Register Already an agent ? Login

ឆ្នាំ២០២៣ ទេសចរបរទេសចូលកម្ពុជាជាង៥,៤លាននាក់ កើនជិត១៤០% ខណៈ ខ្មែរចេញទៅក្រៅជិត២លាននាក់

ភ្នំពេញ៖ ភ្ញៀវទេសចរបរទេសចំនួន ៥,៤៥៣,២៣១នាក់ បានចូលមកកម្ពុជា តាមផ្លូវអាកាស គោក និងទឹក កើន១៣៩.៥% ក្នុងឆ្នាំ២០២៣ ខណៈ ពលរដ្ឋខ្មែរបានចេញទៅក្រៅប្រទេសចំនួន ១,៨១៩,៥០៤នាក់ កើន១៥២.៣%។ បើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍។

ចំនួនទេសចរជាង៥,៤លាននាក់ បើធៀបនឹងឆ្នាំ២០២២ តែនៅតិចជាងឆ្នាំ២០១៩ មុនកូវីដ-១៩ -១៧.៥% ប្រមាណ៦.៦លាននាក់។ ជាការបញ្ជាក់នៅក្នុងរបាយការណ៍ខាងលើ បានបន្តថា ទេសចរទាំងអស់នេះបានចូលកម្ពុជាតាមរយៈ ជើងហោះហើរចំនួន ១,៨៦៦,២៣១នាក់, ផ្លូវគោកចំនួន ៣,៥២០,៧៣០នាក់ និងផ្លូវទឹកចំនួន ៦៦,២៧០នាក់។

បើតាមរនបាយការណ៍ដដែលនេះ បានបន្តទៀតថា ក្នុងឆ្នាំ២០២៣ ប្រជាពលរដ្ឋកម្ពុជា ក៏បានចេញទៅក្រៅប្រទេសចំនួន ១,៨១៩,៥០៤នាក់ ក្នុងអត្រាកំណើន ១៥២.៣%។ ហើយ ទេសចរជាង៥,៤លាននាក់ គឺបានចាកចេញពីកម្ពុជាវិញចំនួន ៥,២៥៤,៦១៩នាក់។

ប្រភពរបាយការណ៍នេះ បានឱ្យដឹងថា ទីផ្សារទេសចរណ៍អន្តរជាតិសំខាន់ៗរបស់កម្ពុជា ក្នុងឆ្នាំ២០២៣ រួមមាន៖ ១-ថៃ ១,៨២០,៤៦០នាក់, ២-វៀតណាម ១,០១៩,៨១២នាក់, ៣-ចិន ៥៤៧,៧៩៨នាក់, ៤-ឡាវ ៣៧២,២៨៥នាក់, ៥-សហរដ្ឋអាមេរិក ១៨៤,៨៧០នាក់, ៦-កូរ៉េខាងត្បូង ១៧០,១៧១នាក់, ៧-ឥណ្ឌូណេស៊ី ១២៧,១៧៨នាក់, ៨-បារាំង ១០៦,៦២៥នាក់, ៩-ចក្រភពអង់គ្លេស ៩៦,៩៧៣នាក់ និង១០-ម៉ាឡេស៊ី ៨៧,៨២៥នាក់។

លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា បានបង្ហាញនៃក្ដីរំពឹងទុកថា កំណើនភ្ញៀវទេសចរនៅក្នុងឆ្នាំ២០២៤នេះ ទំនោរជាអាចច្រើនជាងឆ្នាំ២០២៣កន្លងទៅ ដោយសារតែមានជើងហោះហើរត្រង់ជាច្រើនចូលមកកម្ពុជា ជាពិសេសមានការកក់សំបុត្រជាហូរហែរពីភ្ញៀវទេសចរ ដើម្បីមកលេងកំសាន្ដ នៅក្នុងប្រទេសកម្ពុជា។

ការបង្ហាញនៃក្ដីរំពឹងទុកបែបនេះ របស់លោកស្រី ឆាយ ស៊ីវលីន ចូលរួមក្នុងកិច្ចពិភាក្សាលើប្រធានបទ៖ «សក្ដានុពលនៃកំណើនទេសចរណ៍កម្ពុជា នៅឆ្នាំ២០២៤» ក្នុងកម្មវិធី FRESH BUSINESS។

លោកស្រី ឆាយ ស៊ីវលីន បានបញ្ជាក់យ៉ាងដូច្នេះថា នៅក្នុងឆ្នាំ២០២៤នេះ គឺយើងមើលឃើញថា ទំនោរមានកំណើនជាងឆ្នាំ២០២៣ ដោយសារតែយើងនឹងមានការហោះហើរត្រង់ជាហូរហែរ នៅចាំបន្ដកន្ទុយគ្នា ហើយសម្រាប់ការកក់ សម្រាប់ពាក់កណ្ដាលឆ្នាំ និងចុងឆ្នាំក៏មានច្រើនផងដែរ។

លោកស្រី ឆាយ ស៊ីវលីន ជំរុញដល់ប្រតិបត្តិករទេសចរណ៍បង្កើតផលិតផល និងសេវាកម្មទេសចរណ៍ប្លែកៗបន្ថែមទៀត ដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យមកកម្សាន្តនៅកម្ពុជា ព្រោះភ្ញៀវទេសចរចូលចិត្តចង់ដឹង ចង់ទៅកម្សាន្តកន្លែងណាដែលប្លែកៗ។

លោកស្រី បានគូសបញ្ជាក់ថា ជាទៅទូភ្ញៀវទេសចរដែលមកកម្សាន្តនៅកន្លែងណាមួយតែងតែត្រូវការ កន្លែងស្នាក់នៅ ម្ហូបអាហារ និងការដឹកជញ្ជូន ជាពិសេសគឺកន្លែងដើរកម្សាន្តបែបចម្រុះ និងផ្សេងៗពីគ្នា ទាំងពេលព្រឹក ពេលថ្ងៃ និងពេលយប់។ កាលណាមានភ្ញៀវចូលមកគ្រប់ជាតិសាសន៍ នឹងធ្វើឱ្យអាជីវកម្មទេសចរណ៍កាន់តែរីកចម្រើន ទទួលបានចំណូលចាក់បញ្ចូលទៅក្នុងសេដ្ឋកិច្ចជាតិដែរ​៕

ដោយ៖ មឿន ឌីណា (Moeun Dyna)