ភ្នំពេញ៖ នៅក្នុងឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មកម្ពុជា-កាណដា សម្រេចបាន ៩៤០,៤៩លានដុល្លារ ធ្លាក់ចុះ ១៨,៥% បើធៀបឆ្នាំ២០២២ មានចំនួន ១,១៥ពាន់លានដុល្លារ។ បើតាមស្ថិតិនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបញ្ជាក់ថា ប្រទេសកាណាដា គឺជាដៃគូពាណិជ្ជកម្មធំជាងគេទី៨ របស់កម្ពុជា។
ទំហំពាណិជ្ជកម្មនេះ កម្ពុជា នាំទំនិញទៅកាណាដា មានចំនួន ៨៦៩,៥៤លានដុល្លារ ធ្លាក់ចុះ ២២,៤% ខណៈ ទំនិញកាណាដានាំមកកម្ពុជា ចំនួន ៧០,៩៥លានដុល្លារ កើន ១០៩,៤%។ បើតាមស្ថិតិដដែល។
កម្ពុជា នាំទំនិញទៅកាណាដា មានដូចជា៖ ផលិតផលសម្លៀកបំពាក់ ផលិតផលធ្វើដំណើរ ស្បែកជើង គ្រឿងបង្គុំអេឡិចត្រូនិកអគ្គិសនី និងកង់ ជាដើម។ រីឯ កាណាដា នាំទំនិញលមកកម្ពុជា ភាគច្រើនជាគ្រឿងអេឡិចត្រូនិក និងរថយន្ត ជាដើម។ នេះ បើតាមការបន្ថែមនៅក្នុងស្ថិតដដែល។
គិតត្រឹមចុងឆ្នាំ២០២១ ប្រទេសកាណាដា ស្ថិតនៅលេខរៀងទី៩ ជាប្រទេសដែលមកវិនិយោគផ្ទាល់នៅកម្ពុជាច្រើនជាងគេ ដោយមានទឹកប្រាក់ ១,១ពាន់លានដុល្លារ ស្មើ ២,៨% ក្នុងចំណោមទុនវិនិយោគសរុប ៤១ពាន់លានដុល្លារ តាមពីក្រោយប្រទេសចិន, កូរ៉េ, សិង្ហបុរី, វៀតណាម, ជប៉ុន, ម៉ាឡេស៊ី, ថៃ, និងចក្រភពអង់គ្លេស។
បើតាម លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ដែលភ្នំពេញប៉ុស្តិ៍បានស្រង់សំដី បានមានប្រសាសន៍ថា ការធ្លាក់ចុះទឹកប្រាក់ពាណិជ្ជកម្មរវាងប្រទេសទាំង២ ដោយសារសេដ្ឋកិច្ចពិភពលោកមិនសូវមានសម្ទុះល្អក្នុងឆ្នាំ២០២៣ ជំរុញឱ្យការបញ្ជាទិញទំនិញពីប្រទេសកាណាដាធ្លាក់ចុះ ដោយសមត្ថភាពផលិតកម្មកម្ពុជានៅបន្តបោះជំហានទៅមុខជាធម្មតា។
ការធ្លាក់ចុះទឹកប្រាក់នាំចេញទំនិញរបស់កម្ពុជា គឺមិនមែនមានន័យថាគុណភាពទំនិញកម្ពុជាមិនអាចឆ្លើយតបនឹងតម្រូវការទីផ្សារអន្តរជាតិនោះទេ ប៉ុន្តែដោយសារការបញ្ជាទិញធ្លាក់ចុះ។ ជាការបន្ត លោក លឹម ហេង បានបន្តទៀតថា វិបត្តិសេដ្ឋកិច្ច និងនយោបាយសកលដែលកើតជាបន្តបន្ទាប់នាអំឡុងឆ្នាំ២០២០-២០២៣ បានធ្វើឱ្យចរន្តនៃការនាំចេញនាំចូលទំនិញទៅស្ទើរគ្រប់គោលដៅធ្លាក់ចុះ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)