ភ្នំពេញ៖ រដ្ឋាភិបាលអូស្ត្រាលី បេ្តជ្ញាចិត្តក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-អូស្ត្រាលី ឱ្យកាន់តែរីកចម្រើនខ្លាំងក្លា លើគ្រប់វិស័យ បន្ថែមទៀត។ ជាការបញ្ជាក់ លោក Justin Kevin Whyatt ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា។
ការបញ្ជាក់ លោក Justin Kevin Whyatt ក្នុងជំនួប សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអនុញ្ញាតឱ្យ លោក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤។
លោក ឯកអគ្គរដ្ឋទូត បានបន្តថា ជាពិសេសលើវិស័យសេដ្ឋកិច្ច វិនិយោគ ពាណិជ្ជកម្ម សុខាភិបាល អប់រំ កសិកម្ម បរិស្ថាន ការប្រែប្រួលអាកាសធាតុ និងការកសាងសមត្ថភាពក្នុងវិស័យការពារជាតិ។
ក្នុងឱកាសនៃជំនួបនេះ លោក បានថ្លែងអំណរគុណ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបឯកឧត្តម និងសហការី ចូលជួបសម្តែងការគួរសម និងបានចូលរួមអបអរសាទរចំពោះភាពជោគជ័យនៃដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចធិបតី នៅបារាំង និងវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុងដាវ៉ូស សហព័ន្ធស្វីស។
សម្តេចធិបតី បានស្វាគមន៍វត្តមានរបស់ ឯកអគ្គរដ្ឋទូត និងសហការី ព្រមទាំងបានអរគុណ និងវាយតម្លៃខ្ពស់ចំពោះការគាំទ្រ និងជំនួយរបស់អូស្ត្រាលីក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ចាប់តាំងពីដំណើរការនៃការស្វែងរកនូវសុខសន្តិភាពរហូតដល់ពេលបច្ចុប្បន្ន។
ទន្ទឹមនឹងនេះ សម្ដេចធិបតី ក៏បានបញ្ជាក់ជូន ឯកអគ្គរដ្ឋទូត អំពីគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសភាពទាក់ទាញនៃច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា និងគោលនយោបាយលើកទឹកចិត្តសម្រាប់វិនិយោគិន និងធុរជន ដែលធានាបាននូវភាពអាចព្យាករណ៍បាន និងភាពប្រាកដនិយមចំពោះបរិយាកាសវិនិយោគប្រកបដោយភាពអនុគ្រោះ នៅកម្ពុជា។
នាជំនួបនេះ ភាគីទាំងពីរ បានពិភាក្សាលើការងារមួយចំនួនពាក់ព័ន្ធទៅនឹងបញ្ហាក្នុងតំបន់ និងអន្តរជាតិ ដើម្បីជាផលប្រយោជន៍រួម រវាងកម្ពុជា-អូស្រ្តាលី ដែលទាំងកម្ពុជា និង អូស្រា្តលី អាចនឹងបង្កើន និងពង្រឹងនូវតួនាទីរបស់ខ្លួន នៅក្នុងវេទិកាតំបន់ និងសកល ផងដែរ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)