ភ្នំពេញ៖ រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ គឺជាដៃគូសំខាន់ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ចាប់ពីឆ្នាំ១៩៩២ ដល់ឆ្នាំ២០២២ បានបើកផ្តល់ហិរញ្ញប្បទានឥតសំណងដល់កម្ពុជា សរុបប្រមាណ ៤៥៥លានដុល្លារ ដោយផ្តោតលើវិស័យស្នូលចំនួន៤ រួមមាន៖ ការគ្រប់គ្រងទឹកនិងសុខភាពសាធារណៈ, ការអប់រំ, ការអភិវឌ្ឍជនបទ និងការដឹកជញ្ជូន។ បើតាមសេចក្តីប្រកាសព័ត៌មាន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
តាមសេចក្តីប្រកាសព័ត៌មាន លោក ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុក បេសកកម្មពិសេស អនុប្រធានទី២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានទទួលជួបពិភាក្សាការងារ ជាមួយលោកស្រី Choi MoonJung ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េប្រចាំនៅកម្ពុជា នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤។
នៅក្នុងជំនួបនេះ ពិភាក្សាលើតម្រោងរបស់ទីភ្នាក់ងារ KOICA សម្រាប់ឆ្នាំ២០២៥ និងរៀបចំគម្រោងថ្មីសម្រាប់ឆ្នាំ២០២៦ និងពិនិត្យលើវឌ្ឍនភាពនៃការអនុវត្តតម្រោងដែលគាំទ្រដោយទីភ្នាក់ងារ KOICA។
លោក ទេសរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ចំពោះ លោកស្រី Choi MoonJung ក្នុងកិច្ចប្រជុំទ្វេភាគីដំបូងរវាង ក.អ.ក និងទីភ្នាក់ងារ KOICA ក្នុងឆ្នាំ២០២៤។ លោក ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋាភិបាល កូរ៉េ តាមរយៈទីភ្នាក់ងារ KOICA ដែលបានផ្ដល់ការគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ជាពិសេស តាមរយៈការអនុវត្តយុទ្ធសាស្រ្តភាពជាដៃគូកូរ៉េ (Country Partnership Strategy) នាពេលកន្លងមក។
លោកស្រី Choi MoonJung បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ រាជរដ្ឋាភិបាលកម្ពុជាក្នុងកិច្ចអភិវឌ្ឍន៍ និងថ្លែងអំណរគុណ ក.អ.ក ដែលបានផ្តល់ការសហការយ៉ាងជិតស្និទ្ធ នាពេលកន្លងមក។ នាឱកាសនោះ លោកស្រី បានជម្រាបជូននូវវឌ្ឍនភាពនៃការជ្រើសរើសគម្រោងក្នុង ក្របខ័ណ្ឌការធ្វើអង្កេតសម្រាប់ឆ្នាំសារពើពន្ធ២០២៥ និងកិច្ចការបន្ទាប់នៃការរៀបចំគម្រោងថ្មីសម្រាប់ ឆ្នាំ២០២៦។
អនុប្រធានទី២ ក.អ.ក សង្ឃឹមយ៉ាងមុតមាំថា ទីភ្នាក់ងារ KOICA នឹងបន្តចូលរួមជាមួយ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងក្នុងការជ្រើសរើសគម្រោងអាទិភាពសម្រាប់អនុវត្ត ដើម្បីផ្តល់ការគាំទ្រដល់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព៕
ដោយ៖ មឿន ឌីណា (Moeun Dyna)