Register Already an agent ? Login

តើម្ចាស់អចលនទ្រព្យគួរត្រៀមឯកសារសំខាន់ៗអ្វីខ្លះ? ដើម្បីមកចុះបញ្ជី ឬធ្វើបច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យរបស់ខ្លួន

ភ្នំពេញ៖ ម្ចាស់អចលនទ្រព្យគួរត្រៀមឯកសារសំខាន់ៗ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ បណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ ទីតាំងអចលនទ្រព្យ។

អ្នកជាប់ពន្ធ ដែលជាម្ចាស់អចលនទ្រព្យត្រូវរួសរាន់ មកចុះបញ្ជី ឬធ្វើបច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យរបស់ខ្លួននៅអគ្គនាយកដ្ឋានពន្ធដារ ឬសាខាពន្ធដារខេត្ត-ខណ្ឌដែលអចលនទ្រព្យស្ថិតនៅ ដោយភ្ជាប់មកជាមួយនូវឯកសារសំខាន់ៗមួយចំនួន ដូចជា៖

- អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឬសំបុត្របញ្ជាក់កំណើត ឬលិខិតឆ្លងដែនសម្រាប់ជនបរទេស ឬសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ ឬលិខិតបញ្ជាក់ទីលំនៅ (ច្បាប់ថតចម្លង)

- បណ្ណសម្គាល់សិទ្ធិ ឬបណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ ឬវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ឬឯកសារពាក់ព័ន្ធនឹងការកាន់កាប់ អចលនទ្រព្យដែលបញ្ជាក់ដោយអាជ្ញាធរឃុំ/សង្កាត់ឡើងទៅ (ច្បាប់ថតចម្លង)

- ទីតាំងអចលនទ្រព្យ (និយាមកា ដែលមានរយៈទទឹង និងរយៈបណ្តោយ)

- រូបថតអចលនទ្រព្យ

- បំពេញទម្រង់ PT01

- វិក្កយបត្រអគ្គិសនី ឬវិក្កយបត្រទឹក (ប្រសិនបើមាន)

- ឯកសារពាក់ព័ន្ធផ្សេងទៀតរួមមាន លិខិតអនុញ្ញាតសាងសង់ លិខិតបើកការដ្ឋានសាងសង់ លិខិតបិទការដ្ឋានសាងសង់ លិខិតបញ្ជាក់ ពីអាជ្ញាធរមានសមត្ថកិច្ច (ក្នុងករណីសំណង់ទើបសាងសង់ ឬមានការប្រែប្រួល)។

គូសបញ្ជាក់ថា អ្នកជាប់ពន្ធត្រូវផ្តល់ព័ត៌មានជូនរដ្ឋបាលសារពើពន្ធ (បច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យ) ដោយត្រូវភ្ជាប់មកជាមួយនូវឯកសារដូចបានបញ្ជាក់ ខាងលើ រួមជាមួយបង្កាន់ដៃបញ្ជាក់ការបង់ប្រាក់ពន្ធនាឆ្នាំកន្លងមក ឬលេខអត្តសញ្ញាណកម្មអចលនទ្រព្យ (PIN) ឬបណ្ណសម្គាល់ការបង់ពន្ធ លើអចលនទ្រព្យ ចំពោះអចលនទ្រព្យដែល៖

• មូលដ្ឋានគិតពន្ធត្រូវបានប្រែប្រួលដូចជា ដីត្រូវបានយកទៅសាងសង់ផ្ទះ អគារ និង/ឬសំណង់ផ្សេងៗ ឬផ្ទះ អគារ និងសំណង់ផ្សេងៗ ត្រូវបានសាងសង់បន្ថែម ឬបន្ថយ ឬរំលាយចោល

• អចលនទ្រព្យត្រូវបានផ្លាស់ប្តូរកម្មសិទ្ធិករ អ្នកកាន់កាប់ ឬអ្នកទទួលប្រយោជន៍ចុងក្រោយនៃអចលនទ្រព្យ។

សូមរម្លឹកផងដែរថា ដើម្បីផ្តល់លទ្ធភាពជូនម្ចាស់អចលនទ្រព្យដែលមិនទាន់បានបំពេញកាតព្វកិច្ចប្រកាសនិងបង់ពន្ធលើអចលនទ្រព្យប្រចាំឆ្នាំបានត្រឹមត្រូវ តាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តស្តីពីពន្ធដារជាធរមាន រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបន្ធូរបន្ថយបន្ទុកដល់ប្រជាពលរដ្ឋដែលជា ម្ចាស់អចលនទ្រព្យ ដោយលើកលែងទណ្ឌកម្មរដ្ឋបាល (ពន្ធបន្ថែម និងការប្រាក់) ចំពោះអចលនទ្រព្យដែលមិនធ្លាប់បានចុះបញ្ជី ប្រកាស និងបង់ប្រាក់ពន្ធនាពេលកន្លងមក រហូតដល់ដំណាច់ខែមិថុនា ឆ្នាំ២០២៤ ខាងមុខនេះ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)