ភ្នំពេញ៖ ទីភ្នាក់ងារជំរុញវិនិយោគ និងពាណិជ្ជកម្មកូរ៉េ (KOTRA) នឹងរៀបចំវេទិកាជំរុញ និងទាក់ទាញវិនិយោគមកកាន់កម្ពុជានាពេលដ៏ខ្លីខាងមុខ សំដៅបញ្ជ្រាបការឈ្វេងយល់ដល់ធុរជន និងវិនិយោគិនកូរ៉េអំពីកាលានុវត្តភាព និងបរិយាកាសវិនិយោគនៅកម្ពុជា។
លោក សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានដឹកនាំក្រុមការងារទទួលជួបពិភាក្សាការងារជាមួយទីភ្នាក់ងារជំរុញវិនិយោគ និងពាណិជ្ជកម្មកូរ៉េ (KOTRA) តំណាងដោយ លោក Hacheong Yun អគ្គនាយក KOTRA ភ្នំពេញ នា ព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ ទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
បើតាមជំនួបនេះ ក្នុងគោលបំណងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការចំពោះមុខពាក់ព័ន្ធនឹងសកម្មភាពជំរុញ និងទាក់ទាញវិនិយោគមកកាន់ទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។
នាឱកាសនោះ លោក សួន សុផល បានថ្លែងអំណរគុណជូនចំពោះភាគីមិត្ត ដែលមានបំណងរៀបចំវេទិកាជំរុញ និងទាក់ទាញវិនិយោគមកកាន់កម្ពុជានាពេលដ៏ខ្លីខាងមុខ សំដៅបញ្ជ្រាបការឈ្វេងយល់ដល់ធុរជន និងវិនិយោគិនកូរ៉េអំពីកាលានុវត្តភាព និងបរិយាកាសវិនិយោគនៅកម្ពុជា។
លោក អគ្គលេខាធិការរង មានសុទិដ្ឋិនិយមថាវេទិកានាពេលខាងមុខនឹងពាំនាំមកនូវផ្លែផ្កាវិជ្ជមានសម្រាប់រុញច្រានរំហូរវិនិយោគពីកូរ៉េមកកាន់កម្ពុជាឱ្យកាន់តែមានកំណើនគួរឱ្យកត់សម្គាល់។
លោក សួន សុផល បានរម្លឹកឡើងវិញអំពីអត្ថិភាពនៃតុវិនិយោគកូរ៉េ (Korea Desk) ដែលជាមរតកដ៏មានតម្លៃនៃកិច្ចសហប្រតិបត្តិការរវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េពាក់ព័ន្ធនឹងកិច្ចការវិនិយោគឯកជន។
ជាការឆ្លើយតប សមភាគី បានសម្តែងនូវការពេញចិត្តជូនចំពោះក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលជានិច្ចកាលតែងតែផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធក្នុងការរៀបចំសកម្មភាពគាំទ្រនានា។
ក្នុងស្មារតីនេះ សមភាគី បានបង្ហាញជំនឿចិត្តយ៉ាងមុតមាំថាផែនការសកម្មភាពជំរុញ និងទាក់ទាញវិនិយោគនឹងសម្រេចជោគជ័យតាមការគ្រោងទុក៕
ដោយ៖ មឿន ឌីណា (Moeun Dyna)