Register Already an agent ? Login

ចំណាត់ការលើបម្រែបម្រួលអាកាសធាតុ ជាគន្លឹះសម្រាប់កម្ពុជាក្នុងការឈានទៅសម្រេចគោលដៅអភិវឌ្ឍន៍

ភ្នំពេញ៖ ការប្រែប្រួលអាកាសធាតុនឹងជះឥទ្ធិពលបណ្តាក់គ្នាបន្ថែមទៀតទៅលើគ្រប់ផ្នែកនៃសេដ្ឋកិច្ច ប្រសិនបើគ្មានដំណោះស្រាយ។ កម្ពុជា​អាច​សម្រេច​ចក្ខុវិស័យ​អភិវឌ្ឍន៍​របស់​ខ្លួន​បាន​ ប្រសិន​បើ​ធ្វើ​ចំណាត់​ការ​លើ​បម្រែ​បម្រួល​អា​កាស​ធាតុ​​តាម​រយៈសកម្មភាព​ធំៗបី គឺ កាត់បន្ថយ សម្របឡើងវិញ និងតម្រង់ទិសឡើងវិញ។

កម្ពុជា​អាច​សម្រេច​ចក្ខុវិស័យ​អភិវឌ្ឍន៍​របស់​ខ្លួន​បាន​ ប្រសិន​បើ​ប្រទេស​នេះ​ធ្វើ​ចំណាត់​ការ​លើ​បម្រែ​បម្រួល​អា​កាស​ធាតុ​​តាម​រយៈសកម្មភាព​ធំៗ៣ កាត់បន្ថយឱ្យបានច្រើននូវភាពងាយរងគ្រោះដោយសារបម្រែបម្រួលអាកាសធាតុ, សម្របឡើងវិញ នូវគន្លងបំភាយកាបូននៅក្នុងការអភិវឌ្ឍ និង តម្រង់ទិសឡើងវិញសម្រាប់សេដ្ឋកិច្ច ដើម្បីក្រសោបយកឱកាសថ្មីៗពី​ការ​ធ្វើ​អន្តរកាល​ទៅរកការអភិវឌ្ឍ​បៃតងលើសកលលោក។ នេះបើយោងតាម​របាយការណ៍​ស្តីពី ស្ថានភាពអាកាសធាតុនិងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា របស់ធនាគារពិភពលោកដែលចេញផ្សាយកាលពីពេលថ្មីៗនេះ។​

កម្ពុជា​ កំពុង​រង​ផលប៉ះពាល់​ខ្លាំង​ពីបម្រែបម្រួល​អាកាស​ធាតុ​រួច​ទៅហើយ ដែលមានន័យថា​ចាំបាច់​ត្រូវ​បន្ស៊ាំខ្លួន​ជា​បន្ទាន់​ទៅនឹង​ផលប៉ះពាល់​ទាំងនោះ។ ការកើនឡើងភាពប្រែប្រួលនៃទឹកភ្លៀងកំពុងបណ្តាលឱ្យមានភាពរាំងស្ងួតនិងទឹកជំនន់ញឹកញាប់និងខ្លាំងជាងមុន។ គ្រោះរាំងស្ងួតធ្ងន់ធ្ងរដែលបានកើតឡើងនៅឆ្នាំ២០១៥និង២០១៦ បានប៉ះពាល់ដល់១៨ខេត្តក្នុងចំណោម ២៥ខេត្ត/រាជធានី និងប៉ះពាល់ដល់មនុស្សជាង ២,៥លាននាក់។

ផលស្រូវបានបាត់បង់ប្រមាណ ១០០លានដុល្លារ ដោយសារគ្រោះរាំងស្ងួតដែលបណ្តាលមកពីបាតុភូត El Nino នាឆ្នាំ២០១៩។ នៅខែកញ្ញាឆ្នាំ២០២២ ដែលមានភ្លៀងធ្លាក់ខ្លាំងបំផុតនារយៈពេល៣ឆ្នាំនេះបានបង្ករគ្រោះទឹកជំនន់ធ្ងន់ធ្ងរក្នុងខេត្តចំនួន១៤ ដោយប៉ះពាល់ប្រមាណ៨៥ម៉ឺនគ្រួសារ និងមានការបាក់ដីដែលនាំឱ្យមានការជំលៀសប្រជាជន ៥០០០គ្រួសារ។

