Register Already an agent ? Login

ប្រភេទពន្ធមួយចំនួន ត្រូវបានលើកលែង អនុគ្រោះ ពន្យារពេល និងព្យួរការអនុវត្ត ក្នុងវិស័យអចលនទ្រព្យ

ភ្នំពេញ៖ យោងតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ ក្នុងគោលបំណងគិតគូរនិងសម្រួលបន្ថែម ដល់វិស័យអចលនទ្រព្យ សំដៅជំរុញកំណើនសេដ្ឋកិច្ច ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានជូនដំណឹងដល់សាធារណជននិងអ្នកជាប់ពន្ធស្តីពី ការបន្តគោលការណ៍លើកលែងពន្ធ ការអនុគ្រោះពន្ធ ការពន្យារ និងការព្យួរការអនុវត្ត លើប្រភេទពន្ធមួយចំនួនក្នុងវិស័យអចលនទ្រព្យ។

រួមមាន៖

១. ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ៖

បន្តការលើកលែងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់លំនៅឋានគ្រប់ប្រភេទ ដែលមានលក្ខណៈជាបុរី មានតម្លៃក្រោម ឬស្មើ ៧០ ០០០ដុល្លារ រហូតដល់ដំណាច់ឆ្នាំ២០២៤ និងអនុគ្រោះពន្ធប្រថាប់ត្រាបន្ថែមទៀតលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់ លំនៅឋានគ្រប់ប្រភេទ ដែលមានលក្ខណៈជាបុរីនិងមានតម្លៃលើស ៧០ ០០០ដុល្លារ ដោយអនុញ្ញាតឱ្យដកទំហំទឹកប្រាក់ ៧០ ០០០ដុល្លារ ចេញពីមូលដ្ឋានគិតពន្ធប្រថាប់ត្រា សម្រាប់ការទិញលំនៅឋានក្នុងគម្រោងអភិវឌ្ឍន៍លំនៅឋានជាបុរី ដែលមានអាជ្ញាបណ្ណអាជីវកម្ម អចលនវត្ថុ និងបានចុះបញ្ជីត្រឹមត្រូវ រហូតដល់ដំណាច់ឆ្នាំ២០២៤។

ដើម្បីទទួលបានការលើកលែង និងអនុគ្រោះពន្ធនេះ អ្នកជាប់ពន្ធត្រូវភ្ជាប់មកជាមួយនូវ កិច្ចសន្យាទិញ-លក់ជាក់ស្តែងរវាងក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋាន និងអ្នកទិញ (ច្បាប់ដើម) បន្ថែមលើសំណុំឯកសារស្នើសុំបង់ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ និងត្រូវបំពេញនូវលក្ខខណ្ឌ ដូចខាងក្រោម៖

- ការទទួលកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យដែលមានតម្លៃក្រោម ឬស្មើ ឬលើស ៧០ ០០០ (ប្រាំពីរម៉ឺន) ដុល្លារ តាមតម្លៃទីផ្សារ ជាក់ស្តែងដែលមានចែងក្នុងកិច្ចសន្យាទិញ-លក់ ចាប់ពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ ដល់ដំណាច់ឆ្នាំ២០២៤ និងមកធ្វើការប្រកាស បង់ពន្ធប្រថាប់ត្រានៅក្នុងអំឡុងពេលនេះ

- ការទទួលកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ (លំនៅឋានគ្រប់ប្រភេទ) ពីក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានដែលបានចុះបញ្ជីនៅក្រសួង សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (បច្ចុប្បន្ននិយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ) ឬនៅមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត និង

- ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានទាំងអស់ ត្រូវធ្វើកិច្ចសន្យាទិញ-លក់ឱ្យបានត្រឹមត្រូវដោយផ្អែកលើតម្លៃទីផ្សារជាក់ស្ដែង។ ក្នុងករណីចាំបាច់ អគ្គនាយកដ្ឋានពន្ធដារ អាចនឹងធ្វើការត្រួតពិនិត្យឡើងវិញ ចំពោះក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានដែលបានឆ្លៀតឱកាសបន្ថយតម្លៃទិញ-លក់ ខុសពីទីផ្សារជាក់ស្តែង ធ្វើឱ្យប៉ះពាល់ដល់ចំណូលពន្ធដារ។

២. ពន្ធលើចំណេញមូលធន៖

បន្តពន្យារពេលការអនុវត្តពន្ធលើចំណេញមូលធនរហូតដល់ដំណាច់ឆ្នាំ២០២៤ ចំពោះមូលធនទាំង ៦ប្រភេទ រួមមាន អចលនទ្រព្យ ភតិសន្យា ទ្រព្យវិនិយោគ កេរ្តិ៍ឈ្មោះអាជីវកម្ម កម្មសិទ្ធិបញ្ញា និងរូបិយបណ្ណបរទេស។

៣. ពន្ធលើអចលនទ្រព្យ៖

- លើកលែងការកំណត់ពន្ធឡើងវិញ ដែលមានប្រាក់ពន្ធ រួមទាំងទណ្ឌកម្មរដ្ឋបាល (ពន្ធបន្ថែម និងការប្រាក់) ចាប់ពីឆ្នាំដាក់ឱ្យអនុវត្តពន្ធ រហូតដល់ឆ្នាំ២០២៣ ចំពោះអចលនទ្រព្យដែលបានចុះបញ្ជី និងប្រកាសបង់ពន្ធលើអចលនទ្រព្យកន្លងមក ខុសតម្លៃដីឬសំណង់ ទំហំដី ឬសំណង់ ប្រភេទសំណង់ ឬ/និងអាយុកាលសំណង់។ ចាប់ពីឆ្នាំ២០២៤តទៅ អនុវត្តតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន

