ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ នូវកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤។ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤» គឺជាគំនិតផ្តួចផ្តើមរបស់ សមេ្តចធិបតី ដើម្បីជំរុញសកម្មភាពធុរកិច្ច និងការវិនិយោគ សំដៅប្រែក្លាយខេត្តព្រះសីហនុ ឱ្យទៅជាខេត្តដឹកមុខក្នុងការលើកស្ទួយកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងបរិការណ៍ស្ថានភាពសេដ្ឋកិច្ចពិភពលោក និងតំបន់កំពុងតែបន្តប្រឈមនឹងភាពមិនប្រាកដប្រជាខ្ពស់។
រាជរដ្ឋាភិបាល បានកំណត់គោលដៅប្រើប្រាស់ធនធានដែលមានសក្តានុពល និងមានមូលដ្ឋានឧស្សាហកម្មស្រាប់ សម្រាប់ជំរុញសម្ទុះសកម្មភាពសេដ្ឋកិច្ចជាតិ ឱ្យកាន់តែក្លៀវក្លាឡើង។ ជាការគូសបញ្ជាក់ សម្ដេចធិបតី បានបន្តថា ជាពិសេស ប្រើប្រាស់ឱ្យអស់លទ្ធភាពនូវហេដ្ឋារចនាសម្ព័ន្ធ និងសមិទ្ធផលសម្រេចបានកន្លងមក ដែលក្នុងនោះ ខេត្តព្រះសីហនុ មានជាស្រេចនូវតំបន់សេដ្ឋកិច្ចពិសេសធំៗ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដូចជាផ្លូវលឿនភ្នំពេញ-ព្រះសីហនុ និងចំណតកំពង់ផែទឹកជ្រៅ ដែលតភ្ជាប់ខេត្តនេះ ទៅកាន់ប៉ូលសេដ្ឋកិច្ចសំខាន់ៗផ្សេងទៀតទាំងក្នុងប្រទេស និងក្នុងតំបន់។
កម្មវិធីខាងលើធ្វើឡើងនៅថ្ងៃទី៣១ ខែមករា សម្ដេចធិបតី នាយករដ្ឋមន្រ្តីបានបន្តថា ន្ថែមលើនេះ រាជរដ្ឋាភិបាល ក៏កំពុងគិតគូររៀបចំមជ្ឈមណ្ឌលឡូជីស្ទីកកម្រិតតំបន់នៅក្នុងខេត្តនេះផងដែរ ទៅក្នុងក្របខ័ណ្ឌនៃការរៀបចំផែនការមេ ដើម្បីប្រែក្លាយខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ស្របជាមួយការអភិវឌ្ឍបណ្តាខេត្តជាប់ឆ្នេរសមុទ្រកម្ពុជា ទៅជារបៀងសេដ្ឋកិច្ចពហុបំណង និងប្រទាក់ក្រឡា។
ខណៈដែលខេត្តព្រះសីហនុ ប្រឈមនឹងការរីកលូតលាស់យឺត និងមានបញ្ហាអគារជាប់គាំង បន្ទាប់ពីវិបត្តិជំងឺកូវីដ-១៩, រាជរដ្ឋាភិបាល បានដាក់ចេញនូវវិធានការគាំទ្រជាបន្តបន្ទាប់, ជាពិសេស ការដោះស្រាយគម្រោងវិនិយោគជាប់គាំង ក្នុងខេត្តនេះ ។ ជាការថ្លែងបន្តទៀត សម្ដេចធិបតី បន្ថែមថា ដើម្បីដោះស្រាយបញ្ហាប្រឈមចំពោះមុខផង និងជំរុញការអភិវឌ្ឍ សម្រាប់រយៈពេលមធ្យម និងវែងផងការគិតគូររបស់យើងត្រូវតែមានលក្ខណៈជាកញ្ចប់ ក្នុងការលើកស្ទួយសកម្មភាពធុរកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ នៅក្នុងខេត្តឱ្យកាន់តែខ្លាំងឡើង។
សម្ដេចធិបតី បានថ្លែងទៀតថា ក្នុងន័យនេះ រាជរដ្ឋាភិបាល សម្រេចដាក់ចេញ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤» សំដៅកសាងខេត្តព្រះសីហនុ ទៅជាខេត្តឈានមុខ និងជាខេត្តគំរូ ក្នុងការជំរុញការវិនិយោគ និងការអភិវឌ្ឍឧស្សាហកម្ម ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់ប្រែក្លាយខេត្តនេះ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ព្រមទាំងចូលរួមពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ច ឱ្យកាន់តែស្ទុះឡើង ក្នុងរយៈពេលខ្លី។
រាជរដ្ឋាភិបាលនីតិកាលថ្មី សម្រេចបានលទ្ធផលការងារជាបន្តបន្ទាប់ ដែលបង្ហាញឱ្យឃើញពីកិច្ចប្រឹងប្រែង និងការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល។ កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤នេះ ក្នុងគោលបំណងជំរុញសកម្មភាពការវិនិយោគ ក៏ដូចជាការដោះស្រាយបញ្ហានានា ដែលកំពុងប្រឈម និងកំពុងជាប់គាំង ដើម្បីប្រែក្លាយខេត្តព្រះសីហនុ ឱ្យទៅជាខេត្តឈានមុខ ក្នុងការបង្កើនកំណើនសេដ្ឋកិច្ចជាតិឱ្យកាន់តែប្រសើរ។ ជាការថ្លែងបន្ថែមទៀត សម្ដេចធិបតី ហ៊ុន ម៉ាណែត។
សម្តេច បានគូសបញ្ជាក់ទៀតថា «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ២០២៤» ជាជំហានជាក់ស្តែងថ្មីមួយទៀតរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងខេត្តព្រះសីហនុ។ ខេត្តព្រះសីហនុ និងខេត្តសៀមរាប ជាគោលដៅពិសេសសម្រាប់ការដោះស្រាយ ដូច្នេះហើយបានរាជរដ្ឋាភិបាលដាក់ចេញកម្មវិធីពិសេសក្នុងខេត្តទាំងពីរនេះ។
គូសបញ្ជាក់ថា កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤ ត្រូវបានរៀបចំឡើងដោយឈរលើទស្សនទានគោលចំនួន៤ រួមមាន៖
១-កែប្រែមុខមាត់ខេត្តព្រះសីហនុ ឱ្យទៅជាខេត្តដែលមានមូលដ្ឋានសេដ្ឋកិច្ច ពឹងផ្អែកលើឧស្សាហកម្ម, ទេសចរណ៍ និងការវិនិយោគ, ២-ដោះស្រាយបញ្ហាប្រឈមជាក់ស្តែង ដែលផ្តល់លទ្ធផលរហ័ស
៣-ដាក់ចេញនូវវិធានការអនុវត្តជាក់ស្តែង ដែលមានលក្ខណៈជាការបំពេញបន្ថែមប្រកបដោយសង្គតិភាព ទៅនឹងគោលនយោបាយ និង យុទ្ធសាស្ត្រនានា របស់រាជរដ្ឋាភិបាល, ៤-បង្កើនល្បឿននៃការធ្វើបរិវត្តកម្ម និង ការអភិវឌ្ឍឧស្សាហកម្ម ក្នុងខេត្តព្រះសីហនុ ឱ្យមានតម្លៃបន្ថែម និង មានឧត្តមភាពប្រកួតប្រជែងខ្ពស់៕
ដោយ៖ មឿន ឌីណា (Moeun Dyna)