Register Already an agent ? Login

រាជរដ្ឋាភិបាល ផ្តល់ទិដ្ឋាការពិសេស៣ឆ្នាំ វិនិយោគិនទិញឬជួលអចលនទ្រព្យរយៈពេលវែង នៅខេត្តព្រះសីហនុ តម្លៃលើសពី ១០ម៉ឺនដុល្លារ

ព្រះសីហនុ៖ រាជរដ្ឋាភិបាល នឹងផ្តល់ទិដ្ឋាការពិសេសរយៈពេល៣ឆ្នាំ សម្រាប់វិនិយោគិនដែលទិញ ឬ ជួលអចលនទ្រព្យរយៈពេលវែងក្នុងខេត្តព្រះសីហនុ ដែលមានតម្លៃលើសពី ១០០.០០០ដុល្លារ ដោយប្រភេទនៃទិដ្ឋាការពិសេសនេះ ត្រូវកំណត់ដោយ អនុក្រឹត្យដោយឡែក។ បើតាមការបញ្ជាក់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា។

ប្រមុខរាជរដ្ឋាភិបាល បានថ្លែងបន្តថា នេះជាវិធានការមួយនៃវិធានការផ្សេងទៀតរបស់រាជរដ្ឋាភិបាលនៅក្នុងកញ្ចប់ការផ្តល់ «អត្ថប្រយោជន៍ពិសេស» ដល់គម្រោង ឬសកម្មភាពទាំង ៣ប្រភេទរួមមាន៖ គម្រោងវិនិយោគពាក់ព័ន្ធនឹងអគារជាប់គាំង, គម្រោងវិនិយោគដែលមិនជាប់ពាក់ព័ន្ធនឹងអគារជាប់គាំង, ការពង្រីកគម្រោងវិនិយោគ និងធុរកិច្ច។

នៅក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ នូវកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ដែលជាគំនិតផ្តួចផ្តើមរបស់ សម្តេចធិបតីផ្ទាល់ ក្រោមការសិក្សា​និងរៀបចំដោយក្រុមការងារអន្តរក្រសួង ដឹកនាំដោយ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សម្ដេចធិបតី បានថ្លែងបន្តទៀតថា រាជរដ្ឋាភិបាល ក៏បានដាក់ចេញនូវវិធានការចាំបាច់មួយចំនួនទៀតផងដែរ ដើម្បីគាំទ្រ និងជំរុញលើកទឹកចិត្តបន្ថែមជារួមដល់ការទាក់ទាញការវិនិយោគ និងការអភិវឌ្ឍឧស្សាហកម្ម នៅក្នុងខេត្តព្រះសីហនុ។

បើតាម សម្ដេចធិបតី នាយករដ្ឋមន្រ្តី បានបន្ថែមថា វិធានការទាំងនោះ រួមមាន៖ ការរៀបចំតំបន់គម្រោងវិនិយោគ និង/ឬ តំបន់អភិវឌ្ឍ នៅតាមភូមិ, សង្កាត់ និងផ្លូវ សំខាន់ៗ ដូចជា តំបន់ទេសចរណ៍ពិសិដ្ឋ, តំបន់លក់ទំនិញរួចពន្ធ ដែលគ្រប់ជាតិសាសន៍អាចទិញទំនិញបាន, វិថីអាហារ និងរមណីយដ្ឋាន/កន្លែងកម្សាន្ត ជាដើម ជាជំហានៗ ស្របតាមសក្តានុពល និង ភូមិសាស្ត្រជាក់ស្តែង។

ការពន្លឿនការត្រួតពិនិត្យគយ ក៏ដូចជាការកែសម្រួល និងការផ្តល់សេវាល្អ ជូនដល់ភ្ញៀវទេសចរ និងវិនិយោគិន, ទាំងនៅពេលមកដល់, ពេលស្នាក់នៅ និងពេលត្រឡប់ទៅវិញ; ការរៀបចំ និងការអនុវត្តយុទ្ធនាការ «ទីក្រុងសុវត្ថិភាព», ព្រឹត្តិការណ៍ និងកម្មវិធីនានា ដើម្បីស្តារ និងពង្រឹងកិត្តិនាមរបស់ខេត្តព្រះសីហនុ លើឆាកអន្តរជាតិ; ការពន្លឿនការអនុម័ត និងការប្រកាសដាក់ឱ្យប្រើប្រាស់ផែនការមេ ប្រែក្លាយខេត្តព្រះសីហនុជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង; ការកំណត់អាទិភាព និងការវិនិយោគលើគម្រោងហេដ្ឋារចនាសម្ព័ន្ធ ដែលចាំបាច់សម្រាប់គាំទ្រដល់ការអភិវឌ្ឍឧស្សាហកម្ម។

