Register Already an agent ? Login

សម្តេចធិបតី៖ ការបើកទីផ្សារថ្មីនៅប្រទេសនានាបន្ថែមជាការល្អ ប៉ុន្តែសំខាន់ត្រូវថែរក្សាទីផ្សារចាស់ឱ្យបានល្អ

ភ្នំពេញ៖ ការបើកច្រកថ្មី ការបើកទីផ្សារថ្មីនៅប្រទេសនានាបន្ថែមជាការល្អ ប៉ុន្តែសំខាន់ត្រូវថែរក្សាទីផ្សារចាស់ឱ្យបានល្អ និងរឹងមាំ។ ជាការថ្លែង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ពិធីខាងលើដែលប្រព្រឹត្តឡើងនាថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ ប្រមុខរាជរដ្ឋាភិបាល បានគូសបញ្ជាក់ថា នៅក្នុងការស្វែងរកទីផ្សារលក់ផលិតផលកសិកម្ម សូមយកតែផលិតផលតែ១មុខ ឬ ២មុខដែលចាំបាច់ និងអាចជាតម្រូវការទៅបង្ហាញនៅប្រទេសនានាជាការល្អ ប្រសើរជាងយកទៅច្រើនដែលធ្វើឱ្យប្រទេសនោះពិបាកនៅក្នុងការសម្រេច ហើយប្រទេសមួយចំនួនផ្សេងទៀត ក៏បាននាំចូលទៅកាន់ប្រទេសនោះរួចហើយដែរ។

សម្ដេចធិបតី នាយករដ្ឋមន្រ្តី បានថ្លែងបន្តថា រាជរដ្ឋាភិបាល នៅតែបន្តផ្តល់អាទិភាពខ្ពស់ចំពោះការអភិវឌ្ឍ និងការធ្វើទំនើបកម្ម វិស័យកសិកម្ម តាមរយៈការដាក់ចេញ យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ សំដៅលើកកម្ពស់កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និង ចីរភាព, កម្មវិធីគោលនយោបាយអាទិភាព ចំនួន​៦ សម្រាប់អនុវត្តចាប់ពីឆ្នាំ២០២៣ សំដៅដោះស្រាយបញ្ហាប្រឈមចំពោះមុខ។

ជាមួយគ្នានេះ គោលនយោបាយជាតិអភិវឌ្ឍន៍វិស័យកសិកម្ម ២០២២-២០៣០ សំដៅប្រែក្លាយកសិកម្មកម្ពុជា ជាកសិកម្មទំនើបមានលក្ខណៈប្រកួតប្រជែង បរិយាប័ន្ន ចីរភាព និង ធន់នឹងការប្រែប្រួលអាកាសធាតុ, គោលនយោបាយជាតិស្តីពីស្វាយចន្ទី ២០២២-២០២៧ សំដៅជំរុញប្រែក្លាយកម្ពុជាទៅជាអធិរាជចន្ទី នាពេលអនាគត។ ជាការបន្ថែម សម្ដេចធិបតី។

បើតាម សម្ដេចធិបតី បានបន្ថែមទៀតថា ជាក់ស្តែង, រាជរដ្ឋាភិបាលបានបង្កើនវិយោគបន្ថែមលើការកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រនានា ដូចជា៖ ប្រព័ន្ធធារាសាស្ត្រ ប្រព័ន្ធគមនាគមន៍ជនបទ ប្រព័ន្ធឡូជីស្ទិក បណ្តាញអគ្គិសនី និងហេដ្ឋារចនាសម្ព័ន្ធកែច្នៃ, ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ដោយផ្សារភ្ជាប់ជាមួយកិច្ចសហប្រតិបត្តិការត្បូងពេជ្រ, បង្កើតច្រករបៀងមច្ឆា និងអង្ករ។

ទាក់ទងជាមួយនឹងគោលនយោបាយនេះ រាជរដ្ឋាភិបាល លើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យា នវានុវត្តន៍ និង បរិវត្តកម្មឌីជីថល, កសាងមូលធនមនុស្ស, និងផ្ដល់ការលើកទឹកចិត្តផ្នែកសារពើពន្ធ ជាដើម ដើម្បីបង្កើនគុណភាព ស័ក្តិសិទ្ធភាព ផលិតភាព និងសុវត្ថិភាព ក្នុងផលិតកម្មកសិកម្ម សំដៅលើកកម្ពស់ភាពប្រកួតប្រជែងរបស់ផលិតផលកសិកម្មកម្ពុជា ទាំងនៅទីផ្សារក្នុងស្រុក ទីផ្សារតំបន់ និងទីផ្សារអន្តរជាតិ។ បើតាមការលើកឡើង សម្ដេចធិបតី នាយករដ្ឋមន្រ្តី។

ប្រមុខរាជដ្ឋាភិបាល បានលើកឡើងបន្តថា លើសពីនេះ ក្នុងគោលដៅទាក់ទាញវិនិយោគបរទេស និងបើកទីផ្សារបន្ថែមសម្រាប់ផលិតផលកម្ពុជា រួមទាំងផលិតផលកសិកម្មផងដែរ ដោយបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីក្នុងតំបន់ (ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយថ្នាក់តំបន់-អាសិប), ក្នុងក្របខ័ណ្ឌទ្វេភាគី (កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយ ចិន កូរ៉េ និង អេមីរ៉ាតអារ៉ាប់រួម) និងកំពុងចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយបណ្តាប្រទេសជាមិត្តមួយចំនួនទៀត៕

ដោយ៖ មឿន ឌីណា (Moeun Dyna)