ភ្នំពេញ៖ អ្នកជាប់ពន្ធ អាចធ្វើការកែតម្រូវលិខិតប្រកាសពន្ធប្រចាំខែ ក្នុងប្រព័ន្ធ e-Filing ចំពោះទិន្នន័យដែលបានប្រកាសខុសនាពេលកន្លងមក។
កាន់តែងាយស្រួលជាងមុន ចំពោះអ្នកជាប់ពន្ធដែលបានប្រកាសពន្ធប្រចាំខែនាពេលកន្លងមក ខុសទិន្នន័យ ដោយការភាន់ច្រឡំ ឬភ្លាំងភ្លាត់ឬមានបំណងធ្វើបច្ចុប្បន្នភាពទិន្នន័យដែលបានប្រកាសរួច អាចស្នើសុំកែតម្រូវលិខិតប្រកាសពន្ធប្រចាំខែបានតាមប្រព័ន្ធគ្រប់គ្រងការប្រកាស ពន្ធអាជីវកម្មអនឡាញ (e-Filing) តាមជំហានដូចខាងក្រោម៖
ជំហានទី១៖ ចូលទៅ ប្រព័ន្ធគ្រប់គ្រងការប្រកាសពន្ធអាជីវកម្មអនឡាញ e-Filing" រួចជ្រើសរើសមុខងារ កែតម្រូវលិខិតប្រកាសពន្ធ បន្ទាប់មកជ្រើសរើសប្រភេទពន្ធដែលត្រូវកែតម្រូវ រួមមាន៖ -បញ្ជីកែតម្រូវទិនានុប្បវត្តិទិញ-លក់, -បញ្ជីកែតម្រូវពន្ធកាត់ទុក, បញ្ជីកែតម្រូវពន្ធលើប្រាក់បៀវត្ស និងពន្ធលើអត្ថប្រយោជន៍បន្ថែម។
ជំហានទី២៖ ជ្រើសរើស ទីស្នាក់ការកណ្តាល ឬសាខាសហគ្រាស (ករណីកែតម្រូវការប្រកាសពន្ធរបស់សាខា) បន្ទាប់មកជ្រើសរើស កាលបរិច្ឆេទ រួចចុចប៊ូតុង “កែតម្រូវប្រតិបត្តិការ” តាមតម្រូវការដូចខាងក្រោម៖
-ករណីបន្ថែមប្រតិបត្តិការថ្មី សូមជ្រើសរើសប៊ូតុង “បន្ថែមប្រតិបត្តិការ" បន្ទាប់មកបញ្ចូលប្រតិបត្តិការដែលខកខានមិនបាន ប្រកាសពន្ធ រួចចុចប៊ូតុង “រក្សាទុក"
-ករណីកែប្រែប្រតិបត្តិការ សូមជ្រើសរើសប៊ូតុង “កែប្រែប្រតិបត្តិការ” បន្ទាប់មកស្វែងរកប្រតិបត្តិការដែលត្រូវកែតម្រូវ រួច ចុចប៊ូតុង “កែប្រែ" បន្ទាប់មកបញ្ចូលទិន្នន័យកែតម្រូវ រួចចុចប៊ូតុង “រក្សាទុក" ករណ៏លុបប្រតិបត្តិការ៖ សូមជ្រើសរើសប៊ូតុង “លុបប្រតិបត្តិការ បន្ទាប់មកស្វែងរកប្រតិបត្តិការដែលត្រូវលុប រួចចុចប៊ូតុង “លុបប្រតិបត្តិការ” ដោយបញ្ចូលមូលហេតុ រួចចុចប៊ូតុង "យល់ព្រម"។
ជំហានទី៣៖ សូមចូលមុខងារ "បង្កើតពាក្យស្នើសុំកែតម្រូវ រួចជ្រើសរើស រូបមន្តក្នុងការគណនាអាករលើតម្លៃបន្ថែម និងកាលបរិច្ឆេទ រួច ចុចប៊ូតុង ស្វែងរក" បន្ទាប់មកពិនិត្យ និងផ្ទៀងផ្ទាត់លើលទ្ធផលកែតម្រូវ ករណីពិនិត្យឃើញថាត្រឹមត្រូវ សូមចុចធីក “ខ្ញុំបានពិនិត្យគ្រប់ចំណុច និងធានាថាព័ត៌មានទាំងអស់នៃការកែតម្រូវលិខិតប្រកាសពន្ធនេះ ពិតជាត្រឹមត្រូវប្រាកដមែន រួចចុចប៊ូតុង“រក្សាទុក និងដាក់ការស្នើសុំ នោះលោកអ្នកអាចបោះពុម្ពពាក្យស្នើសុំកែតម្រូវលិខិតប្រកាសពន្ធប្រចាំខែបាន។
ជំហានទី៤៖ ក្រោយពេលដាក់ពាក្យស្នើសុំកែតម្រូវរួចរាល់ លោកអ្នក ត្រូវបង់ប្រាក់ពន្ធតាមលទ្ធផលក្រោយការកែតម្រូវដូចខាងក្រោម៖
-ករណី មានទឹកប្រាក់ពន្ធត្រូវបង់បន្ថែម ឬមិនមានប្រែប្រួលដល់ប្រាក់ពន្ធ លោកអ្នកត្រូវប្រើប្រាស់លេខបារកូដដែលមាននៅ លើពាក្យស្នើសុំកែតម្រូវលិខិតប្រកាសពន្ធប្រចាំខែ ដើម្បីបង់ប្រាក់ពន្ធតាមរយៈប្រព័ន្ធគ្រប់គ្រងបង់ប្រាក់ពន្ធតាមអនឡាញ (e-Payment System) ឬនៅបញ្ជារធនាគារពាណិជ្ជដែលបានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយពុំចាំបាច់រង់ចាំការឆ្លើយតបពីអគ្គនាយកដ្ឋានពន្ធដារនោះទេ
-ករណី មានឥណទានត្រូវយោង លោកអ្នកត្រូវរង់ចាំការឆ្លើយតបពីអគ្គនាយកដ្ឋានពន្ធដារជាមុនសិន។ ករណីទទួលបានការអនុញ្ញាតឥណទាន ទើបលោកអ្នកអាចយកមកប្រើប្រាស់សម្រាប់យោងទៅខែបន្តបន្ទាប់បាន។
គួរបញ្ជាក់ផងដែរថាចំពោះអ្នកជាប់ពន្ធឬភ្នាក់ងារកាត់ទុកដែលស្នើសុំកែតម្រូវលិខិតប្រកាសពន្ធដោយស្ម័គ្រចិត្តនឹងទទួលបានការលើកលែង ទណ្ឌកម្មរដ្ឋបាល (ពន្ធបន្ថែម និងការប្រាក់) រហូតដល់ដំណាច់ខែមិថុនា ឆ្នាំ២០២៤៕
ដោយ៖ មឿន ឌីណា (Moeun Dyna)