សៀមរាប៖ ខេត្តសៀមរាប ជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់មួយរបស់កម្ពុជា ដែលសម្បូរពោរពេញដោយសក្តានុពលទេសចរណ៍ ទាំងផ្នែកវប្បធម៌ បេតិកភណ្ឌ ក៏ដូចជាធម្មជាតិ បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ពីសំណាក់រាជរដ្ឋាភិបាល ក្នុងការរៀបចំ និងអភិវឌ្ឍសម្បទាទេសចរណ៍សម្រួលដល់ការទស្សនាឱ្យកាន់តែល្អប្រសើរនិងសម្បូរបែប ដើម្បីបំពេញតម្រូវការនិងផ្តល់អនុស្សាវរីយ៍ល្អៗដល់អ្នកទេសចរដែលបានមកកម្សាន្ត។
រាជរដ្ឋាភិបាល ក៏បានដាក់ចេញនូវយុទ្ធនាការ “ទស្សនាសៀមរាប ឆ្នាំ២០២៤ - Visit Siem Reap 2024” ដោយផ្តោតលើការផ្សព្វផ្សាយអំពីសក្តានុពលនៃខេត្តសៀមរាប ដែលមានគោលដៅជាច្រើនផ្សេងទៀត លើសពីការទស្សនាតែប្រាង្គប្រាសាទ ឱ្យបានកាន់តែទូលំទូលាយ ដើម្បីទាក់ទាញទេសចរមកទស្សនាកាន់តែច្រើនឡើងបន្ថែមទៀត។
អាជ្ញាធរជាតិអប្សរា បាន និងកំពុងរៀបចំនូវផ្លូវក្នុងព្រៃធម្មជាតិ ក្នុងសួនរុក្ខជាតិអង្គរ ដើម្បីបន្ថែមសក្តានុពលដល់តំបន់រមណីយដ្ឋានអង្គរឱ្យកាន់តែមានភាពទាក់ទាញ ដែលនឹងផ្តល់ភាពងាយស្រួលដល់អ្នកទេសចរ អាចធ្វើការដើរកម្សាន្តបែប Trekking និងស្វែងយល់អំពីជីវចម្រុះនៅក្នុងព្រៃទំហំ ១៥០ហិកតា ពីក្លោងទ្វារចូលនៃសួនរុក្ខជាតិអង្គរ រហូតដល់កសិន្ធុខាងត្បូងនៃប្រាសាទអង្គរវត្ត ដោយឥតគិតថ្លៃ។
រាជរដ្ឋាភិបាល នីតិកាលទី៧ បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ នាថ្ងៃទី២៤ សីហា ២០២៣ ដោយបញ្ចកោណទី៤ “ការអភិវឌ្ឍប្រកបដោយភាពធន់ ចីរភាព និងបរិយាបន្ន” បានផ្តោតលើកិច្ចការអាទិភាពចំនួន៥ ដែលកិច្ចការអាទិភាពទី២ គឺការគ្រប់គ្រងធនធានធម្មជាតិ បេតិកភណ្ឌវប្បធម៌ និងទេសចរណ៍ប្រកបដោយចីរភាព ដែលមានគោលដៅយុទ្ធសាស្ត្រផ្តោតលើ ការអភិវឌ្ឍទេសចរណ៍ ដោយទាញយកប្រយោជន៍ឱ្យអស់សក្តានុពលពីបេតិកភណ្ឌវប្បធម៌ និងទេសចរណ៍ ប្រកបដោយចីរភាព។
គូសបញ្ជាក់ថា ក្នុងឱកាសបុណ្យចូលឆ្នាំចិន-វៀតណាម ភ្ញៀវទេសចរ និងប្រជាពលរដ្ឋខេត្តសៀមរាប ដើរកម្សាន្តតាមរមណីយដ្ឋាននានាក្នុងខេត្តសៀមរាប ចាប់ពីថ្ងៃទី៩-១១ ខែកុម្ភៈ ឆ្នាំ២០២៤ មានចំនួនប្រមាណ ១១៧ ៦៧៧នាក់ កើន ១១.៥៦% បើប្រៀបធៀបនឹងឆ្នាំ២០២៣ ចំនួនប្រមាណ ១០៥ ៤៨១នាក់។
ក្នុងនោះ ភ្ញៀវទេសចរជាតិ និងប្រជាពលរដ្ឋក្នុងខេត្ត មានចំនួនប្រមាណ ៩៩ ៦០០នាក់ កើន ១០.៦៧% បើប្រៀបធៀបនឹងឆ្នាំ២០២៣ ចំនួនប្រមាណ ៩០,០០០នាក់។
ដោយឡែក ភ្ញៀវទេសចរអន្តរជាតិ មានចំនួន ១៨,០៧៧នាក់ កើនឡើងចំនួន ១៦.៧៧% បើឆ្នាំ២០២៣ ចំនួន ១៥ ៤៨១នាក់៕
ដោយ៖ មឿន ឌីណា (Moeun Dyna)