ភ្នំពេញ៖ ទំហំពាណិជ្ជកម្មកម្ពុជា-សិង្ហបុរី សម្រេចបាន ទឹកប្រាក់សរុប ៩១៧,៤៥លានដុល្លារ កើន ៧,១% ឆ្នាំ២០២៣ បើនឹងធៀបឆ្នាំ២០២២ មានទឹកប្រាក់ ៨៥៦,៩លានដុល្លារ។ តារាងស្ថិតិជញ្ជីងពាណិជ្ជកម្មអន្តរជាតិ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបញ្ជាក់ថា ប្រទេសសិង្ហបុរីគឺជាដៃគូពាណិជ្ជកម្មធំជាងគេទី៩ របស់កម្ពុជា។
ទំនិញកម្ពុជានាំទៅសិង្ហបុរី ៥១,២៣លានដុល្លារ ធ្លាក់ចុះ ៩,៨% និងទំនិញសិង្ហបុរីនាំមកកម្ពុជា ៨៦៦,២២លានដុល្លារ កើន ៨,៣%។ ជាបន្តអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបន្តទៀតថា ផ្អែកតាមតួលេខជញ្ជីងពាណិជ្ជកម្មកម្ពុជា-សិង្ហបុរី ឆ្នាំ២០២៣ គឺជញ្ជីងពាណិជ្ជកម្មកម្ពុជាមានឱនភាព ៨១៤,៩៩លានដុល្លារ កើនពី ៧៤៣,៣៣លានដុល្លារ ក្នុងឆ្នាំ២០២២។
កម្ពុជា-សិង្ហបុរី គឺជាសមាជិកអាស៊ាន ហើយប្រទេសទាំងពីរ ក៏ជាសមាជិកកិច្ចព្រមព្រៀង RCEP ដូច្នេះការផ្លាស់ប្តូរទំនិញរវាងប្រទេសទាំងពីរ ប្រាកដជានឹងកើនឡើងបន្ថែមទៀតនៅពេលកំណើនសេដ្ឋកិច្ចពិភពលោកមានភាពរឹងមាំ។ បើតាមការលើកឡើង លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា សិង្ហបុរី គឺជាប្រទេសតូចក្នុងតំបន់អាស៊ាន ប៉ុន្តែមានសេដ្ឋកិច្ច និងឧស្សាហកម្មរីកចម្រើន កម្ពុជាតែងទទួលបានលំហូរសម្ភារ គ្រឿងបរិក្ខារប្រើបច្ចេកវិទ្យាទំនើបៗជាច្រើនពីសិង្ហបុរី។
បើតាម លោក លឹម ហេង ដដែល ភ្នំពេញប៉ុស្តិ៍បានស្រង់ដី លើកឡើងថា ភាគច្រើននៃទំនិញដែលកម្ពុជានាំទៅសិង្ហបុរី គឺជាផលិតផលសម្លៀកបំពាក់ កាបូប និងស្បែកជើង គ្រឿងបង្គុំអគ្គិសនី និងផលិតផលកសិកម្ម និងកសិឧស្សាហកម្ម ខណៈ ទំនិញសិង្ហបុរីនាំមកកម្ពុជា មានសម្ភារអេឡិចត្រូនិកអគ្គិសនី ភេសជ្ជៈ ចំណីអាហារ សម្ភារសំណង់ និងឱសថ ជាដើម៕
ដោយ៖ មឿន ឌីណា (Moeun Dyna)