ព្រះសីហនុ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានប្រគល់បណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ សរុបចំនួន៨៦៧២ក្បាលដី នៅភូមិ១ និងភូមិ២ សង្កាត់លេខ១ ក្រុងព្រះសីហនុ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤។
នៅក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ និងមោឃភាពបណ្ណសម្គាល់សិទ្ធកាន់កាប់ប្រើប្រាស់ដីធ្លី លោក គួច ចំរើន បានគូសបញ្ជាក់ថា ការចេញបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ គឺធានាបាននូវភាពកក់ក្ដៅ និងសុវត្ថិភាពដីធ្លីមានសិទ្ធិកាន់កាប់ដីធ្លីពេញលេញ តាមរយៈវិញ្ញាបណ្ណបត្រសម្គាល់ម្ចាស់អចលនវត្ថុជាភស្តុតាងនូវការកាន់កាប់ដីធ្លីរបស់ខ្លួន និងជៀសវាងនូវការរំលោភបំពានលើដីធ្លី។
លោក អភិបាលខេត្ត បានថ្លែងបន្តថា បណ្ណកម្មសិទ្ធិនេះគឺជាភស្តុតាង បញ្ជាក់ពីកម្មសិទ្ធិស្របច្បាប់ដែលត្រូវបានការពារដោយច្បាប់ និងធានាដោយរដ្ឋមិនមានជនណាមួយអាចក្លែងបន្លំ ឬធ្វើការដកហូតដីនោះបានឡើយ លើកលែងតែក្នុងករណីដែលរដ្ឋត្រូវការដើម្បីផលប្រយោជន៍សាធារណៈ ហើយត្រូវទូទាត់ជាមុននូវសំណងដោយសមរម្យ និងយុត្តិធម៌។
បណ្ណកម្មសិទ្ធិនេះ ក៏អាចផ្ដល់លទ្ធភាពដល់ប្រជាកសិករ ដើម្បីយកទៅដាក់ធានាក្នុងការខ្ចីលុយពីមីក្រូហិរញ្ញវត្ថុ ឬធនាគារ យកមកប្រកបរបរធ្វើអាជីវកម្មផ្សេងៗ។ ជាការបន្ថែម លោក គួច ចំរើន បានប្ដេជ្ញាខិតខំផលិតនិងចែកបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជពលរដ្ឋឱ្យអស់ទូទាំងខេត្ដព្រះសីហនុនៅពាក់កណ្ដាលឆ្នាំ២០២៤នេះ។
លោក សំ សុមនោ អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី បានថ្លែងឱ្យដឹងថា ក្បាលដីដែលត្រូវស្នើសុំផ្ដល់វិញ្ញាបណ្ណបត្រសម្គាល់ម្ចាស់អចលនវត្ថុសរុបចំនួន ៨៦៧២ក្បាលដី មាន៣ប្រភេទរួមមាន៖
គឺ១-ក្បាលដី ដែលទទួលបានពីរដ្ឋចែកឱ្យមានចំនួន ១៦៩៥ក្បាលដី
ទី២-ក្បាលដី ដែលទទួលបានពីជីដូនជីតា ឪពុកម្ដាយចែកឱ្យមានចំនួន ៧០៦ក្បាលដី ត្រូវបញ្ជូនទៅសាខាពន្ធដារខេត្ត ដើម្បីប្រថាប់ត្រាពន្ធស្មើសូន្យជាមុនសិនមុននឹងយកមកធ្វើការចែកជូន
ទី៣-ក្បាលដី ដែលបានមកពីការលក់-ទិញ មានចំនួន ៦២៧១ម្ចាស់ដី ត្រូវដាក់ពាក្យស្នើសុំចូលមកមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ដើម្បីយកឯកសារទៅបង់ពន្ធប្រថាប់ត្រានៅសាខាពន្ឋដារខេត្ត៕
ដោយ៖ មឿន ឌីណា (Moeun Dyna)