ភ្នំពេញ៖ ខណ្ឌមានជ័យជាខណ្ឌមួយក្នុងចំណោមខណ្ឌទាំង១៤ របស់រាជធានីភ្នំពេញ និងត្រូវបានកំណត់ជាតំបន់ អភិវឌ្ឍនៃរាជធានីភ្នំពេញក្នុងចំណោមតំបន់អភិវឌ្ឍផ្សេងទៀតដូចជាខណ្ឌច្បារអំពៅ ខណ្ឌដង្កោ ខណ្ឌពោធិ៍សែនជ័យ ខណ្ឌព្រែកព្នៅ ខណ្ឌជ្រោយចង្វារ និងខណ្ឌសែនសុខ និងជាមជ្ឈមណ្ឌលវប្បធម៌ នយោបាយ សន្តិសុខ សេដ្ឋកិច្ច សង្គមដែលមានការអភិវឌ្ឍប្រកបដោយសក្តានុពលប្រកួតប្រជែងនិងនិរន្តរភាពលើគ្រប់វិស័យ។
បច្ចុប្បន្ន ខណ្ឌមានជ័យមានព្រំប្រទល់ផ្នែកខាងជើងជាប់នឹងខណ្ឌចំកាមែន ខណ្ឌទួលគោក ខណ្ឌសែនសុខ ផ្នែកខាងត្បូងជាប់នឹងខណ្ឌដង្កោ និងក្រុងតាខ្មៅ ខេត្តកណ្តាល ផ្នែកខាងលិចជាប់នឹងខណ្ឌពោធិ៍សែនជ័យ និងផ្នែកខាងកើតជាប់នឹងទន្លេបាសាក់។ បើតាមប្លង់គោលប្រើប្រាស់ដីខណ្ឌមានជ័យ ចក្ខុវិស័យឆ្នាំ២០៣៥។
ខណ្ឌមានជ័យមានផ្ទៃដីប្រមាណ២ ៤៩០,៤៤ហិកតា និងចែកជា៧សង្កាត់ និង៥៩ភូមិ ដូចតទៅ៖ សង្កាត់ចាក់អង្រែលើមានភូមិចំនួន៧, សង្កាត់ចាក់អង្រែក្រោមមានភូមិចំនួន៨, សង្កាត់ស្ទឹងមានជ័យទី១ មានភូមិចំនួន៨, សង្កាត់ស្ទឹងមានជ័យទី២ មានភូមិចំនួន៨, សង្កាត់ស្ទឹងមានជ័យទី៣ មានភូមិចំនួន៦, សង្កាត់បឹងទំពុនទី១ មានភូមិចំនួន១១, សង្កាត់បឹងទំពុនទី២ មានភូមិចំនួន១១។
ប្លង់គោលប្រើប្រាស់ដីទណ្ឌមានជ័យត្រូវបានកសាងដោយមានការសិក្សាច្បាស់លាស់លើកត្តាភូមិសាស្ត្រ ប្រជាសាស្ត្រ សង្គមកិច្ច សេដ្ឋកិច្ច បរិស្ថាន ទេសចរណ៍ និងវប្បធម៌ ព្រមទាំងគោលនយោបាយច្បាប់និងលិខិត បទដ្ឋានគតិយុត្តសំខាន់ៗមួយចំនួនពាក់ព័ន្ធនឹងការរៀបចំដែនដីនិងនគរូបនីយកម្ម មានជាអាទិ៍ ច្បាប់ភូមិបាល ច្បាប់ស្តីពីសំណង់ ច្បាប់ស្តីពីការរៀបចំទឹកដី នគរូបនីយកម្ម និងសំណង់ ច្បាប់ស្តីពីកិច្ចការពារបរិស្ថាននិងការ គ្រប់គ្រងធនធានធម្មជាតិ ច្បាប់ស្តីពីកិច្ចការពារបេតិកភណ្ឌវប្បធម៌ ច្បាប់ស្តីពីទេសចរណ៍ ច្បាប់ស្តីពីជលផល ច្បាប់ស្តីពីផ្លូវថ្នល់ ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ អនុក្រឹត្យស្តីពីការបង្កើតគណៈកម្មាធិការរៀបចំដែនដីនិងនគរូបនីយកម្មថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អនុក្រឹត្យស្តីពីនគរូបនីយកម្ម រាជធានី ក្រុង និងទីប្រជុំជន អនុក្រឹត្យស្តីពីលិខិតអនុញ្ញាតសាងសង់ អនុក្រឹត្យ ស្តីពីការដាក់ឱ្យអនុវត្តប្លង់គោលប្រើប្រាស់ដីរាជធានីភ្នំពេញ និងបទដ្ឋានគតិយុត្តពាក់ព័ន្ធ។
