Register Already an agent ? Login

ឧស្សាហកម្មដ៏ធំជប៉ុន គ្រោងពង្រីកវិនិយោគលើវិស័យវាយនភ័ណ្ឌក្នុងទម្រង់ជា OEM ដាក់ថាផលិតនៅកម្ពុជា

ភ្នំពេញ៖ សភាពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន ដែលជាស្ថាប័នសេដ្ឋកិច្ច និងពាណិជ្ជកម្មដ៏ធំនៅក្នុងប្រទេសជប៉ុន មានការិយាល័យចំនួន៥១៥ និងមានសមាជិកសរុបជាង ១,២៥លាននាក់ ផ្តោតសំខាន់លើវិស័យវាយនភ័ណ្ឌ គ្រឿងម៉ាស៊ីននិងលោហៈធាតុ ថាមពល សារធាតុគីមី អាហារ លំនៅឋាន បច្ចេកវិទ្យាព័ត៌មាន និងហិរញ្ញវត្ថុ មានគម្រោងពង្រីកការវិនិយោគបន្ថែមនៅកម្ពុជា ក្នុងទម្រង់ជា OEM លើសម្ភារៈវាយនភ័ណ្ឌ ដែលបង្ហាញថាផលិតផល ផលិតនៅកម្ពុជា (Made In Cambodia)។

សម្តេចបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអនុញ្ញាតឱ្យ លោក Yoshihisa Suzuki ប្រធានគណៈកម្មាធិការកិច្ចសហប្រតិបត្តិការធុរកិច្ចមេគង្គ-ជប៉ុន នៃសភាពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នឹងថ្ងៃទី១ ខែកុម្ភៈ ២០២៤​។

លោក Yoshihisa Suzuki បានថ្លែងអំណរគុណ សម្តេចធិបតី ឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម ជាមួយគ្នានេះ អគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែបានយកចិត្តទុកដាក់ក្នុងការគាំទ្រ ជានិច្ចចំពោះការវិនិយោគរបស់ក្រុមហ៊ុនជប៉ុននៅកម្ពុជា។

ក្នុងឱកាសនៃជំនួប លោក Yoshihisa ជម្រាបជូន សម្តេចធិបតី អំពីសកម្មភាពរបស់សភាពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន ដែលជាស្ថាប័នសេដ្ឋកិច្ច និងពាណិជ្ជកម្មដ៏ធំនៅក្នុងប្រទេសជប៉ុន បច្ចុប្បន្នមានការិយាល័យចំនួន៥១៥ និងមានសមាជិកសរុបប្រមាណជាង ១,២៥លាននាក់ ដែលផ្តោតសំខាន់លើវិស័យវាយនភ័ណ្ឌ គ្រឿងម៉ាស៊ីននិងលោហៈធាតុ ថាមពល សារធាតុគីមី អាហារ លំនៅឋាន បច្ចេកវិទ្យាព័ត៌មាន និងហិរញ្ញវត្ថុ។

បន្ថែមលើនេះ លោក ជម្រាបជូន សម្តេចធិបតី អំពីសកម្មភាព​វិនិយោគដែលមានស្រាប់នៅកម្ពុជា​ លើវិស័យ​វាយនភ័ណ្ឌ​ ការផ្គត់ផ្គង់ឧស្ម័ន និងលើវិស័យកសិកម្ម​ ដែលផ្តោតសំខាន់លើដំណាំល្ង​។

 លោកប្រធាន គូសបញ្ជាក់ថា គោលបំណងនៃដំណើរទស្សនកិច្ចរបស់គណៈប្រតិភូពេលនេះ ក្នុងការស្វែងយល់ពីការអភិវឌ្ឃសេដ្ឋកិច្ច និងកាលានុវត្តភាពសម្រាប់ការវិនិយោគនៅកម្ពុជា។ ជាពិសេសការពង្រីកការវិនិយោគលើវិស័យវាយនភ័ណ្ឌ ក្នុងទម្រង់ជា OEM លើសម្ភារៈវាយនភ័ណ្ឌ ដែលបង្ហាញថាផលិតផល ផលិតនៅកម្ពុជា (Made In Cambodia)។

គណៈកម្មាធិការកិច្ចសហប្រតិបត្តិការធុរកិច្ចមេគង្គ-ជប៉ុន គឺជាគណៈកម្មាធិការអន្តរជាតិមួយនៃសភាពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន ដែលទទួលបន្ទុកក្នុងការប្រមូលព័ត៌មាន ធ្វើការស្ទង់មតិ និងសិក្សាស្រាវជ្រាវអំពីបរិយាកាសវិនិយោគនិងធុរកិច្ចនៅក្នុងប្រទេសតំបន់មេគង្គ រួមទាំងប្រទេសកម្ពុជាផងដែរ។ ជាការបន្ថែម លោក Yoshihisa។

នៅក្នុងជំនួបនេះ សម្តេចធិបតី ហ៊ុន​ ម៉ាណែត​ បានសម្តែងនូវការស្វាគមន៍ចំពោះ លោក Yoshihisa Suzuki និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះសកម្មភាពអាជីវកម្មរបស់សភាពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន នៅកម្ពុជានាពេលកន្លងមក។

ទន្ទឹមនឹងនេះ ប្រមុខរាជរដ្ឋាភិបាល ក៏បានស្វាគមន៍ចំពោះចំណាប់អារម្មណ៍របស់ក្រុមហ៊ុននៃសភាពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន ដែលមានបំណងចង់ពង្រីកនូវសកម្មភាពវិនិយោគរបស់ខ្លួនបន្ថែមទៀត។ សម្តេចធិបតី ក៏បានគូសបញ្ជាក់អំពីភាពទាក់ទាញនៃច្បាប់ស្តីពីវិនិយោគនៃកម្ពុជា និងគោលនយោបាយលើកទឹកចិត្តសម្រាប់វិនិយោគិន និងធុរជន ដែលធានាបាននូវភាពប្រាកដនិយមចំពោះបរិយាកាសវិនិយោគប្រកបដោយភាពអនុគ្រោះ និងភាពបត់បែន។

ជាមួយគ្នានេះ សម្ដេចធិបតី នាយករដ្ឋមន្រ្តី សង្ឃឹមយ៉ាងមុតមាំថា ដំណើរទស្សនកិច្ចរបស់លោក Yoshihisa Suzuki និងគណៈប្រតិភូនាឱកាសនេះ សភាពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុននឹងកាន់តែបង្កើននូវលទ្ធភាព និងការពង្រីកនូវសក្តានុពលវិនិយោគបន្ថែមទៀតនៅកម្ពុជាជាមួយនឹងភាពជឿជាក់និងប្រាកដនិយម ហើយរាជរដ្ឋាភិបាលត្រៀមខ្លួនជានិច្ចក្នុងការសម្របសម្រួល និងសហការជាមួយវិនិយោគិនជប៉ុន ក្នុងវត្ថុបំណងប្រែក្លាយកម្ពុជាជាទិសដៅវិនិយោគចម្បង និងជាមជ្ឈមណ្ឌលតំបន់៕

ដោយ៖ មឿន ឌីណា (Moeun Dyna)