Register Already an agent ? Login

កម្ពុជា មានផ្ទៃដីដំាដុះស្វាយចន្ទីជាង៤,៧សែនហិកតា ទទួលទិន្នផលជាង៧សែនតោន នាំទៅទីផ្សាអន្តរជាតិជាងជាង៦សែនតោន

ភ្នំពេញ៖ កម្ពុជា មានផ្ទៃដីដំាដុះស្វាយចន្ទីប្រមាណ ៤៧២ ៩៤៦ហិកតា និងទទួលបានទិន្នផលសរុបចំនួន ៧០៩ ៤១៩តោន ចំណែក ការនាំចេញគ្រាប់ស្វាយចន្ទីឆៅទៅទីផ្សារអន្តជាតិបានចំនួនប្រមាណ ៦៥៦ ០០០តោន។ បើតាមការថ្លែង លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ឱ្យដឹងថា នាំទៅកាន់ប្រទេស ចិន ជប៉ុន បង់ក្លាដែស ឥណ្ឌា វៀតណាម និងថៃ។

នៅក្នុងពិធីបើកសន្និសីទស្វាយចន្ទីពិភពលោក លើកទី១០ ឆ្នាំ២០២៤ ដែលប្រារព្ធធ្វើឡើងរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី១-៣ ខែកុម្ភៈ ឆ្នាំ២០២៤ នៅខេត្តសៀមរាប លោកស្រី ចម និម្មល បានថ្លែងបន្តថា ចំណែក គ្រាប់ស្វាយចន្ទីកែច្នៃនាំទៅកាន់ប្រទេស ចិន សាធារណៈរដ្ឋឆែក ជប៉ុន កូរ៉េខាងត្បូង ហូឡង់ វៀតណាម និងសហរដ្ឋអាមេរិក។

គោលបំណងក្នុងការរៀបចំសន្និសីទស្វាយចន្ទីពិភពលោក លើកទី១០ គឺដើម្បីប្រមូលផ្តុំអ្នកពាក់ព័ន្ធក្នុងវិស័យស្វាយចន្ទីទាំងក្នុងស្រុក និងអន្តរជាតិ ធ្វើការពិភាក្សាចែករំលែកបទពិសោធន៍ សម្រាប់ជំរុញវិស័យស្វាយចន្ទីកម្ពុជា ដើម្បីស្វែងរកទីផ្សារក្នុងតំបន់ និងពិភពលោក រួមនឹងការដាក់តាំងពិព័រណ៍ និងការកសាងបណ្តាញវិស័យស្វាយចន្ទីលើពិភពលោក។ ជាការគូសបញ្ជាក់ លោកស្រី ចម និម្មល។

ផ្តើមក្នុងសុន្ទកថាបើក លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសម្តែងនូវការកោតសរសើរ និងការវាយតម្លៃខ្ពស់ ចំពោះក្រសួងពាណិជ្ជកម្ម សហព័ន្ធស្វាយចន្ទីកម្ពុជា ក្រុមហ៊ុន Eventell Global Advisory Private Limited ក្រសួង-ស្ថាប័ន និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានសហការ រៀបចំសនិ្នសីទស្វាយចន្ទីពិភពលោក លើកទី ១០  នេះឡើង។

លោក បានថ្លែងស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិទាំងអស់ ដែលបានចំណាយពេលដ៏មានតម្លៃ អញ្ជើញចូលរួមសន្និសីទដ៏មានសារៈសំខាន់នេះ និងបានលើកឡើងពីសារៈសំខាន់នៃការប្រមូលផ្តុំភាគីពាក់ព័ន្ធ ក្នុងវិស័យស្វាយចន្ទីទាំងក្នុង និងក្រៅប្រទេស និងការបង្កើតឱកាសដ៏មានតម្លៃដើម្បីពិភាក្សា និងផ្លាស់ប្តូរព័ត៌មាន ចំណេះដឹង និងបទពិសោធក្នុងវិស័យស្វាយចន្ទី ព្រមទាំងឱកាសសម្រាប់ការផ្គូផ្គងធុរកិច្ច រវាងធុរជនដែលបានចូលរួមនៅក្នុងសន្និសីទនេះផងដែរ។

នាឱកាសនោះ លោក អូន ព័ន្ធមុនីរ័ត្ន បានរម្លឹកការណែនាំរបស់ សម្តេចធិបតី នាយករដ្ឋមន្រ្តី ដល់គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងការដាក់ចេញវិធានការចាំបាច់ចំនួន៤ ក្នុងការជំរុញការកែច្នៃ និងការនាំចេញផលិតផលស្វាយចន្ទី រួមមាន៖

១-ការពង្រឹង និង ការពង្រីកការនាំចេញគ្រាប់ស្វាយចន្ទី ដោយចាប់ផ្តើមពីផលិតផលពាក់កណ្តាលសម្រេចសិន (Semi-Product) ពោលគឺ ផ្តោតលើការនាំចេញគ្រាប់ស្វាយចន្ទីស្ងួត ហើយក្នុងជំហានបន្ទាប់, បន្តពង្រឹង និងពង្រីកការកែច្នៃគ្រាប់ស្វាយចន្ទី ក្នុងបរិមាណដែលអាចផ្តល់ទុនបាន, ២-ការបន្តពង្រឹងការធ្វើម៉ាក និងទីផ្សារផលិតផលគ្រាប់ស្វាយចន្ទីកម្ពុជា (Branding and Marketing), ៣-ការជំរុញការចងក្រង និងការបង្កើតសហគមន៍កសិករស្វាយចន្ទីថ្មី និង ៤-ការពិនិត្យលទ្ធភាព ក្នុងការបង្កើនទុនបង្វិល សម្រាប់ប្រមូលទិញគ្រាប់ស្វាយចន្ទី ដើម្បីកែច្នៃ និងទុនវិនិយោគ លើហេដ្ឋារចនាសម្ព័ន្ធ សម្រាប់ស្តុក និងកែច្នៃគ្រាប់ស្វាយចន្ទី៕

ដោយ៖ មឿន ឌីណា (Moeun Dyna)