ការអភិវឌ្ឍទេសចរណ៍ និងការទាក់ទាញការវិនិយោគ; ការអភិវឌ្ឍតំបន់ឧស្សាហកម្ម និងសួនឧស្សាហកម្មធំៗ, ជាពិសេស ការពង្រឹងតំបន់សេដ្ឋកិច្ចពិសេសដែលមានស្រាប់ ឱ្យឈានដល់កម្រិតស្តង់ដាអន្តរជាតិ លើគ្រប់ទិដ្ឋភាព រួមមាន ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ; ការផ្គត់ផ្គង់អគ្គិសនី ទឹកស្អាត វត្ថុធាតុដើម និងធាតុចូលផ្សេងៗ, កិច្ចសម្រួលការដឹកជញ្ជូន និងពាណិជ្ជកម្ម, ការលើកទឹកចិត្ត និងវិធានការគាំទ្រផ្សេងទៀត; ការសម្របសម្រួលក្នុងការអភិវឌ្ឍដីដែលមានសក្តានុពល (ដីកម្មសិទ្ធិរដ្ឋ ឬឯកជន) ដើម្បីប្រែក្លាយដីទាំងនេះទៅជាតំបន់ប្រមូលផ្តុំឧស្សាហកម្ម ឬសហគ្រាស និង/ឬតំបន់ទេសចរណ៍ ដែលរាជរដ្ឋាភិបាលនឹងចូលរួមគាំទ្រផ្នែកគោលនយោបាយលើកទឹកចិត្ត។

ការអនុគ្រោះ និងហេដ្ឋារចនាសម្ព័ន្ធនានា; និងការអនុវត្តតំបន់សាកល្បងគំរូមួយ ឬច្រើន ដែលជាតំបន់សេដ្ឋកិច្ចពិសេស, តំបន់ទេសចរណ៍ពិសិដ្ឋ, តំបន់ពាណិជ្ជកម្មសេរី, តំបន់ប្រមូលផ្តុំឧស្សាហកម្ម ឬភណ្ឌាគារគយ ដើម្បីប្រមូលផ្តុំធនធាន និង ជំរុញការអភិវឌ្ឍ ឱ្យបានលឿន និងមានប្រសិទ្ធភាព ដែលអាចជ្រើសរើសចេញពីតំបន់ដែលត្រូវពង្រីកបន្ថែម, ឬនៅស្ទឹងហាវ ឬកន្លែងដទៃទៀត តាមរយៈកិច្ចសហការរវាងរដ្ឋ និងវិស័យឯកជន, និងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធរួម និងសកម្មភាពផ្សេងៗរួមគ្នា។

ជាមួយនឹងការប្រកាស ដាក់ឱ្យអនុវត្តជាផ្លូវការ «កម្មវិធីពិសេសជំរុញការវិនិយោគ​ក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤ ពីថ្ងៃនេះតទៅ សម្ដេចធិបតី ហ៊ុន ម៉ាណែត សូមជូនពរបងប្អូនប្រជាពលរដ្ឋទាំងអស់ និងអ្នកវិនិយោគិនជាតិ និងអន្តរជាតិដែលបានចូលរួមថ្ងៃនេះ សូមទទួលបានតែសេចក្តីសុខ សេចក្តីចម្រើនគ្រប់ៗគ្នា។

សម្តេចធិបតី បានណែនាំឱ្យគណបញ្ជាការឯកភាពខេត្តព្រះសីហនុ កងកម្លាំងសមត្ថកិច្ចយកចិត្តទុកដាក់លើការពង្រឹង​និងធានាសន្តិសុខ​ និងទប់ស្កាត់ការប្រើប្រាស់អាវុធខុសច្បាប់ ព្រមទាំងបាន​ដាក់បទបញ្ជាឱ្យធ្វើការបិទទាំងស្រុងនូវរាល់ទីតាំងបាញ់កាំភ្លើងឯកជននៅក្នុងខេត្តព្រះសីហនុ៕

ថោយ៖ មឿន ឌីណា (Moeun Dyna)