ភ្នំពេញ៖ យោងតាមមាត្រា៨ នៃច្បាប់ស្តីពីសារពើពន្ធ សម្រាប់គោលដៅពន្ធលើប្រាក់ចំណូល "ឆ្នាំជាប់ពន្ធ” ត្រូវបានកំណត់ចំពោះនីតិបុគ្គល និង រូបវន្តបុគ្គលដូចខាងក្រោម៖
១. ចំពោះនីតិបុគ្គល
- ពន្ធលើប្រាក់ចំណូល ត្រូវបានគណនាចេញពីលទ្ធផលគណនេយ្យដែលសម្រេចបានក្នុងឆ្នាំប្រតិទិននីមួយៗ
- ចំពោះសហគ្រាសថ្មីដែលចាប់ផ្តើមអាជីវកម្មក្នុងពេលណាមួយនៃឆ្នាំប្រតិទិន លទ្ធផលគណនេយ្យត្រូវគិតចាប់ពីថ្ងៃដែលចាប់ផ្តើម ប្រកបអាជីវកម្មរហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំប្រតិទិននោះ
- ប្រសិនបើមានលទ្ធផលគណនេយ្យច្រើនតៗគ្នាក្នុងឆ្នាំប្រតិទិនណាមួយ លទ្ធផលគណនេយ្យ ទាំងឡាយត្រូវបូកបញ្ចូលគ្នាធ្វើជាមូលដ្ឋានគិតពន្ធលើប្រាក់ចំណូល
- សហគ្រាសដែលត្រូវបានគ្រប់គ្រងដោយនីតិបុគ្គលអនិវាសនជន អាចស្នើសុំអនុវត្តឆ្នាំជាប់ពន្ធខុសពីឆ្នាំប្រតិទិន
- ចំពោះសហគ្រាសដែលបញ្ឈប់សកម្មភាពអាជីវកម្ម លទ្ធផលគណនេយ្យចុងក្រោយត្រូវគិត៖
• ចាប់ពីថ្ងៃទី១ ខែមករា រហូតដល់ថ្ងៃបញ្ឈប់សកម្មភាពជាស្ថាពរសម្រាប់សហគ្រាសដែលប្រើប្រាស់ឆ្នាំប្រតិទិនជាឆ្នាំជាប់ពន្ធ
• ចាប់ពីដើមឆ្នាំជាប់ពន្ធចរន្តរហូតដល់ថ្ងៃបញ្ឈប់សកម្មភាពជាស្ថាពរសម្រាប់សហគ្រាសដែលស្នើសុំអនុវត្តឆ្នាំជាប់ពន្ធខុសពី ឆ្នាំប្រតិទិន។
២. ចំពោះរូបវន្តបុគ្គល ពន្ធលើប្រាក់ចំណូលត្រូវបានគណនាចេញពីប្រាក់ចំណូលសរុបដែលសម្រេចបានក្នុងឆ្នាំប្រតិទិននីមួយៗ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)