Register Already an agent ? Login

សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសនៅតែបន្តការមិនយកពន្ធដីកសិកម្មជាលក្ខណៈគ្រួសារ និងការនាំចូលសម្ភារកសិកម្ម

ភ្នំពេញ៖ រាជរដ្ឋាភិបាលអាណត្ដិទី៧នេះ នឹងបន្តមិនយកពន្ធដីកសិកម្មជាលក្ខណៈគ្រួសារ មិនយកពន្ធការនាំចូលសម្ភារកសិកម្ម កសិផលកសិកម្ម និងការលើកលែងអាករតម្លៃបន្ថែមលើមុខទំនិញដែលជាអាហារជាមូលដ្ឋានប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋរហូតដល់ឆ្នាំ២០២៨។ ជាការប្រកាសបញ្ជាក់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា។

ការប្រកាសរបស់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បែបនេះ ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលបានផ្ដល់ការលើកទឹកចិត្តផ្នែកពន្ធដារ ២ឆ្នាំ បន្តទៀតរហូតដល់ចុងឆ្នាំ២០២៥ ចំពោះសហគ្រាសដែលផលិតផ្គត់ផ្គង់ក្នុងស្រុកនូវទំនិញ ឬសេវាកម្មដែលធ្វើការដាំដុះផលិត ឬនាំចេញនូវផលិតផល ១៤មុខ ក្នុងនោះ រួមមាន៖ ស្រូវ អង្ករ ពោត សណ្ដែក ដំឡូងមី ម្រេច គ្រាប់ចន្ទី ជ័រកៅស៊ូ មៀនប៉ៃលិន ស្វាយ ចេក ការចិញ្ចឹមសត្វ វារីវប្បកម្ម និងផលិតផលដូងប្រេងនៅក្នុងស្រុកជាវត្ថុធាតុដើមសម្រាប់ផលិតចំណីសត្វជាដើម។

សម្តេចធិបតី នាយករដ្ឋមន្ត្រី បានជំរុញឱ្យផ្នែកពន្ធដាររៀបចំនូវបញ្ជីទាក់ទងទៅនឹងកសិផល អាហារទំនិញ ដែលជាអាហារមូលដ្ឋានសម្រាប់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ដែលទទួលបានការអនុគ្រោះពន្ធរហូតដល់ឆ្នាំ២០២៨។

ជាមួយគ្នានេះ សម្ដេចធិបតី ក៏បានបង្ហាញពីគោលដៅក្នុងការទាក់ទាញវិនិយោគបរទេស និងការបើកទីផ្សារបន្ថែមសម្រាប់ផលិតផលកម្ពុជារួមទាំងផលិតផលកសិកម្មផងដែរ ដែលបានចុះកិច្ចព្រមព្រៀងជាមួយស្ថាប័នពាណិជ្ជកម្មសេរីក្នុងតំបន់ ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយថ្នាក់តំបន់ក្នុងក្របខ័ណ្ឌទ្វេភាគី កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយ ចិន កូរ៉េ និង អារ៉ាប់អេមីរ៉ាត់រួម ហើយនិងកំពុងតែចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយបណ្តាប្រទេសជាមិត្តមួយចំនួនក្នុងតំបន់ថែមទៀតផង។

ការបើកទីផ្សារថ្មីវាជារឿងមួយ តែការថែរក្សាទីផ្សារចាស់ក៏ជារឿងមួយ ដោយត្រូវតែថែរក្សាលើភាពជឿជាក់ ទៅលើផលិតផលរបស់យើងឱ្យបាន។ ជាការបន្ថែម សម្ដេចធិបតី បានបន្ថែមទៀតថា ដូច្នេះការថែរក្សា និងការពង្រឹងនូវទីផ្សារដែលមានស្រាប់តាមរយៈការពង្រឹង និងការធានាគុណភាព និងបរិមាណនៃការផ្គត់ផ្គង់របស់យើង ជាពិសេសពាក់ព័ន្ធនឹងវិស័យកសិកម្ម ស្ដង់ដារនៃការនាំចេញផលិតផលត្រូវតែធានាឱ្យបានជាដាច់ខាត៕

ដោយ៖ មឿន ឌីណា (Moeun Dyna)