របាយការណ៍នេះ និយាយទៀតថា យោង​តាម​ការ​ព្យាករអាកាសធាតុ ហានិភ័យ​ទឹកជំនន់ និង​សម្ពាធកម្តៅ នៅ​ក្នុង​ប្រទេស​កម្ពុជា នឹងមាន​សភាព​កាន់​តែ​អាក្រក់នាពេលអនាគត ​ប្រសិនបើគ្មាន​វិធានការបន្ស៊ាំ និងកាត់បន្ថយផលប៉ះពាល់សម​ស្រប​ទេ បម្រែ​បម្រួល​អាកាស​ធាតុអាច​នឹង​ធ្វើ​ឱ្យ​កម្ពុជា​ខាតបង់ ផ.ស.ស អស់​ ៩% គិត​ត្រឹម​ឆ្នាំ​២០៥០ និង​ធ្វើ​ឱ្យអត្រា​​ភាព​ក្រីក្រ​កើនឡើង​ ៦% ពិន្ទុ គិត​ត្រឹម​ឆ្នាំ​២០៤០។

កម្ពុជា ​ជា​ប្រទេស​ដែល​ប្រឈម​ខ្លាំង​ទៅនឹង​ផលប៉ះពាល់នៃ​អាកាស​ធាតុ ជាពិសេសតាមរយៈការកើនឡើងជាញឹកញាប់និងធ្ងន់ធ្ងរនៃគ្រោះទឹកជំនន់។ បើតាមប្រសាសន៍ លោកស្រី ម៉ានូអែលឡា វ. ហ្វេររ៉ូ អនុប្រធានធនាគារពិភពលោក​ទទួលបន្ទុក​តំបន់​អាស៊ីបូព៌ា និង​ប៉ាស៊ីហ្វ៊ិក បានបន្តថា ដើម្បីស្តារឡើងវិញដែលបានបាត់បង់ដោយសារជំងឺឆ្លងរាតត្បាតនិងការកើនឡើងតម្លៃចំណីអាហារនិងប្រេងឥន្ទនះ កម្ពុជាត្រូវរក្សាកំណើនខ្ពស់ ស្របពេលដែលត្រូវដោះស្រាយផលប៉ះពាល់ដែលបង្ករឡើងដោយការប្រែប្រួលអាកាសធាតុលើសេដ្ឋកិច្ច និងការកាត់បន្ថយការបំភាយ​កាបូន។

កម្ពុជា មានកំណត់ត្រាកំណើនសេដ្ឋកិច្ចខ្ពស់ដែលជាមធ្យមប្រមាណ ៧,១% ពីឆ្នាំ១៩៩៥ដល់ឆ្នាំ២០២១ ដោយបានកាត់ភាគរយនៃប្រជាជនរស់ក្រោមបន្ទាត់នៃភាពក្រីក្របានពាក់កណ្តាលពីឆ្នាំ២០០៩ ដល់ ២០១៩ និងបានបង្កើនអាយុស្លាប់មធ្យមពី៥៧ឆ្នាំនៅឆ្នាំ១៩៩៨ មកដល់៧១ឆ្នាំនៅឆ្នាំ២០១៨។

កម្ពុជា ​បាន​ដាក់​ចេញ​នូវ​គោលដៅវែងឆ្ងាយ​មួយ ក្នុង​ការប្រែក្លាយសេដ្ឋកិច្ចឱ្យទៅជា​ប្រទេស​មានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០។ ទន្ទឹម​នឹង​ជោគជ័យ​ដែលសម្រេច​បានកន្លងមក​នេះ ដើម្បីរក្សាកំណើនឱ្យរីងមាំ កម្ពុជា​ចាំ​បាច់​ត្រូវ​តែខិតខំ​ជម្នះ​​ឧបសគ្គ​លក្ខណៈ​រចនាសម្ព័ន្ធមួយចំនួន រួមមានឧបសគ្គដែលទាក់ទងនឹងពាណិជ្ជកម្ម ហេដ្ឋារចនាសម្ព័ន្ធដែលមិនទាន់គ្រប់គ្រាន់សម្រាប់សំរួលដល់ពាណិជ្ជកម្ម ការវិនិយោគពីក្នុងស្រុកនៅទាប ការថយចុះនៃវិនិយោគសាធារណៈ និងការកើនឡើងនូវបំណុលជាឯកជន។

