សៀមរាប៖ កាលពីមុនកម្ពុជាជាប្រទេសមានសំណល់ជាតិផ្ទុះពីសង្គ្រាមច្រើន ឥឡូវរាជរដ្ឋាភិបាលបានធ្វើការបោសសម្អាតបានជាង ៣ពាន់គីឡូម៉ែត្រឡា ដែលមានទំហំធំជាងគេក្នុងចំណោមប្រទេស ដែលកំពុងបោសសម្អាតគ្រាប់មីននៅលើពិភពលោក។ បើតាមការថ្លែង លោក លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន។
ប្រទេសកម្ពុជាយើងរហូតមកដល់ពេលនេះមានខេត្តចំនួន ១៨ ក្នុងចំណោម ២៥រាជធានី ខេត្ត បានអស់មីន ដែលនេះជាជោគជ័យដ៏ធំមួយ ហើយនៅសល់ ០៧ ខេត្តទៀត ដែលជាខេត្តនៅជាប់ព្រំដែនថៃ ដែលកំពុងធ្វើការបោសសម្អាតជាបន្តបន្ទាប់ទៀត និងគ្រោងបញ្ចប់ទាំងអស់នៅត្រឹមឆ្នាំ២០២៥។ បើតាមការថ្លែង បន្ត លោក លី ធុជ។
បើតាម លោក លី ធុជ ជាប្រធានគណៈកម្មការអន្តរក្រសួង រៀបចំធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន បានបន្តទៀតថា ប្រទេសកម្ពុជាត្រូវបានបោះឆ្នោតជ្រើសរើសជាប្រធានអនុសញ្ញាអូតាវ៉ា (ស្តីពីការហាមឃាត់ប្រើប្រាស់មីនប្រឆាំងមនុស្ស) ដែលអនុញ្ញាអូតាវ៉ានេះ គឺមានគោលដៅបញ្ចប់នូវការឈឺចាប់ទុក្ខវេទនារបស់ប្រជាពលរដ្ឋពិភពលោក ក៏ដូចជាកម្ពុជា ដោយសារសំណល់ជាតិផ្ទុះពីសង្គ្រាម។
អនុប្រធានទី១ អាជ្ញាធរមីន ដែលបានផ្តល់បទសម្ភាសដល់អ្នកសារព័ត៌មាន ពីរសៀលថ្ងៃទី0៧ ខែកុម្ភៈ ឆ្នាំ២០២៤ ថា កាលពីខែវិច្ឆិកា ការបោះឆ្នោតជ្រើសរើសកម្ពុជាធ្វើជាប្រធានអនុសញ្ញាអូតាវ៉ា និងម្ចាស់ផ្ទះកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយ ដែលគ្មានមីននេះ គឺដោយសារកត្តាសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្ឋាប់ធ្នាប់គ្រប់គ្រាន់ទាំងអស់។ ពិសេសនោះ គឺកម្ពុជាបានផ្សព្វផ្សាយទៅពិភពលោកថា កម្ពុជាចប់ពីសង្គ្រាមហើយ មានសន្តិភាព ប្រជាពលរដ្ឋរស់នៅដោយសម្បូរសប្បាយ។
លោក បានបន្ថែមទៀតថា កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយ ដែលគ្មានមីននេះ នឹងធ្វើឡើងនៅខែវិច្ឆិកា ឆ្នាំ២០២៤ នៅខេត្តសៀមរាប ដែលមានគណៈប្រតិភូនៃរដ្ឋភាគី អនុសញ្ញាអូតាវ៉ា ចំនួន ១៦៤ប្រទេស និងអង្គការអន្តរជាតិនានាជាច្រើនទៀតអញ្ជើញមកចូលរួម។
ដើម្បីឱ្យការទទួលបដិសណ្ឋារកិច្ចគណៈប្រតិភូបានល្អ គណៈប្រតិភូអន្តរក្រសួងនៅថ្ងៃនេះ បានចុះពិនិត្យទីតាំងព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរ និងសណ្ឋាគារសុខាសៀមរាប ដើម្បីត្រៀមរៀបចំទទួលស្វាគមន៍ និងបដិសណ្ឋារកិច្ចគណៈប្រតិភូឱ្យបានល្អប្រសើរ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)