ភ្នំពេញ៖ ក្នុងបទប្បញ្ញត្តិស្តីពីពន្ធលើប្រាក់ចំណូល ដូចមានចែងក្នុងប្រកាសលេខ ០៩៨ សហវ.ប្រក ចុះថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ ត្រង់ប្រការ២១ ប្រការ២២ និងប្រការ២៣ ចំណូលត្រូវបានបែងចែកជា ៣ប្រភេទ ដូចខាងក្រោម៖
១-ចំណូលពីសកម្មភាពអាជីវកម្ម៖ គឺជាចំណូលដែលបានមកពីការផ្គត់ផ្គង់ទំនិញឬសេវាដែលជាសកម្មភាពអាជីវកម្មដូចមានបញ្ជាក់នៅ លើប័ណ្ណពន្ធប៉ាតង់របស់សហគ្រាស។ ចំណូលនេះ រួមបញ្ចូលទាំងការទទួលស្គាល់ចំណូលដែលកើតអំពីការយកទំនិញឬសេវាសម្រាប់ ប្រើប្រាស់ផ្ទាល់ខ្លួនរបស់បុគ្គលណាម្នាក់ផងដែរ។
២-ចំណូលបន្ទាប់បន្សំ៖ គឺជាចំណូលទាំងឡាយណាដែលមិនមែនជាចំណូលពីសកម្មភាពអាជីវកម្មរបស់សហគ្រាស ប៉ុន្តែត្រូវគិតបញ្ចូល ផងដែរទៅក្នុងប្រាក់ចំណូលរបស់សហគ្រាស។
ចំណូលបន្ទាប់បន្សំមានជាអាទិ៍៖
• ចំណូលពីការជួលអចលនទ្រព្យ ទោះបីជាអចលនទ្រព្យនោះចូលរួម ឬមិនចូលរួមក្នុងសកម្មភាពអាជីវកម្មក្តី
• អចលនទ្រព្យដាក់ឱ្យតតិយជនប្រើប្រាស់ដោយឥតគិតថ្លៃ ដោយត្រូវកំណត់ថាសហគ្រាសបានទទួលចំណូលជាប់ពន្ធដែលមាន ទឹកប្រាក់ស្មើនឹងថ្លៃឈ្នួលតាមទីផ្សារនៃអចលនទ្រព្យ
• អចលនទ្រព្យដាក់ឱ្យនិយោជិតប្រើប្រាស់ជាលក្ខណៈឯកជនដោយឥតគិតថ្លៃ ដោយត្រូវកំណត់ថាសហគ្រាសបានទទួលចំណូល ជាប់ពន្ធដែលមានទឹកប្រាក់ស្មើនឹងថ្លៃឈ្នួលតាមទីផ្សារនៃអចលនទ្រព្យ វៀរលែងតែអចលនទ្រព្យដែលដាក់ឱ្យកម្មករនិយោជិត ប្រើប្រាស់ជារួមស្របតាមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ
• សួយសារ ដែលជាចំណូលបានមកពីអាជីវកម្មលើទ្រព្យសកម្មអរូបីផ្សេងៗ ដូចជាប្រកាសនីយបត្រតក្កកម្ម សិទ្ធិចម្លង គំនូរ គំរូប្លង់ សិទ្ធិអាជីវកម្ម សញ្ញាផលិត និងវិធីធ្វើជាដើម
• ចំណូលបន្ទាប់បន្សំដទៃទៀត ជាអាទិ៍មាន ចំណូលពីការលក់កាកសំណល់ ការជួលសម្ភារអាជីវកម្ម ប្រាក់ចំណូលពីសំបកវេចខ្ចប់ជាដើម។
៣-ចំណូលផ្សេងៗ៖ ក្រៅពីចំណូលពីសកម្មភាពអាជីវកម្ម និងចំណូលបន្ទាប់បន្សំ សហគ្រាសអាចមានចំណូលផ្សេងៗទៀតដែលត្រូវបញ្ចូល ក្នុងប្រាក់ចំណូលជាប់ពន្ធ មានជាអាទិ៍៖
• ចំណូលពីមូលបត្រ ភាគហ៊ុន និងចំណូលភាគលាភ
• ចំណូលហិរញ្ញវត្ថុ (ចំណូលពីឥណទេយ្យ ប្រាក់ធានា គណនីសន្សំ គណនីចរន្ត...)
• ប្រាក់ចំណូលពីសកម្មភាពដែលបានធ្វើឡើងសម្រាប់ជាប្រយោជន៍បុគ្គលិក
• អំណោយ និងឧបត្ថម្ភកធនការ
• សាងសង់ឬកែលម្អអចលនទ្រព្យដែលអ្នកជួលធ្វើឡើងដោយសោហ៊ុយផ្ទាល់ខ្លួន និងដោយមិនបានគិតថ្លៃពីសហគ្រាសវិញ នាំឱ្យមានការកើនឡើងនូវតម្លៃអចលនទ្រព្យ
• តម្លៃលើសពីការលក់ ឬឈប់ប្រើប្រាស់ទ្រព្យសកម្មអាជីវកម្មសំណងធានារ៉ាប់រង
• សំណងផ្សេងៗ
• ការបន្ធូរបន្ថយនូវពន្ធអាករដែលកាលពីមុនបានកាត់ចេញពីប្រាក់ចំណូលជាប់ពន្ធ
• ការបន្ថយបំណុល។
គូសបញ្ជាក់ថា ចំណូលពីសកម្មភាពអាជីវកម្ម និងចំណូលបន្ទាប់បន្សំ គឺជាផលរបរដែលជាមូលដ្ឋានសម្រាប់គណនាប្រាក់រំដោះពន្ធលើប្រាក់ចំណូលឬ ពន្ធអប្បបរមា៕
ដោយ៖ មឿន ឌីណា (Moeun Dyna)