សេដ្ឋកិច្ចរបស់កម្ពុជាមានមូលដ្ឋាន​ប្រមូលផ្តុំខ្លាំង បើនិយាយពីការនាំចេញ, ទីផ្សារ, វិស័យ, និងប្រភពហិរញ្ញប្បទាន ដែលធ្វើឱ្យប្រទេសនេះងាយរងគ្រោះណាស់​ ពីសំណាក់​ហេតុការណ៍នៅក្រៅប្រទេស។ ការធ្វើពិពិធកម្មមូលដ្ឋាននាំចេញរបស់ខ្លួន, ការកែលម្អបរិយាកាសអំណោយផលសម្រាប់វិស័យឯកជន, ការដោះស្រាយបញ្ហា​ខ្វះ​ខាតនៅ​ក្នុង​វិស័យ​អប់រំ និងសុខាភិបាល, និងការកែលម្អហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ទាំងអស់នេះជាកត្តាសំខាន់សម្រាប់រក្សា​បាន​កំណើនបែប​បរិយាបន្ន​ និងការអភិវឌ្ឍប្រកបដោយចីរភាព។

របាយការណ៍នេះ កត់សម្គាល់ទៀតថា បែបផែន​​នៃការអភិវឌ្ឍថ្មីៗក៏មានចំណែក​ធ្វើ​ឱ្យ​ភាពប្រឈម​នឹងឥទ្ធិពលអាកាសធាតុ មាន​សភាពកាន់តែអាក្រក់ដែរ។ ​កម្ពុជា​មាន​អត្រា​កាប់​បំផ្លាញ​ព្រៃឈើ​ខ្ពស់​បំផុត​មួយ​ក្នុង​ពិភពលោក។ បែបផែននៃការអភិវឌ្ឍទីក្រុងនាពេលថ្មីៗនេះ បានធ្វើឱ្យអ្នកតាំងទីលំនៅថ្មីក្នុងទីក្រុង ស្ថិតនៅក្នុងតំបន់ងាយរងនឹងការលិចលង់ពីទឹកជំនន់។ ​ជា​ប្រវត្តិសាស្ត្រ​ កម្ពុជា​ជាប្រទេស​​បញ្ចេញ​ឧស្ម័ន​ផ្ទះកញ្ចក់កម្រិត​​ទាប ប៉ុន្តែមានកំណើននៃអត្រាបំភាយឧស្ម័ន​ផ្ទះកញ្ចក់លឿនបំផុតក្នុងតំបន់អាស៊ីអាគ្នេយ៍​ និងជាប្រទេសមួយដែលមានអត្រានៃការបំភាយឧស្ម័នកាបូនខ្ពស់ខ្លាំងក្នុងចំណោមប្រទេសដែលមានការវាស់វែងនៃការបំភាយឧស្ម័នកាបូនមនុស្សម្នាក់ៗធៀបទៅនឹងផ.ស.ស ប្រហាក់ប្រហែលគ្នា ។

ទោះជាយ៉ាងណាក៏ដោយ វិធានការរបស់រដ្ឋាភិបាល និងវិស័យឯកជន អាចកាត់បន្ថយផលប៉ះពាល់អវិជ្ជមានពីបម្រែបម្រួល​អាកាសធាតុ ហើយរបាយការណ៍នេះបានលើក​ឡើងនូវអនុសាសន៍ និងអាទិភាពមួយចំនួន សម្រាប់ធ្វើ​សកម្មភាពជា​បន្ទាន់។ នៅ​ក្នុងនោះមាន ឧទាហរណ៍ វិធានការបន្ស៊ាំរបស់​រដ្ឋាភិបាល អាចរួមបញ្ចូលការកែលម្អឱ្យ​កាន់​តែប្រសើរនូវ​ភាពធន់នឹងអាកាសធាតុរបស់​បណ្តាញផ្លូវថ្នល់ដែលមានស្រាប់ និងការបង្កើនស្តង់ដានៃ​ភាពធន់ ជាពិសេស សម្រាប់ហេដ្ឋារចនាសម្ព័ន្ធ​សេវា​សុខា​ភិបាល និងអប់រំ។

កម្ពុជា បានសន្យាថានឹងសម្រេចឱ្យ​បាននូវអព្យាក្រឹតភាពកាបូននៅឆ្នាំ២០៥០។ ដើម្បី​សម្រេចបាននូវគោលដៅប្រកបដោយមហិច្ឆិតានេះ វាទាមទារឱ្យកម្ពុជា​បញ្ឈប់ការកាប់បំផ្លាញព្រៃឈើឱ្យ​បា​យ៉ាងឆាប់រហ័ស និងបង្វែរទិសនៃ​វិស័យថាមពល, ការដឹកជញ្ជូន, និងឧស្សាហកម្ម ទៅរកមាគ៌ាកំណើនដែលបញ្ចេញកាបូនទាបវិញ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)