ភ្នំពេញ៖ ស្របតាមប្រកាសលេខ០៧១ សហវ.ប្រក.អពដ ចុះថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ របស់ក្រសួង សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អ្នកជាប់ពន្ធតាមរបបស្វ័យប្រកាសដែលស្ម័គ្រចិត្តចូលខ្លួនស្នើសុំកែតម្រូវបញ្ជីគណនេយ្យ និងលិខិតប្រកាសពន្ធឡើងវិញ ដោយផ្អែកលើមូលដ្ឋាននៃការភាន់ច្រឡំ ឬការភ្លាំងភ្លាត់ នឹងទទួលបានការលើកលែងទណ្ឌកម្មរដ្ឋបាល រួមមាន ពន្ធបន្ថែម ការប្រាក់ និងការផាកពិន័យជាប្រាក់ទាំងស្រុង ដោយមានរយៈពេលរហូតដល់ដំណាច់ខែមិថុនា ឆ្នាំ២០២៤។
ការលើកលែងទណ្ឌកម្មរដ្ឋបាលនេះអនុវត្តចំពោះតែ៖
១. ការស្នើសុំកែតម្រូវបញ្ជីគណនេយ្យ និងលិខិតប្រកាសពន្ធឡើងវិញលើប្រតិបត្តិការដែល កើតឡើងមុនការិយបរិច្ឆេទខែមករា ឆ្នាំ២០២៤ តែប៉ុណ្ណោះ។
ដោយឡែកការស្នើសុំកែ តម្រូវលិខិតប្រកាសពន្ធលើប្រតិបត្តិការដែលកើតឡើងចាប់ពីខែមករា ឆ្នាំ២០២៤ តទៅ មិនត្រូវទទួលបានការលើកលែងទណ្ឌកម្មរដ្ឋបាលនេះឡើយ។
២. ការស្នើសុំកែតម្រូវបញ្ជីគណនេយ្យ និងលិខិតប្រកាសពន្ធឡើងវិញក្នុងអំឡុងពេលរងសវនកម្មពន្ធដារ ដែលការកែតម្រូវនោះបានធ្វើឡើង មុនពេលសវនករពន្ធដាររកឃើញកំហុសរបស់អ្នកជាប់ពន្ធឬភ្នាក់ងារកាត់ទុកតែប៉ុណ្ណោះ មានន័យថាអ្នកជាប់ពន្ធឬភ្នាក់ងារកាត់ទុកអាចស្នើសុំកែតម្រូវ ករណីដែលសវនករមិនទាន់បានបង្ហាញ និងគ្មានកំណត់ហេតុបញ្ជាក់ពីលទ្ធផលសវនកម្ម។
គូសបញ្ជាក់ថា ប្រសិនបើការកែតម្រូវលិខិតប្រកាសពន្ធលើលទ្ធផលសវនកម្ម ដែលសវនករបានរកឃើញក្នុងអំឡុងពេលរងសវនកម្មពន្ធដារ អ្នកជាប់ពន្ធឬភ្នាក់ងារកាត់ទុក ត្រូវទទួលរងពន្ធបន្ថែម ១០% និងការប្រាក់យឺតយ៉ាវ ១.៥% ស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។
ករណីនេះ អ្នកជាប់ពន្ធឬភ្នាក់ងារកាត់ទុកនឹងត្រូវទទួលរងពន្ធបន្ថែមនិងការប្រាក់យឺតយ៉ាវតាមនីតិវិធីនិងលទ្ធផលនៃការធ្វើសវនកម្មពន្ធដារ ដោយពន្ធបន្ថែមនិងការប្រាក់យឺតយ៉ាវដែលបានបង់រួចតាមរយៈការកែតម្រូវលិខិតប្រកាសពន្ធដោយស្ម័គ្រចិត្ត ត្រូវអនុញ្ញាតឱ្យកាត់កងជាមួយនឹងពន្ធបន្ថែម និងការប្រាក់យឺតយ៉ាវដែលជាលទ្ធផលនៃការធ្វើសវនកម្ម៕
ដោយ៖ មឿន ឌីណា (Moeun Dyna)