ភ្នំពេញ៖ ក្រុមហ៊ុន Mizuda Sanitation (Cambodia) Co., Ltd. ប្រមូលនិងដឹកជញ្ជូនសំរាម នៅរាជធានីភ្នំពេញ គ្រោងពង្រីកការវិនិយោគលើការផលិតថាមពលអគ្គិសនីពីសំណល់ មួយនឹងបច្ចេកវិទ្យាចុងក្រោយ បច្ចេកទេសទំនើប និងការការពារបរិស្ថានកម្រិតខ្ពស់ នៅភ្នំពេញ។ ជាការលើកឡើង លោក Shan Jianming ប្រធានក្រុមហ៊ុន Mizuda Group។
ការលើកឡើង លោក Shan Jianming បានចូលជួប សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នាព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ នៅវិមានសន្តិភាព។
ក្រុមហ៊ុន Mizuda Sanitation (Cambodia) Co., Ltd. ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Mizuda Group ផ្តល់សេវាបោសសម្អាត ប្រមូល និងដឹកជញ្ជូនសំរាម និង សំណល់រឹង នៅរាជធានីភ្នំពេញ ក្នុងអំឡុងពេលប្រមាណ ៣ឆ្នាំ ដែលក្រុមហ៊ុនទទួលបានការទទួលស្គាល់ពីអាជ្ញាធរ និងសាធារណជនទូទៅ។ ជាការបន្ត លោក Shan Jianming។
លោក បានបន្តទៀតថា ក្នុងពេលជាមួយគ្នា ក្រុមហ៊ុនក៏បានផ្តល់សេវាផ្សព្វផ្សាយកម្មវិធីការយល់ដឹងស្តីពីការគ្រប់គ្រងសំរាម និងសំណល់រឹង ក្នុងភូមិសាស្រ្តមួយចំនួននៅរាជធានីភ្នំពេញ ក្នុងនោះ ខណ្ឌដូនពេញ ៧មករា ពោធិ៍សែនជ័យ កំបូល និងដង្កោ ហើយបានចាប់ដំណើរការប្រតិបត្តិការនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ និងបានបង្កើតការងារដល់ប្រជាជនកម្ពុជាចំនួន ៧១០កន្លែង។
សកម្មភាពវិនិយោគរបស់ក្រុមហ៊ុនមិនត្រឹមតែបានជួយបង្កើតការងារប៉ុណ្ណោះទេ ថែមទាំងបាន ចូលរួមចំណែកក្នុងការសម្អាតបរិស្ថានផងដែរ។ ជាការបញ្ជាក់ លោក ប្រធានក្រុមហ៊ុន បានឱ្យដឹងថា ក្រុមហ៊ុន Mizuda Group មានបំណងពង្រីកការវិនិយោគផលិតថាមពលអគ្គិសនីពីសំណល់ ជាមួយនឹងបច្ចេកវិទ្យាចុងក្រោយ បច្ចេកទេសទំនើប និងការការពារបរិស្ថានកម្រិតខ្ពស់ នៅក្នុងរាជធានីភ្នំពេញផងដែរ។
ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងវាយតម្លៃខ្ពស់ចំពោះដំណើរការអាជីវកម្មរបស់ក្រុមហ៊ុន Mizuda Sanitation ដែលបាននិងកំពុងសហការយ៉ាងល្អ ជាមួយសាលារាជធានីភ្នំពេញ នៅក្នុងការផ្តល់សេវាបោសសម្អាតសំរាម ដែលជាការចូលរួមចំណែកនៅក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋ ក៏ដូចជាការចូលរួមចំណែកនៅក្នុងការថែរក្សាបរិស្ថាន ក្នុងភូមិសាស្រ្តនៃរាជធានីភ្នំពេញ ផងដែរ។
ចំពោះ គោលបំណងក្នុងការពង្រីកការវិនិយោគរបស់ក្រុមហ៊ុន ក្នុងការផលិតថាមពលអគ្គិសនីពីសំណល់ សម្តេចធិបតី បានណែនាំឱ្យក្រុមហ៊ុនពិភាក្សាបន្ថែម ជាមួយនឹងក្រសួង-ស្ថាប័នពាក់ព័ន្ធ នៃរាជរដ្ឋាភិបាលកម្ពុជា ជាពិសេស ក្រសួងរ៉ែ និងថាមពល និងក្រសួងបរិស្ថាន ក្រោមកិច្ចសម្របសម្រួលរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)៕
ដោយ៖ មឿន ឌីណា (Moeun Dyna)