- ចំពោះអចលនទ្រព្យ (មានបណ្ណកម្មសិទ្ធិ ឬគ្មានបណ្ណកម្មសិទ្ធិ) ដែលពុំធ្លាប់បានចុះបញ្ជី និងប្រកាសបង់ពន្ធលើអចលនទ្រព្យកន្លងមកអនុញ្ញាតឱ្យចុះបញ្ជីនិងបង់ប្រាក់ពន្ធ ចាប់ពីឆ្នាំកាន់កាប់ ឬទទួលប្រយោជន៍ចុងក្រោយពន្យារការលើកលែងទណ្ឌកម្មរដ្ឋបាល (ពន្ធបន្ថែម និងការប្រាក់) ដែលបានផុតកំណត់ត្រឹមដំណាច់ឆ្នាំ២០២៣ រហូតដល់ដំណាច់ខែមិថុនា ឆ្នាំ២០២៤។

៤. ពន្ធលើដីធ្លីមិនបានប្រើប្រាស់៖

ពន្ធលើដីធ្លីមិនបានប្រើប្រាស់ត្រូវបានព្យួរការអនុវត្តរហូតដល់ដំណាច់ឆ្នាំ២០២៤ ក្នុងន័យនេះ កម្មសិទ្ធិករ ឬអ្នកកាន់កាប់ ឬអ្នកទទួលប្រយោជន៍ ចុងក្រោយ ពុំមានកាតព្វកិច្ចប្រកាសបង់ពន្ធរហូតដល់ដំណាច់ឆ្នាំ២០២៤។ សម្រាប់ការអនុវត្តចាប់ពីឆ្នាំ២០២៥ តទៅ ក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុនឹងចេញលិខិតបទដ្ឋានគតិយុត្តស្តីពីពន្ធលើដីធ្លីមិនបានប្រើប្រាស់ ដោយបន្ធូរបន្ថយនូវលក្ខខណ្ឌលើកលែងពន្ធនេះ ដូចខាងក្រោម៖

-ដីដែលជាកម្មវត្ថុនៃពន្ធលើដីធ្លីមិនបានប្រើប្រាស់សំដៅដល់ដីដែលនៅក្រៅតំបន់ជាប់ពន្ធលើអចលនទ្រព្យ

-ដីដែលជាកម្មវត្ថុនៃពន្ធលើដីធ្លីមិនបានប្រើប្រាស់ត្រូវបានអនុញ្ញាតឱ្យកាត់ចេញ ៥ហិកតា ក្នុងដីមួយកន្លែង

-ចំពោះដីដែលលើសពី ៥ហិកតា គឺអាចរួចពន្ធលើដីធ្លីមិនបានប្រើប្រាស់ ស្របតាមលក្ខខណ្ឌណាមួយដូចខាងក្រោម៖

• ដីកសិកម្មកំពុងបង្កបង្កើនផលដោយមានការបញ្ជាក់ពីគណៈកម្មការ ឬអនុគណៈកម្មការវាយតម្លៃដីសម្រាប់ពន្ធលើដីធ្លីមិនបានប្រើប្រាស់ សារពើពន្ធ

• ដីកំពុងបម្រើសកម្មភាពសេដ្ឋកិច្ចរបស់រូបវន្តបុគ្គល ឬនីតិបុគ្គល ដែលបានចុះបញ្ជីពន្ធដារនៅរដ្ឋបាល

• ដីមានសំណង់ ឬគ្មានសំណង់ស្ថិតក្រោមកិច្ចសន្យាជួល

• ដីដែលជាកម្មសិទ្ធិរបស់រាជរដ្ឋាភិបាល ឬស្ថាប័នរាជរដ្ឋាភិបាល

• ដីសម្បទានសេដ្ឋកិច្ចដែលជួលពីរដ្ឋ ដីធ្លីរបស់សហគមន៍

• ដីដែលជាកម្មសិទ្ធិរបស់រដ្ឋ ដែលបានជួលទៅឱ្យនីតិបុគ្គល ឬរូបវន្តបុគ្គលណាមួយ សម្រាប់ប្រើប្រាស់ជាសកម្មភាពសេដ្ឋកិច្ចផ្សេងៗ តាមកិច្ចសន្យា ឬកិច្ចព្រមព្រៀងរវាងភាគីទាំងពីរ

• ដីដែលស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ដែលបម្រើផ្ទាល់ដល់សកម្មភាពកសិកម្ម ឧស្សាហកម្ម និងសេវាកម្ម

• ដីដែលត្រូវបានចុះបញ្ជីជាទ្រព្យសម្បត្តិរបស់សហគ្រាសក្នុងវិស័យអប់រំ សិក្សាធិការ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រាប់គោលដៅ បម្រើការងារក្នុងវិស័យដូចបានរៀបរាប់ខាងដើម។ ក្នុងករណីដែលដីនេះត្រូវបានលក់ ឬមិនត្រូវបានប្រើប្រាស់ក្នុងគោលដៅខាងលើ ត្រូវបំពេញកាតព្វកិច្ចសារពើពន្ធតាមច្បាប់ជាធរមាន។

រាល់ការលើកលែង ការអនុគ្រោះ និងការព្យួរពន្ធខាងលើនេះ ពុំមានអនុភាពប្រតិសកម្មចំពោះប្រាក់ពន្ធ រួមទាំងទណ្ឌកម្មរដ្ឋបាល (ពន្ធបន្ថែម និងការប្រាក់) ដែលបានបង់រួចហើយនោះទេ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)