Register Already an agent ? Login

ទំហំពាណិជ្ជកម្មកម្ពុជា និងទីផ្សារអន្តរជាតិមានទឹកប្រាក់ជាង ៤ពាន់លានដុល្លារ កើនជិត១៧% ដើមឆ្នាំ២០២៤

ភ្នំពេញ៖ ទំនាក់ទំនងពាណិជ្ជកម្មកម្ពុជានិងដៃគូអន្តរជាតិ មានទឹកប្រាក់ជាង ៤ពាន់លានដុល្លារ កើន១៦.៩% ដើមឆ្នាំ២០២៤ ក្នុងនោះ កម្ពុជានាំចេញទឹកប្រាក់ ១​ ៩៦៧​លានដុល្លារ កើន២៧% ចំណែក ការនាំចូលវិញមានទឹកប្រាក់ ២​ ០៩០លានដុល្លារ កើន៨.៧%។ តាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

បើ​ផ្អែក​តាម​តួលេខ​ខាងលើ គឺ​ពាណិជ្ជកម្ម​អន្តរជាតិ​កម្ពុជា ក្នុង​ខែមករា ឆ្នាំ​២០២៤ មាន​ទឹកប្រាក់​សរុប ៤,០៦​ពាន់​លាន​ដុល្លារ កើន​១៦,៩% ពី ៣,៤៧​ពាន់​លាន​ដុ​ល្លារ ​ក្នុង​ខែមករា ឆ្នាំ​២០២៣​។​ បើតាមបញ្ជាក់នៅក្នុងរបាយការណ៍ សម្រាប់​តុល្យភាព​ជញ្ជីង​ពា​ណិ​ជ្ជ​កម្ម​ខែមករា ឆ្នាំ​២០២៤ កម្ពុ​ជាមាន​ឱនភាព ១២៣,០៩​លាន​ដុល្លារ ខណៈ ​ក្នុង​ខែមករា ឆ្នាំ​២០២៣ មាន​ចំនួន ៣៧៣,៨៩លាន​ដុល្លារ​។​

ដៃគូពាណិជ្ជកម្មសំខាន់ៗ​របស់កម្ពុជា គឺចិន ដែលសម្រេចបានទំហំពាណិជ្ជកម្មជាង ១.១ពាន់លានដុល្លារ កើន១៨.៧% ដោយកម្ពុជានាំចេញទៅចិន ក្នុងតម្លៃ ១២១លានដុល្លារ កើន៥០.១% ខណៈ ចិននាំចូលវិញក្នុងតម្លៃជាង ១ពាន់លានដុល្លារ កើនឡើង១៥.១%។

ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាម មានតំហំជាង ៦៧៧លានដុល្លារ កើន ៤១.៥% កម្ពុជានាំចេញទៅវៀតណាម ក្នុងតម្លៃ ៣៧៣លានដុល្លារ កើន ១១៦.៦% ខណៈ វៀតណាមនាំចូលវិញក្នុងតម្លៃជាង ៣០៤លានដុល្លារ ថយចុះ​០.៦%។

រីឯ ការនាំចេញនាំចូលរវាងកម្ពុជា និងសហរដ្ឋអាមេរិកវិញ មានទំហំជាង ៦៤៤លានដុល្លារ កើន១០.៨% កម្ពុជានាំចេញទៅសហរដ្ឋអាមេរិក ក្នុងតម្លៃ ៦២៦លានដុល្លារ កើន១១.៤% ខណៈ សហរដ្ឋអាមេរិកនាំចូលវិញក្នុងតម្លៃជាង ១៧​លានដុល្លារ ថយចុះ៨%។

ជាមួយគ្នានេះ ប្រទេសជាដៃគូរពាណិជ្ជកម្មសំខាន់ៗដទៃទៀតមានដូចជាថៃ ជប៉ុន ឥណ្ឌូនេស៊ី កាណាដា សិង្ហបុរី អេស្ប៉ាញ ជាដើម។

ការ​ងើប​ឡើងវិញ​ជា​បណ្តើរៗ​កំណើនសេដ្ឋកិច្ច​សកល ស្របពេល​សមត្ថភាព​ផលិត​​កម្ម​នៅ​កម្ពុជា​កំពុង​កើនឡើង បានធ្វើឱ្យ​ទឹកប្រាក់​ការផ្លាស់ប្តូរ​ទំនិញ​ជាមួយ​ប្រទេស​ដៃគូ​នានា ពិសេស​ទឹកប្រាក់​នាំចេញ​របស់​កម្ពុជា​បាន​កើនឡើង​គួរឱ្យកត់សម្គាល់​នា​ខែ​ទី​១ ឆ្នាំ​ ២០២៤​។ បើតាមការលើកឡើង លោក លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា។

បើតាម លោក លឹម ហេង ដែលភ្នំពេញប៉ុស្តិ៍ បានស្រង់សំដី បានបន្តថា ​សម្រាប់​កំណើន​ទឹកប្រាក់​នាំចេញ​របស់​កម្ពុជា គឺ​ដោយ​​សារ​កត្តា​ចម្បង​ចំនួន២ ​ទី​១-ការ​​កើនឡើង​នៃ​សមត្ថភាព​ផលិតកម្ម​ក្នុងស្រុក​ដែល​បាន​ពី​កំណើន​រោងចក្រ​/​សហគ្រាស និង​កំណើន​ទិន្នផល​ក្នុង​វិស័យ​កសិកម្ម និង​ទី​២-កម្ពុ​ជាមាន​ទីផ្សារ​នាំចេញ​ធំៗ​ដែល​ទទួលបាន​ពី​ការផ្តល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធគយ​នាំ​ទំនិញ​ទៅ​ប្រទេស​មួយចំនួន ព្រមទាំង​ការចូល​ជាធរ​មាននៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី និង​ពហុភាគី ដែល​កម្ពុជា​បាន​ចុះហត្ថលេខា​។

សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​២០២៤ ត្រូវបាន​ព្យាករ​នឹង​សម្រេចបាន​កំណើន​ក្នុង​រង្វង់ ៦,៦% ​នឹង​ធ្វើឱ្យ​ផលិត​ផល​ក្នុងស្រុក​សរុប ថ្លៃ​បច្ចុប្បន្ន​ស្ថិតក្នុង​រង្វង់ ១៤ ២៩៥៧​ពាន់​លាន​រៀល​ (​សមមូល​នឹង ៣៥ ១៦៨លាន​ដុល្លារ​)​។​ បើតាមឯកសារ​ថវិកា​សង្ខេប ឆ្នាំ​២០២៤ (Budget in Brief Fiscal year 2024) នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ​ក្នុងនោះ​ទុនបម្រុង​អន្តរជាតិ​របស់​កម្ពុជា ឆ្នាំ​២០២៤ ត្រូវបាន​ព្យាករ នឹងមាន​ចំនួន ២១,២៨​ពាន់​លាន​ដុល្លារ ​ពី​ចំនួន​ប៉ាន់ស្មាន ១៩,៤៤​ពាន់​លាន​ដុល្លារ​ នៅក្នុង​ឆ្នាំ​២០២៣ និង​ចំនួន ១៧,៨​ពាន់​លាន​ដុល្លារ ក្នុង​ឆ្នាំ​២០២២៕

ដោយ៖ មឿន ឌីណា (Moeun Dyna)