Register Already an agent ? Login

ក្រុមហ៊ុនឡូជីស្ទីកលំដាប់ពិភពលោក មានបំណងពង្រីកការវិនិយោគរបស់ខ្លួនបន្ថែម នៅកម្ពុជា

ភ្នំពេញ៖ ក្រុមហ៊ុន CMA CGM GROUP ក្រុមហ៊ុនឡូជីស្ទីកដែលមានការិយាល័យច្រើនជាង៤០០ និងកំពុងធ្វើប្រតិបត្តិការក្នុងប្រទេសចំនួនប្រមាណជាង១៦០ នៅទូទាំងពិភពលោក មានបំណងពង្រីកការវិនិយោគរបស់ខ្លួនបន្ថែម នៅកម្ពុជា។

លោក ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាភិវឌ្ឍន៍កម្ពុជា តំណាង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃ កម្ពុជា បានទទួលជួបលោក Rodolphe SaaDé ប្រធាននិងជានាយកប្រតិបត្តិក្រុមហ៊ុន CMA CGM GROUP ពិភាក្សាការងារ ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ចផ្លូវការនៅបារាំង នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤។

នៅក្នុងជំនួប លោក Rodolphe SaaDé បានជម្រាបជូនអំពីសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុន CMA CGM GROUP ជាក្រុមហ៊ុនឡូជីស្ទីកដែលមានការិយាល័យច្រើនជាង៤០០ និងកំពុងធ្វើប្រតិបត្តិការក្នុងប្រទេសចំនួនប្រមាណជាង១៦០ នៅទូទាំងពិភពលោក។ លោក បានបន្តថា ក្រុមហ៊ុន ក៏មានកប៉ាល់ សម្រាប់ដឹកជញ្ជូនប្រមាណ៦២៣ និងយន្តហោះដឹកទំនិញចំនួន៦ ផងដែរ។

សេវាកម្មសំខាន់ៗរបស់ក្រុមហ៊ុន រួមមាន៖ សេវាដឹកជញ្ជូនទំនិញទូទាំងពិភពលោក, សេវាឡូជីស្ទីក (end-to-end logistics),  សេវាតាមដានអំពីដំណើរការដឹកជញ្ជូន និងការរៀបចំទុកដាក់ទំនិញ, និងជំនាញពាក់ព័ន្ធនឹងកុងតឺន័រសម្រាប់ដឹកទំនិញគ្រប់ប្រភេទ។ ជាការបញ្ជាក់ឱ្យដឹង លោក Rodolphe SaaDé។

ជាមួយគ្នានេះ លោកប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន ក៏បានជម្រាបជូន អំពីគម្រោងនៃការពង្រីកការវិនិយោគរបស់ខ្លួនបន្ថែមទៀត នៅក្នុងប្រទេសកម្ពុជា។

ជាការឆ្លើយតប លោក ស៊ុន ចាន់ថុល បានសម្តែងនូវក្តីរីករាយ និងស្វាគមន៍ចំពោះបំណងរបស់ក្រុមហ៊ុនក្នុងការពង្រីកការវិនិយោគបន្ថែមនៅកម្ពុជា។

 អនុប្រធានទី១ ក្រុមប្រឹក្សាភិវឌ្ឍន៍កម្ពុជា បានលើកទឹកចិត្តឱ្យក្រុមហ៊ុនសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ ដោយបានគូសបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលនៅក្នុងការធានានូវបរិយាកាសវិនិយោគអំណោយផល និងការជួយសម្របសម្រួលដល់វិនិយោគិនទាំងអស់ឱ្យទទួលបានភាពកក់ក្តៅ និងទំនុកចិត្តខ្ពស់។

គូសបញ្ជាក់ថា ក្រុមហ៊ុន CMA CGM មានការិយាល័យច្រើនជាង ៤០០ ដែលកំពុងធ្វើប្រតិបត្តិការ ក្នុងប្រទេសចំនួនច្រើនជាង ១៦០ប្រទេសទូទាំងពិភពលោក។ ក្រុមហ៊ុន ក៏មានកប៉ាល់ សម្រាប់ដឹកជញ្ជូនច្រើនជាង ៦២៣កប៉ាល់ ដែលបានប្រើប្រាស់នៅកំពង់ផែពាណិជ្ជកម្ម ចំនួន ៤២០ក្នុងពិភពលោក។ លើសពីនេះ ក្រុមហ៊ុនក៏មានយន្តហោះ ដឹកទំនិញចំនួន ៦ រួមមាន៖ Airbus A330-200F ចំនួន ០៤ និង Boeing 777 ចំនួន២។

ទន្ទឹមនឹងនេះ ក្រុមហ៊ុនក៏បានបញ្ជាទិញនូវ Airbus A350F ចំនួន៤ បន្ថែមផងដែរ។ សេវាកម្មសំខាន់ៗរបស់ក្រុមហ៊ុន រួមមាន៖ សេវាដឹកជញ្ជូនទំនិញទូទាំងពិភពលោក, សេវាភស្តុភារកម្ម (end-to-end logistics), សេវាតាមដានពីដំណើរការដឹកជញ្ជូន និងការរៀបចំទុកដាក់ទំនិញ, មានជំនាញពាក់ព័ន្ធនឹងកុងតឺន័រសម្រាប់ដឹកទំនិញគ្រប់ប្រភេទ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)