ភ្នំពេញ៖ ពាណិជ្ជកម្មទ្វេភាគី កម្ពុជា-កូរ៉េ មានទឹកប្រាក់សរុប ៧៥១,៣៨លានដុល្លារ ធ្លាក់ចុះ ៣,៥% នៅឆ្នាំ២០២៣ បើធៀបនឹងឆ្នាំ២០២២។ បើតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
ទំនិញ កម្ពុជានាំទៅប្រទេសកូរ៉េ មានទឹកប្រាក់ ២៨១,១៤លានដុល្លារ កើនឡើង ២០,៣% ខណៈ ទំនិញកូរ៉េនាំមកកម្ពុជា ចំនួន ៤៧០,២៥លានដុល្លារធ្លាក់ចុះ ១៣,៨។ បើតាមរបាយការណ៍ខាងលើ។
ប្រទេសកូរ៉េ គឺជាដៃគូពាណិជ្ជកម្មធំជាងគេទី១២ របស់កម្ពុជា ដែលនាំមុខដោយប្រទេសចិន អាមេរិក វៀតណាម ថៃ ជប៉ុន ឥណ្ឌូនេស៊ី អាល្លឺម៉ង់ កាណាដា សិង្ហបុរី ចក្រភពអង់គ្លេស និងកោះតៃវ៉ាន់។
កូរ៉េ គឺជាទីផ្សារទទួលទិញទំនិញសំខាន់មួយរបស់កម្ពុជា ដោយភាគច្រើនជាផលិតផលសម្លៀកបំពាក់ ស្បែកជើង កសិផល គ្រឿងបង្គុំអេឡិចត្រូនិកអគ្គិសនីជាដើម។ បើតាមការ លើកឡើងរបស់ លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា។
បើតាម លឹម ហេង ដែលភ្នំពេញប៉ុស្តិ៍ បានស្រសំដី ទឹកប្រាក់នាំចេញ-នាំចូលទំនិញរវាងប្រទេសទាំងពីរនឹងបន្តកើនឡើងនៅពេលសេដ្ឋកិច្ចពិភពលោកត្រឡប់មកល្អប្រសើរឡើងវិញ ពិសេសការនាំចេញរបស់កម្ពុជាដែលបានហក់ឡើងយ៉ាងលឿននារយៈពេលប្រហែលជិត ១ទសវត្សរ៍ចុងក្រោយនេះ។
លោក បានឱ្យដឹងថា ក្រៅពីទិញទំនិញពីកម្ពុជា កូរ៉េក៏នាំទំនិញរបស់ខ្លួនមកកម្ពុជាវិញផងដែរ មានដូចជា៖ រថយន្ត គ្រឿងយន្តកសិកម្ម ផលិតផលអេឡិចត្រូនិក ឱសថ អាហារ និងភេសជ្ជៈ ជាដើម៕
ដោយ៖ មឿន ឌីណា (Moeun Dyna)