Register Already an agent ? Login

អត្ថប្រយោជន៍ ដែលសហគ្រាសមានអនុលោមភាពនឹងទទួលបានពីរដ្ឋបាលសារពើពន្ធ

ភ្នំពេញ៖ ដើម្បីជំរុញការបំពេញកាតព្វកិច្ចសារពើពន្ធឱ្យកាន់តែប្រសើរឡើង ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានកំណត់ចំណាត់ថ្នាក់អនុលោមភាព សារពើពន្ធរបស់អ្នកជាប់ពន្ធ ដោយបែងចែកជា ៣ប្រភេទ រួមមាន៖ ប្រភេទមាស (អនុលោមភាពខ្ពស់) ប្រភេទប្រាក់ (អនុលោមភាពមធ្យម) និងប្រភេទសំរឹទ្ធ (អនុលោមភាពទាប)។ អ្នកជាប់ពន្ធដែលទទួលបានចំណាត់ថ្នាក់អនុលោមភាពនឹងទទួលបានអត្ថប្រយោជន៍ពីរដ្ឋបាលសារពើពន្ធ តាមប្រភេទចំណាត់ថ្នាក់ដូចខាងក្រោម៖

១. ប្រភេទមាស (អនុលោមភាពខ្ពស់)

-វិញ្ញាបនបត្រអនុលោមភាពសារពើពន្ធ ដែលមានសុពលភាព ២ឆ្នាំ

-ការបង្វិលសងអាករលើតម្លៃបន្ថែមនូវទឹកប្រាក់ក្រោម ៥០០ លានរៀល ដោយមិនចាំបាច់ធ្វើសវនកម្មផ្ទៀងផ្ទាត់ជាមុន

-ការធ្វើសវនកម្មពេញលេញក្នុងរយៈពេល ២ឆ្នាំម្ដង ដោយមិនចាំបាច់ធ្វើសវនកម្មមានកម្រិត ឬសវនកម្មលើលិខិតស្នាម វៀរលែងតែមានការស្នើសុំពីអ្នកជាប់ពន្ធ។

២. ប្រភេទប្រាក់ (អនុលោមភាពមធ្យម)

-វិញ្ញាបនបត្រអនុលោមភាពសារពើពន្ធ ដែលមានសុពលភាព ២ឆ្នាំ

-ការបង្វិលសងអាករលើតម្លៃបន្ថែមនូវទឹកប្រាក់ក្រោម ២០០ លានរៀល ដោយមិនចាំបាច់ធ្វើសវនកម្មផ្ទៀងផ្ទាត់ជាមុន

-ការធ្វើសវនកម្មពេញលេញក្នុងរយៈពេល ២ឆ្នាំម្តង និងសវនកម្មមានកម្រិតក្នុងរយៈពេល ១ឆ្នាំម្ដង ដោយមិនចាំបាច់ធ្វើសវនកម្មលើលិខិតស្នាម វៀរលែងតែមានការស្នើសុំពីអ្នកជាប់ពន្ធ។

៣. ប្រភេទសំរឹទ្ធ (អនុលោមភាពទាប)

- វិញ្ញាបនបត្រអនុលោមភាពសារពើពន្ធ ដែលមានសុពលភាព ២ឆ្នាំ ហើយត្រូវអនុវត្តកាតព្វកិច្ចសារពើពន្ធស្របតាមច្បាប់និងលិខិត បទដ្ឋានគតិយុត្តជាធរមាន។

ការធ្វើចំណាត់ថ្នាក់អនុលោមភាពសារពើពន្ធរបស់អ្នកជាប់ពន្ធ ត្រូវផ្អែកលើលក្ខណវិនិច្ឆ័យ ១២ចំណុច ស្មើនឹង ២០ពិន្ទុស្របតាមប្រកាស លេខ១៥៣៦ សហវ.ប្រក ចុះថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៦ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

គូសបញ្ជាក់ថា រដ្ឋបាលសារពើពន្ធមានសិទ្ធិដកហូតនិងវាយតម្លៃ អនុលោមភាពសារពើពន្ធឡើងវិញ ក្នុងករណីអ្នកជាប់ពន្ធមិនគោរពតាមលក្ខណវិនិច្ឆ័យដែលខ្លួនទទួលបាន ទោះជាវិញ្ញាបនបត្រនោះនៅមានសុពលភាពក៏ដោយ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)