ចក្ខុវិស័យនៃប្លង់គោលប្រើប្រាស់ដីខណ្ឌមានជ័យមានលក្ខណៈទូលំទូលាយ គ្របដណ្តប់ទាំងទិដ្ឋភាពគតិយុត្ត និងបច្ចេកទេស សម្រាប់ធ្វើការសម្របសម្រួលរវាងវិស័យនានាដែលជាកម្លាំងចលករសេដ្ឋកិច្ច សំដៅធ្វើការតម្រង់ ទិសការអភិវឌ្ឍនគរូបនីយកម្មប្រកបដោយចីរភាពនិងបរិយាបន្ន ឆ្លើយតបទៅនឹងកំណើនប្រជាសាស្ត្រ តម្រូវការប្រើប្រាស់ដី ការអភិវឌ្ឍលំនៅឋាន និងការអភិវឌ្ឍគ្រប់វិស័យក្នុងពេលបច្ចុប្បន្ននិងទៅអនាគត ដោយធានាបាននូវការការពារធនធានដី ធនធានទឹក ទឹកក្រោមដី ប្រព័ន្ធអេកូឡូស៊ី បរិស្ថាន និងធនធានធម្មជាតិដែលអាចធ្វើការ អភិវឌ្ឍឱ្យមានសណ្តាប់ធ្នាប់ របៀបរៀបរយ សោភណភាព ចីរភាព និងចូលរួមបង្ការទប់ស្កាត់ការប្រែប្រួល អាកាសធាតុដូចជាការបំភាយទុស្ម័នផ្ទះកញ្ចក់ ការកើនឡើងនៃកម្ដៅ ទឹកជំនន់ និងខ្យល់ព្យុះក្នុងរាជធានីជាដើម។
ក្របខណ្ឌសង្គម-សេដ្ឋកិច្ច និងចកវិស័យ ប្លង់គោលប្រើប្រាស់ដីខណ្ឌមានជ័យត្រូវបានរៀបចំឡើងដោយបានសិក្សា ប្រមូលនិងវិភាគទិន្នន័យប្រជាសាស្ត្រ ទិន្នន័យហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ទិន្នន័យសង្គម ទិន្នន័យសេដ្ឋកិច្ច ទិន្នន័យបរិស្ថាន និងការស្រង់មតិសម ស្របតាមគោលនយោបាយជាតិស្តីពីការរៀបចំដែនដីនៃព្រះរាជាណាចក្រកម្ពុជា គោលនយោបាយដីធ្លី "សៀវភៅ សដីធ្លី” ច្បាប់ស្តីពីសំណង់ និងអនុក្រឹត្យស្តីពីនគរូបនីយកម្ម រាជធានី ក្រុង និងទីប្រជុំជន។
ដើម្បីកំណត់ចក្ខុវិស័យប្លង់គោលប្រើប្រាស់ដីខណ្ឌមានជ័យដល់ឆ្នាំ២០៣៥ ក្របខណ្ឌសង្គម-សេដ្ឋកិច្ច ត្រូវបានសិក្សាវិភាគតាមបែបវិទ្យាសាស្ត្រដោយផ្នែកតាមលទ្ធផលនៃជំរឿនទូទៅនូវប្រជារាស្ត្ររបស់ប្រទេសកម្ពុជា ឆ្នាំ២០០៨ និងជំរឿនទូទៅប្រជាជននៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០១៩។
តាមរយៈការសិក្សាខាងលើនេះ ខណ្ឌមានជ័យមានផ្ទៃដីប្រមាណ២ ៤៩០,៤៤ហិកតា ប្រជាជននៅឆ្នាំ២០០៨ មានចំនួន១៩៤ ៦៣៦នាក់ និងនៅឆ្នាំ២០១៩ មានចំនួន ២៥៦ ៥៧៧នាក់ ហើយតាមការព្យាករណ៍នៅឆ្នាំ២០៣៥ ប្រជាជននឹងកើនឡើងដល់ចំនួន ២៨៨ ០៥៦នាក់ ផ្អែកតាមការគណនាអត្រាកំណើនប្រចាំឆ្នាំ។
ជាមួយគ្នានេះការបែងចែកកម្លាំងពលកម្មតាមវិស័យ សេដ្ឋកិច្ចសម្រាប់ខណ្ឌមានជ័យនៅឆ្នាំ២០០៨ ប្រជាជនដែលធ្វើការក្នុងវិស័យកសិកម្មមានចំនួន២ ១៣៣នាក់ ស្មើនឹង២, ០៥% វិស័យឧស្សាហកម្មមានចំនួន៥៣ ១០៨នាក់ស្មើនឹង៥១, ០៨% និងវិស័យសេវាកម្មនឹងថយមកត្រឹម ១០៩នាក់ ស្មើនឹង០,១០%៕
ដោយ៖ មឿន ឌីណា (Moeun Dyna)