Register Already an agent ? Login

កម្ពុជា ទទួលបានចំណូលនាំចេញគ្រឿងអលង្ការ និងត្បូងមានតម្លៃជាង ៨៥១លានដុល្លារ កើន២៦១% ឆ្នាំ២០២៣

ភ្នំពេញ៖ នៅក្នុងឆ្នាំ២០២៣ កម្ពុជាទទួលបានចំណូលពីនាំចេញគ្រឿងអលង្ការ និងត្បូងមានតម្លៃ ទៅកាន់ទីផ្សារអន្ដរជាតិជាង ៨៥១លានដុល្លារ កើន ២៦១% បៀបនឹងឆ្នាំ២០២២។ ជាការថ្លែងរបស់ លោកស្រី តាន់ ទេពីកណ្ណិកា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ក្នុងកម្មវិធីសន្និសីទសារព័ត៌មានលើកទី២ នៃព្រឹត្តិការណ៍ “ពិព័រណ៍គ្រឿងអលង្ការ និងត្បូងកម្ពុជា-អន្តរជាតិ លើកទី១៥ ឆ្នាំ២០២៤”។

ពិធីខាងលើធ្វើឡើងកាលពីរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ នាទីក្រុងកោះពេជ្រ លោកស្រី តាន់ ទេពីកណ្ណិកា បានថ្លែងបន្តថា សន្ទុះនៃកំណើនជាវិជ្ជមាននៃការនាំចេញនេះ បញ្ជាក់ឱ្យឃើញអំពីភាពជោគជ័យកិច្ចសហប្រតិបត្ដិការដ៏ជិតស្និទ្ធរឹងមាំនិងគ្រប់ជ្រុងជ្រោយ រវាងក្រសួងពាណិជ្ជកម្ម ក្រសួងស្ថាប័នពាក់ព័ន្ធ ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា និងវិស័យឯកជន ក៏ដូចជាសមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជាផងដែរ។

នាឱកាសនោះ អនុរដ្ឋលេខាធិការ បានសម្តែងនូវការកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់សមាគមក្នុងការសហការយ៉ាងស្វិតស្វាញ ជាមួយក្រសួងពាណិជ្ជកម្ម និងក្រសួង-ស្ថាប័នពាក់ព័ន្ធ កន្លងមក ដើម្បីពង្រឹងវិស័យនេះឱ្យមានភាពរីកចម្រើន និងប្រសើឡើងជាលំដាប់។

លោកស្រី បានថ្លែងបន្ថែមថា ក្រសួងពាណិជ្ជកម្ម បានគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ ក្នុងការគាំទ្រដល់ការធ្វើធុរកិច្ចលើវិស័យគ្រឿងអលង្ការ និងត្បូងមានតម្លៃនៅកម្ពុជាឱ្យមានការបោះជំហានទៅមុខ ព្រមទាំងមានការរីកចម្រើនកាន់តែច្រើនឡើង ដើម្បីបង្កើនទំនុកចិត្តរបស់អ្នកប្រើប្រាស់មកលើគុណភាពផលិតផលកម្ពុជា ជាពិសេសបង្កើនឱកាសជូន ពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃ បន្ថែមទៀត ក្នុងការរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងភាពប្រកួតប្រជែងរបស់កម្ពុជា។

យោងតាមទិន្នន័យនៃការនាំចេញ គ្រឿងអលង្ការ និងត្បូងមានតម្លៃរបស់កម្ពុជាទៅទីផ្សារអន្តរជាតិ បង្ហាញថាមានការកើនឡើងជាលំដាប់ ជាពិសេស ក្នុងរយៈពេលបីឆ្នាំកន្លងទៅនេះ។ ជាការបញ្ជាក់ លោកស្រី តាន់ ទេពីកណ្ណិកា។

លោកស្រី អនុរដ្ឋលេខាធិការ បានលើកទឹកចិត្តដល់សមាគម ឱ្យចាប់ដៃគូជាមួយបណ្តាក្រុមហ៊ុនបរទេស ដើម្បីធ្វើពិពិធកម្មទីផ្សារ និងប្រើប្រាស់ឱ្យអស់លទ្ធភាពពីសក្កានុពលនៃកិច្ចព្រមព្រៀងនានា ដែលកម្ពុជាមាន ដូចជា៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន កម្ពុជា-កូរ៉េ ASEAN+1 និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ អាសិប (RCEP) ដើម្បីជំរុញការនាំចេញ ផលិតផលគ្រឿងអលង្ការ និងត្បូងមានតម្លៃ បន្ថែមទៀត ព្រមទាំងរួមចំនែកក្នុងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការពង្រឹងការចូលរួមរបស់កម្ពុជានៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងសកលលោក។

គូសបញ្ជាក់ថា ចំពោះការនាំចេញគ្រឿងអលង្ការ និងត្បូងមានតម្លៃរបស់កម្ពុជា ទៅទីផ្សារអន្តរជាតិ មានការកើនឡើងជាលំដាប់ កាលពីឆ្នាំ២០២១ នាំចេញ ១៤៩លានដុល្លារ, ឆ្នាំ២០២២ នាំចេញ ២៦១លានដុល្លារ កើន ៧៥% និងឆ្នាំ២០២៣ នាំចេញ ៨៥១លានដុល្លារ កើន ២៦១%។

គិតត្រឹម១១ខែ ឆ្នាំ២០២៣ ក្រសួងពាណិជ្ជកម្ម បានចេញលិខិតអនុញ្ញាតនាំចូលត្បូងពេជ្រមិនទាន់កែច្នៃ គិតជាទឹកប្រាក់មានចំនួន ១៤៨លានដុល្លារ និងនាំចេញត្បូងពេជ្រ ដែលបានកែច្នៃរួចបូកនឹងសំណល់ពីការកែច្នៃមានទឹកប្រាក់ចំនួន ៦២លានដុល្លារ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)