ភ្នំពេញ៖ ជាក់ស្តែង, សហគ្រាស គ្រឹះស្ថានសេដ្ឋកិច្ចក្នុងប្រព័ន្ធ ដែលបានចុះបញ្ជីនៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានកើនដល់ចំនួន ៤០ ៩៧៥ និងមានកម្មករ-និយោជិតចំនួន ១,៧លាននាក់ ដោយបានទទួលប្រាក់ឈ្នួលសរុបជាមធ្យមជាង ៥,១៨ប៊ីលានដុល្លារ ក្នុង១ឆ្នាំៗ។ ជាការថ្លែង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានបន្តថា នេះមិនទាន់គិតអំពីកម្មករ-និយោជិត នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ និង ពលករខ្មែរធ្វើការនៅបរទេស។
ការថ្លែងខាងលើ សម្តេចធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២៣ និងទិសដៅការងារឆ្នាំ២០២៤ និងពិធីប្រកាសដាក់ឱ្យអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈឆ្នាំ២០២៤-២០២៨ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤។
នាឱកាសនោះ ប្រមុខរាជរដ្ឋាភិបាល បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលការងារ ដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈសម្រេចបាននៅឆ្នាំ២០២៣ កន្លងទៅ ជាពិសេសការអនុវត្តភារកិច្ចគោលនយោបាយ និងកម្មវិធីនានារបស់រាជរដ្ឋាភិបាល រួមទាំងការងារអាទិភាពធំៗទាំង៥ ដែលក្រសួងបានដាក់ចេញកាលពីឆ្នាំ២០១៩ ប្រកបដោយការទទួលខុសត្រូវ, បុរេសកម្ម ប្រសិទ្ធភាព និងវិជ្ជាជីវៈខ្ពស់។
ជាលទ្ធផល, លក្ខខណ្ឌការងារ, សុវត្ថិភាព និងសុខភាពការងារ, និងសុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈ មានការរីកចម្រើនគួរជាទីមោទនៈ ហើយសិទ្ធិ និងផលប្រយោជន៍គោលរបស់បងប្អូនកម្មករ-និយោជិត, ទាំងនៅក្នុង និងក្រៅប្រទេស ត្រូវបានការពារ និងលើកកម្ពស់ ជាប់ជាប្រចាំ។ ជាការថ្លែងបន្ត សម្ដេចធិបតី។
សម្តេចធិបតី នាយករដ្ឋមន្ត្រី បានធ្វើការគូសបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណ ដែលជាយុទ្ធសាស្រ្តអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជារយៈពេលវែង និងត្រូវអនុវត្តជា ៥ដំណាក់កាល សម្រាប់រយៈពេល២៥ ឆ្នាំទៅមុខ ដោយរក្សានូវបាវចនា «ការងារ» និង វិស័យអាទិភាព «មនុស្ស» នៅដដែល។
ក្នុងន័យនេះ រាជរដ្ឋាភិបាលក្នុងអាណត្តិទី៧នេះ ក៏ដូចជាអាណត្តិបន្តបន្ទាប់ នឹងបន្តផ្តល់អាទិភាពខ្ពស់ចំពោះការអភិវឌ្ឍវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយផ្តោតជាសំខាន់លើការកែទម្រង់ស្ថាប័ន, ការពង្រឹងអភិបាលកិច្ច, ការកែតម្រូវក្របខ័ណ្ឌគតិយុត្ត និងការជំរុញបរិវត្តកម្មឌីជីថល សំដៅរក្សាស្ថិរភាពទីផ្សារការងារ, លើកកម្ពស់ជីវភាពកម្មករ-និយោជិត។ ជាការបន្ថែម ប្រមុខរាជរដ្ឋាភិបាល។
ប្រមុខរាជរដ្ឋាភិបាល បានបន្ថែមទៀតថា ជាមួយគ្នានេះ រក្សាការពារសន្តិសុខសង្គម តាមរយៈការកសាងបរិយាកាសវិនិយោគអំណោយផល, ការបង្កើតការងារ, ការធានានិរន្តរភាពការងារ, ការកែលម្អលក្ខខណ្ឌការងារ, ការគោរពសិទ្ធិ និងអត្ថប្រយោជន៍របស់កម្មករ-និយោជិត និងការធ្វើសុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈ ជាដើម៕
ដោយ៖ មឿន ឌីណា (Moeun Dyna)