Register Already an agent ? Login

ក្រុមហ៊ុនឈានមុខនៅសិង្ហបុរី គ្រោងពង្រីកវិនិយោគរបស់ខ្លួននៅកម្ពុជាលើបច្ចេកវិទ្យាឌីជីថល វិស័យថាមពលកកើតឡើងវិញ

ភ្នំពេញ៖ ក្រុមហ៊ុនឈានមុខសិង្ហបុរី Temasek Holdings បានមើលឃើញកម្ពុជាជាគោលដៅវិនិយោគដ៏សំខាន់នៅក្នុងតំបន់អាស៊ាន គ្រោងពង្រីកការវិនិយោគរបស់ខ្លួន លើបច្ចេកវិទ្យាឌីជីថល វិស័យថាមពលកកើតឡើងវិញ និងវិស័យសំខាន់ៗមួយចំនួនទៀត។ ជាបញ្ជាក់ លោក Lim Boon Heng ប្រធានក្រុមហ៊ុន Temasek Holdings។

ការបញ្ជាក់ លោក Lim Boon Heng ក្នុងជំនួបជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអនុញ្ញាតឱ្យ លោកនិងសការីចូលជួបសម្តែងការគួរសម ក្នុងឱកាសនៃការចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២៤ នៅទីក្រុងដាវ៉ូស សហព័ន្ធស្វីស នាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤។

ក្នុងឱកាសនៃជំនួប លោកប្រធានក្រុមហ៊ុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្ដេចធិបតី ដែលបានចំណាយពេលវេលាដ៏មមាញឹក អនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ និងបានសម្ដែងនូវការអបអរសាទរចំពោះ សម្តេចធិបតី ដែលត្រូវបានជ្រើសតាំងជា នាយករដ្ឋមន្ត្រីនៃកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា។

លោក Lim បានរំឭកអំពីជំនួបរវាងរូបលោក និងសម្តេចតេជោ ហ៊ុន សែន នាពេលកន្លងមក ក្នុងនោះ លោកបានសម្ដែងនូវការកោតសរសើរចំពោះគំរូវីរៈភាពដឹកនាំរបស់ សម្តេចតេជោ ផងដែរ។ លោក ប្រធានក្រុមហ៊ុន បានជម្រាបជូនសម្តេចធិបតីថា ក្រុមហ៊ុនមានមូលដ្ឋាននៅសិង្ហបុរី និងបាននិងកំពុងមានប្រតិបត្តិការអាជីវកម្មនៅតាមបណ្ដាប្រទេសជាច្រើននៅក្នុងតំបន់និងពិភពលោក ដោយផ្ដោតលើលើវិស័យហិរញ្ញវត្ថុ ដឹកជញ្ជូន ទូរគមនាគមន៍ បច្ចេកវិទ្យា និងការផ្សព្វផ្សាយ និង អចលនទ្រព្យ។

ក្រុមហ៊ុន មានគោលដៅពង្រីកអាជីវកម្មរបស់ខ្លួនបន្ថែមទៀតនៅក្នុងតំបន់អាស៊ាន ក្នុងនោះ កម្ពុជាក៏ជាគោលដៅអាទិភាព មួយដែរ។ ជាការគូសបញ្ជាក់ លោក Lim ដោយបានបង្ហាញអំពីបំណងក្នុងការពង្រីកការវិនិយោគរបស់ខ្លួននៅកម្ពុជាលើបច្ចេកវិទ្យាឌីជីថល វិស័យថាមពលកកើតឡើងវិញ និងវិស័យសំខាន់ៗមួយចំនួនទៀត។

នៅក្នុងជំនួប ជាការឆ្លើយតប សម្ដេចធិបតី បានស្វាគមន៍ចំពោះក្រុមហ៊ុន Temasek Holdings ដែលមានចំណាប់អារម្មណ៍និងបំណងក្នុងការវិនិយោគលើវិស័យ ដែលបានរៀបរាប់ខាងលើនៅកម្ពុជា។

សម្ដេចធិបតី បានគូសបញ្ជាក់ថា គោលនយោបាយរបស់រាជរាជរដ្ឋាភិបាល អាណត្តិទី៧ គឺយកចិត្តទុកដាក់ និងបង្កើតបរិស្ថានគាំទ្ររឹងមាំសម្រាប់ការវិនិយោគលើគ្រប់វិស័យប្រកបដោយចីរភាពនៅកម្ពុជា ហើយកម្ពុជាបានបើកចំហសម្រាប់វិនិយោគិនមកពីគ្រប់ប្រទេសទាំងអស់។

លើសពីនេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវក្របខ័ណ្ឌច្បាប់ បទដ្ឋានគតិយុត្ត និងយន្តការថ្មីៗ ដើម្បីលើកកម្ពស់ គាំពារ និងលើកទឹកចិត្តដល់វិនិយោគិនបរទេស។ ជាការបន្ថែម សម្ដចនាយករដ្ឋមន្រ្តី បានបញ្ជាក់ពីការវិនិយោគលើការបង្កើតតំបន់សេដ្ឋកិច្ចពិសេស និងសួនឧស្សាហកម្មដោយផ្ដោតលើឧស្សហកម្មជាក់លាក់ ឬភាពជាក់ស្ដែងនៃប្រទេសនីមួយៗ។

គូសបញ្ជាក់ថា ក្រុមហ៊ុន Temasek Holdings ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៧៤ មានមូលដ្ឋានក្នុងប្រទេសសិង្ហបុរី។ បច្ចុប្បន្ន ក្រុមហ៊ុនបានវិនិយោគលើវិស័យសំខាន់ៗដូចជា៖ វិស័យដឹកជញ្ជូន និងឧស្សាហកម្ម, វិស័យហិរញ្ញវត្ថុ, វិស័យទូរគមនាគមន៍ ព័ត៌មាននិងបច្ចេកវិទ្យា, វិស័យអចលនទ្រព្យ និងផលិតផលកសិកម្ម៕

ដោយ៖ មឿន ឌីណា (Moeun Dyna)