Register Already an agent ? Login

ពន្ធដារ ប្រមូលចំណូលបានជាង ៣,៦១២លានដុល្លារ ក្នុងឆ្នាំ២០២៣ កើនជាង១៥៥លានដុល្លារ ធៀបឆ្នាំ២០២២

ភ្នំពេញ៖ សរុបរយៈពេល១២ខែ ឆ្នាំ២០២៣ អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូល ជាក់ស្តែងតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ មានចំនួន ១៤ ៦២៩,១០ប៊ីលានរៀល (ប្រមាណជា ៣ ៦១២,១២លានដុល្លារ) ស្មើនឹង ១០១,១៣% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ២០២៣។ បើតាមការលើកឡើង លោក គង់ វិបុល អគ្គនាយកដ្ឋានពន្ធដារ។

នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារគ្រប់គ្រងប្រមូលចំណូលពន្ធប្រចាំខែធ្នូ និងប្រចាំឆ្នាំ២០២៣ ព្រមទាំងទិសដៅសម្រាប់អនុវត្តបន្តរបស់អគ្គនាយកដ្ឋានពន្ធដារ នាថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ លោក គង់ វិបុល បានបន្តថា បើធៀបនឹងឆ្នាំ២០២២ គឺកើនឡើងចំនួន ៦២៨,២៨ប៊ីលានរៀល (ប្រមាណជា ១៥៥,១៣ លានដុល្លារ) ស្មើនឹង ៤,៤៩%។

លទ្ធផលដ៏ជោគជ័យ និងជាទីមោទនៈនេះ គឺជាការចូលរួមចំណែកដ៏សំខាន់ក្នុងការបន្តអភិវឌ្ឍប្រទេសជាតិ។ ជាការគូសបញ្ជាក់ លោក គង់ វិបុល បានបន្តទៀតថា ចំពោះលទ្ធផលប្រមូលពន្ធក្នុងខែធ្នូ ឆ្នាំ២០២៣ មានចំនួន ១ ០៧២,៣១ប៊ីលានរៀល (ប្រមាណជា ២៦៤,៧៧លានដុល្លារ) ស្មើនឹង ៧,៤១% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ ការគ្រប់គ្រងឆ្នាំ២០២៣។

គួររម្លឹកផងដែរថា ឆ្នាំ២០២៣ គឺជាឆ្នាំទី៥ និងជាឆ្នាំចុងក្រោយនៃយុទ្ធសាស្ត្រកៀរគរចំណូលរយៈពេល៥ឆ្នាំ២០១៩-២០២៣ ហើយឆ្នាំ២០២៤ គឺជាឆ្នាំទី១នៃការអនុវត្តយុទ្ធសាស្ត្រកៀរគរចំណូលដំណាក់កាល៥ឆ្នាំបន្ទាប់ ២០២៤-២០២៨។

ជោគជ័យនៃការគ្រប់គ្រងប្រមូលចំណូលពន្ធ ក្នុងរយៈពេល៥ឆ្នាំជាប់គ្នាដូចមានបញ្ជាក់ជូនខាងលើ គឺជាផ្លែផ្កាពិតៗនៃការពង្រឹងសមត្ថភាព និងប្រព័ន្ធគ្រប់គ្រងរបស់រដ្ឋបាល សារពើពន្ធ ការកើនឡើងនៃការយល់ដឹងវប្បធម៌បង់ពន្ធ និងការកើននៃកម្រិតអនុលោមភាពដោយអ្នកជាប់ពន្ធ។ ជាការបញ្ជាក់បន្ត លោក គង់ វិបុល។

ជារួម អគ្គនាយកដ្ឋានពន្ធដារបានអនុវត្តប្រកបដោយជោគជ័យនូវយុទ្ធសាស្ត្រកៀរគរចំណូល ២០១៩-២០២៣ របស់រាជរដ្ឋាភិបាលដែលផ្តោតសំខាន់ទៅលើការធ្វើបច្ចុប្បន្នភាពនិងទំនើបកម្មគោលនយោបាយ និងរដ្ឋបាលសារពើពន្ធជាបន្តបន្ទាប់ ដើម្បីជំរុញបង្កើនសមត្ថភាពប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពនៃការគ្រប់គ្រងប្រមូលចំណូលពន្ធ។

ជាក់ស្តែង លទ្ធផលចំណូលសម្រេចបានក្នុងរយៈពេល ៥ឆ្នាំនៃយុទ្ធសាស្ត្រកៀរគរចំណូល ២០១៩-២០២៣ គឺឆ្នាំ២០១៩ ទទួលបាន ១១ ២៧៧,៣២ ប៊ីលានរៀល ស្មើនឹង ១២៣,២០%, ឆ្នាំ២០២០ ទទួលបាន ១១ ៧០០,៥២ប៊ីលានរៀល ស្មើនឹង ១០១,៣៦%, ឆ្នាំ២០២១ ទទួលបាន ១១ ២៦៦,៧៩ប៊ីលានរៀល ស្មើនឹង ១២៤,០២%, ឆ្នាំ២០២២ ទទួលបាន ១៣ ៩៩៣,២០ប៊ីលានរៀល ស្មើនឹង ១២២,៥៤% និងឆ្នាំ២០២៣ ទទួលបាន ១៤ ៦២៩,១០ប៊ីលានរៀល ស្មើនឹង ១០១,១៣%៕

ដោយ៖ មឿន ឌីណា (Moieun Dyna)