ភ្នំពេញ៖ មួយខែដំបូងឆ្នាំ២០២៤ កម្ពុជានាំចេញអង្ករ បានចំនួន ៤៦ ២២១តោន តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៣២ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន៤២ គិតជាទឹកប្រាក់បានចំនួន ៣២.៦២លានដុល្លារ ខណៈ បាននាំចេញស្រូវចំនួន ៥៨៨ ៨១៤តោន គិតជាទឹកប្រាក់ជាង ១៨៤លានដុល្លារ។ តាមសេចក្ដីប្រកាសព័ត៌មាន របស់សហព័ន្ធស្រូវអង្ករកម្ពុជា។
បើតាម សហព័ន្ធស្រូវអង្ករកម្ពុជា ការនាំចេញអង្កររួមមាន ប្រទេសនៅក្នុងសហគមន៍អឺរ៉ុបចំនួន២២ បរិមាណអង្ករចំនួន ២៥ ០០៥តោន គិតជាទឹកប្រាក់ចំនួន ១៨,៨៥ លានដុល្លារ, ប្រទេសក្នុងអាស៊ាន រួមទាំងទីម័រខាងកើត ចំនួន ៥ប្រទេស បានបរិមាណចំនួន ១១ ៩៩៩តោន គិតជាទឹកប្រាក់ ៨,៣០លានដុល្លារ។
ប្រទេសចិន រួមទាំងហុងកុង និងម៉ាកាវចំនួន ៥ ១៧១តោន គិតជាទឹកប្រាក់ ២,៩៣លានដុល្លារ, និងទៅកាន់គោលដៅ ១៣ផ្សេងទៀត អាហ្វ្រិក មជ្ឈិមបូព៌ា អាមេរិក កាណាដា អូស្ត្រាលី ញ៉ូហ្សេឡេន បានចំនួន ៤ ០៤៦តោន គិតជាទឹកប្រាក់ចំនួន ២,៥៥ លានដុល្លារ។
ចំពោះប្រភេទអង្ករបាននាំចេញ អង្ករក្រអូបចំនួន ៧៩.៣៣%, ប្រភេទអង្ករស ធម្មតា ១៤.៨៤%, អង្ករចំហ៊ុយ ៣.១៧ % និង អង្ករសរីរាង្គចំនួន ២.៦៦%។ បើតាម សហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់ថា ការនាំចេញអង្ករក្នុងខែមករា ឆ្នាំ២០២៤ មានការកើនឡើងចំនួនជិត ២៦% បើធៀបនឹងរយៈពេលដូចគ្នានៃ ឆ្នាំ២០២៣ ដែលក្នុងនោះទីផ្សារសហគមន៍អឺរ៉ុបគ្របដណ្តប់ចំនួន ៥៤% នៃការនាំចេញសរុបក្នុងខែមករា។
ដោយឡែក ការនាំចេញស្រូវទៅប្រទេសជិតខាងវិញចំនួន ៥៨៨ ៨១៤តោន ដែលគិតជាទឹកប្រាក់ជាង ១៨៤លានដុល្លារ ដែលក្នុងនោះ ៤៧% បាននាំចេញដោយឆ្លងកាត់ការស្នើសុំ ការបញ្ជាក់ឯកសារនាំចេញ ពីអាជ្ញាធរមានសមត្ថកិច្ច៕
ដោយ៖ មឿន ឌីណា (Moeun Dyna)