាប គឺបានសម្រេចរួចរាល់ ១០០% ដោយសម្រេចតម្កល់ការការពារបឹងទន្លេសាបជាការបម្រើផលប្រយោជន៍ប្រជាជនជាង ១៧លាននាក់ ការពារបរិស្ថាន ការពារប្រព័ន្ធអេកូឡូស៊ី និង ជីវចម្រុះសម្រាប់កម្ពុជា។

សម្រាប់អ្នកដែលប្រើប្រាស់ដីក្នុងតំបន់២ គឺត្រូវគោរពតាមក្រឹត្យក្រមដែលបានកំណត់ និងការប្រើប្រាស់ជីឱ្យបានត្រឹមត្រូវ ដើម្បីបញ្ចៀសការបង្កហានិភ័យដល់ជីវចម្រុះ។ ជាការបន្ថែ សម្ដេចធិបតី។

នាឱកាសនោះ សម្តេចធិបតី ក៏បានប្រកាសផងដែរថា រាជរដ្ឋាភិបាលបានកំណត់ចក្ខុវិស័យច្បាស់លាស់ក្នុងការការពារតំបន់ ៤០០គីឡូម៉ែត្រការ៉េ នៃតំបន់រមនីយដ្ឋានអង្គរ តាមរយៈការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងរក្សាឱ្យបានអត្តសញ្ញាណជាខ្មែរជាអាទិភាព។

សម្តេចធិបតី បានណែនាំឱ្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ស្ថាបត្យកម្ម និងវិនិយោគិន ត្រូវរៀបចំការគ្រប់គ្រងការសាងសង់ឱ្យបានស្របតាមការរចនាបទខ្មែរ គ្រប់គ្រងរូបភាពខាងក្រៅ និងអនុញ្ញាតឱ្យមានការធ្វើទំនើបកម្ម និងទាន់សម័យ ដោយត្រូវកំណត់ផែនការសម្រាប់រៀបចំភូមិក្នុងរយៈពេល ៥០ឆ្នាំមុខ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)