ភ្នំពេញ៖ ក្នុងដំណើរទស្សនកិច្ចផ្លូវការនាឱកាសនេះ ជាការជំរុញលើកកម្ពស់ទំនាក់ទំនងផ្នែកពាណិជ្ជកម្ម និងវិនិយោគ សង្ឃឹមថា ក្រុមហ៊ុន-សហគ្រាសធំៗរបស់បារាំងនឹងបន្តពង្រីកការវិនិយោគនៅកម្ពុជាបន្ថែមទៀត ហើយចំពោះវិនិយោគិនបារាំងថ្មី។ ជាការគូសបញ្ជាក់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។
ការគូសបញ្ជាក់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយនឹងលោកស្រី Yaël BRAUN-PIVET ប្រធានរដ្ឋសភាបារាំង ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការនៅទីក្រុងប៉ារីស សាធារណរដ្ឋបារាំង នារសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤។
លោកស្រី Yaël BRAUN-PIVET បានសម្តែងនូវកិច្ចស្វាគមន៍ចំពោះដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចធិបតី នៅលើទឹកដីបារាំង និងបានវាយតម្លៃខ្ពស់ចំពោះការសម្រេចជ្រើសរើសរបស់ សម្តេចធិបតី យកប្រទេសបារាំងជាប្រទេសទី១ ក្នុងចំណោមបណ្តាប្រទេសនៃទ្វីបអឺរ៉ុប ដើម្បីបំពេញទស្សនកិច្ចផ្លូវការក្នុងនាមប្រមុខរាជរដ្ឋាភិបាលកម្ពុជា ស្របពេលដែលប្រទេសបារាំង-កម្ពុជា កំពុងមានទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អលើគ្រប់វិស័យ។
ក្នុងជំនួបនេះ សម្តេចធិបតី បានថ្លែងអំណរគុណចំពោះបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ លោកស្រី ប្រធានរដ្ឋសភាបារាំង និងបានសម្តែងនូវក្តីរីករាយចំពោះវឌ្ឍនភាពរីកចម្រើនគួរឱ្យកត់សម្គាល់ នៃទំនាក់ទំងរវាងប្រទេសទាំងពីរនៅគ្រប់កម្រិត ជាពិសេសទំនាក់ទំនងរវាងសា្ថប័ននីតិប្រតិបត្តិ និងស្ថាប័ននីតិប្បញ្ញត្តិ ក៏ដូចជាកិច្ចសហប្រតិបត្តិការជិតស្និទ្ធនៅក្នុងវិស័យអប់រំ វប្បធម៌ ភាសា និងសេដ្ឋកិច្ច ។ល។
នាបរិយាកសនោះ លោកស្រី Yaël BRAUN-PIVET ក៏បានសម្តែងនូវការពេញចិត្តចំពោះគំនិតផ្តួចផ្តើមរបស់ សម្តេចធិបតី ក្នុងការបង្កើតនូវមជ្ឈមណ្ឌលវប្បធម៌ថ្នាក់តំបន់មួយនៅក្នុងប្រទេសកម្ពុជា សម្រាប់បម្រើឱ្យការបណ្តុះបណ្តាលភាសាបារាំង និងការផ្សព្វផ្សាយវប្បធម៌បារាំង ដល់ប្រជាជននៃបណ្តាប្រទេសនៅក្នុងតំបន់អាស៊ី។
លោកស្រី ប្រធានរដ្ឋសភាបារាំង បានគូសបញ្ជាក់ថា ខណៈដែលប្រទេសកម្ពុជាជាប្រទេសដែលមានទំនាក់ទំនងប្រវត្តិសាស្ត្រដ៏យូរលង់ជាមួយនឹងប្រទេសបារាំង ហើយក៏នៅតែជាប្រទេសសកម្មមួយ ដែលមានប្រជាជនប្រើប្រាស់ភាសាបារាំងជាច្រើន។
ទន្ទឹមគ្នានេះ, ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានលើកគូសបញ្ជាក់ថា នៅក្នុងដំណើរទស្សនកិច្ចផ្លូវការនាឱកាសនេះ ជាការជំរុញលើកកម្ពស់ទំនាក់ទំនងផ្នែកពាណិជ្ជកម្ម និងវិនិយោគ ក៏ជារបៀបវារៈសំខាន់មួយផងដែរនៃបេសកកម្ម បន្ថែមលើកិច្ចការនយោបាយ និងការទូត ដោយសង្ឃឹមថា ក្រុមហ៊ុន-សហគ្រាសធំៗរបស់បារាំងនឹងបន្តពង្រីកការវិនិយោគនៅកម្ពុជាបន្ថែមទៀត ហើយចំពោះវិនិយោគិនបារាំងថ្មី ក៏អាចនឹងចាប់ផ្តើមសិក្សាស្វែងយល់អំពីសក្តានុពលវិនិយោគនៅកម្ពុជា ផងដែរ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)