ភ្នំពេញ៖ ក្នុងរយៈពេល១ខែមករា ដើមឆ្នាំ២០២៤ គ្រឹះស្ថានអង្គរប្រមូលចំណូលពីការលក់បណ្ណ ជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយដ្ឋានអង្គរ បានចំនួន ៥ ៤៩៨ ០៥៤ដុល្លារ កើនឡើង ៥០,៩០%។
នៅក្នុងរយៈពេល១ខែមករា ដើមឆ្នាំ២០២៤នេះ ភ្ញៀវទេសចរបរទេស បានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរមានចំនួន ១១៥ ៥៣២នាក់ បើធៀបនឹងខែមករា ឆ្នាំ២០២៣ មានការកើនឡើង ៤៨,២០%។ បើតាមការបញ្ជាក់ គ្រឹះស្ថានអង្គរ។
ក្រៅពីចំណូលខាងលើគ្រឹះស្ថានអង្គរក៏រកចំណូលបាន ៤៣ ៤១០ដុល្លារ ពីភ្ញៀវបរទេសទិញសំបុត្រចូលទស្សនាតំបន់ប្រាសាទកោះកែរ និងចំនួន ១០១ ៨៥៤ដុល្លារ ពីការលក់សំបុត្រទូកនៅកំពង់ផែចុងឃ្នៀស។
គូសបញ្ជាក់ថា ការប្រមូលចំណូលរបស់គ្រឹះស្ថានអង្គរ គឺរួមមាន រមណីយដ្ឋានអង្គរ, ប្រាសាទកោះកេរ, និងសំបុត្រទូកនៅកំពង់ផែចុងឃ្នៀស។
គួររម្លឹកើងដែរថា នៅក្នុងឆ្នាំ២០២៣ មានភ្ញៀវបរទេស ៧៩៨ ០៦៩នាក់ បានទិញសំបុត្រចូលរមណីយដ្ឋានអង្គរ កើន ១៧៧,៦៣% បើធៀបនឹងឆ្នាំ២០២២ ចំណែកប្រាក់ប្រមូលបានពីការលក់សំបុត្រ ៣៧,២លានដុល្លារ កើន ២២២,៦៨ %។
ក្រៅពីចំណូលខាងលើ គ្រឹះស្ថានអង្គរ ក៏រកបាន ២២២ ០៩០ដុល្លារពីការលក់សំបុត្រឱ្យភ្ញៀវបរទេសចូលទស្សនាប្រាសាទកោះកេរ និង ៥៦៤ ៦៧១ដុល្លារ ពីការលក់សំបុត្រទូកនៅកំពង់ផែចុងឃ្នៀស៕
ដោយ៖ មឿន ឌីណា (Moeun Dyna)